ព័ត៍មានទាន់​ហេតុការណ៏
Search

កងកម្លាំងប្រដាប់អាវុធ​ទូទាំង​ខេត្ត​ប៉ៃលិន ត្រៀមខ្លួន​រួចជាស្រេច ក្នុង​ការ​ទប់ស្កាត់​និង​បង្ក្រាប​ក្រុម​ជន​ក្បត់ជាតិ

ប៉ៃលិន​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​ថ្លែង​ថា ក្នុងនាម​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ដឹកនាំ​កម្លាំង​ប្រដាប់អាវុធ​ទាំងបី​ប្រភេទ ក្នុង​ការ​ទប់ស្កាត់ ​និង​បង្ក្រាប​ក្រុម​ជន​ក្បត់ជាតិ ដែល​ចង់​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា។

ការ​ថ្លែង​បែបនេះ​ នៅក្នុង​ពិធី​ហ្វឹកហ្វឺន​កងកម្លាំង​សមត្ថកិច្ច​ទាំងបី​ប្រភេទ​រួមមាន កង​នគរបាល កងរាជអាវុធហត្ថ និង​ទាហាន សរុប​៥៥០​នាក់ នៅក្នុង​បរិវេណ​សាលាខេត្ត​ប៉ៃលិន ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ផង​ដែរ។

លោក ផាន់ ចាន់​ធុល ក្នុងនាម​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា ​៖ បងប្អូន​កងកម្លាំង​ទាំងអស់​ពិតជា​មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ក្នុងការ​ការពារ​បូរណភាព​ទឹកដី និង​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ ជូន​ប្រទេសជាតិ និង​ប្រជាជន​ដែល​កំពុង​រស់នៅ​ក្នុង​ដំបូល​សុខ​សន្តិភាព​ក្រោម ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​តាម​លទ្ធិប្រជាធិបតេយ្យ ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ។

លោក​អភិបាល​បន្តថា ​៖ យើង​បាន​ត្រៀម​ខ្លួន​រួចជាស្រេច ដើម្បី​ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​ឱ្យ​បាន​នូវ​ក្រុម​ជន​ក្បត់ជាតិ ដោយមាន​ទណ្ឌិត សម រង្ស៊ី ជា​មេខ្លោង ដែល​កំពុង​បង្កចលាចល ប៉ុនប៉ង​ប្រឆាំង និង​ផ្តួលរំលំ​រាជរដ្ឋាភិបាល ស្របច្បាប់ ដែល​ប្រសូត​ចេញពី​ការបោះឆ្នោត ហើយក៏​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ មិនឱ្យ​នរណា​មក​ជាន់ឈ្លី និង​ប្រមាថ​បាន​នោះឡើយ។

លោក​ក៏បាន​បញ្ជាក់ដែរថា ​៖ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ក្រុង​/​ស្រុក កងកម្លាំងប្រដាប់អាវុធ និង​ប្រជាជន​ទូទាំង​ខេត្ត គឺ​នៅ​ស្វាគមន៍ ដោយ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ និង​រៀបចំ​បន្ទប់​ពន្ធនាគារ​រង់ចាំ​ទទួល​ស្វាគមន៍ បើ​សិន​ជន​ក្បត់ជាតិ ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក ហ៊ាន​ឈាន​ជើង​ជាន់​ចូល​ទឹកដី​ខេត្ត​ប៉ៃលិន​ផងដែរ។

សូមបញ្ជាក់ថា ​៖ នៅក្នុង​ពិធី​នេះ ​កងកម្លាំង​ទាំងបី​ប្រភេទ ក៏​បានរៀបចំ​ហែ​​ក្បូន​ហ្វឹកហ្វឺន ចេញពី​សាលាខេត្ត​ប៉ៃលិន ឆ្ពោះ​ទៅកាន់​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​ ដោយមាន​ការ​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​ពី​បងប្អូន​ប្រជាពលរដ្ឋ តាម​ដងផ្លូវ ព្រមទាំង​បញ្ជាក់​ពី​ការ​រួម​សាមគ្គីភាព​គ្នា​ពី​ទឹកចិត្ត​ស្រលាញ់​សន្តិភាព​ផងដែរ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114