BREAKING NEWS
Search

កងកម្លាំងរក្សាសន្តិភាពកម្ពុជា១៨៤នាក់វិលត្រឡប់មកដល់ប្រទេសកម្ពុជាដោយសុវត្ថិភាព

ភ្នំពេញ ៖ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ១៨៤នាក់ គឺជាកងកម្លាំងវិស្វកម្មលេខ៦៩៣ ដែលបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅប្រទេសលីបង់ បានធ្វើការវិលត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាកម្ពុជាដោយសវុត្ថិភាព ។ ពិធីទទួលកងកម្លាំងរក្សាសន្តិភាពកម្ពុជាប្រមាណ ១៨៤នាក់នេះ បានធ្វើឡើង នៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយមានការចូលរួមពីសំណាក់លោកស្រី Poline Tamesis អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួងការជាតិ និងនាយទាហាន នាយទាហានរង ពលទាហានយ៉ាងច្រើនរូបផងដែរ ។
លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក នៃមជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ បានឲ្យដឹងថា នៅឆ្នាំ២០២០នេះ គឺជាឆ្នាំទី១៤ កម្ពុជា បន្តទទួលបានស្នាដៃធំធេងជាបន្តបន្ទាប់មួយចំនួន ដូចជា ការដោះមីន ការកម្ទេចគ្រាប់មិនទាន់ផ្ទុះ ការស្ថាបនាសំណង់ផ្ដេក-សំណង់ បញ្ឈរ ការជីកអណ្តូងទឹកស្អាត ដោយកម្ពុជាបន្តដើរតួនាទីយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងតំបន់បេសកកម្ម ដែលមានហានិភ័យខ្ពស់។
លោកនាយឧត្តមសេនីយ៍រូបនេះបានបន្តថា តាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិ កាលពីខែកញ្ញា ឆ្នាំ២០១៩ កម្ពុជាទទួលបានលំដាប់លេខ ២៨ និងស្ត្រីលេខ ២០ ក្នុងចំណោម ១២០ ប្រទេស ដែលបរិច្ចាគកម្លាំងចូលរួមបេសកកម្ម និងលំដាប់ថ្នាក់លេខ ២ ក្នុងបណ្តាសហគមន៍ អាស៊ាន ដែលបានបញ្ជូនយុទ្ធនារីទៅកាន់តំបន់បេសកកម្ម ។ គិតរហូតមកទល់ពេលនេះ កម្ពុជាបានបញ្ជូនកម្លាំងមួកខៀវសរុបជាង ៦ពាន់នាក់ ( នារី ៣៦២នាក់ ) ទៅកាន់បេសកកម្ម ចំនួន ១១ ក្នុងប្រទេសចំនួន ៩ នៅទ្វីបអាហ្វ្រិក និងមជ្ឈិមបូព៌ា លើជំនាញបោសសំអាតមីន វិស្វកម្មសំណង់ ផ្ដេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យ កំរិត២ វិស្វកម្មព្រលានយន្តហោះ កម្ទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា ៕
អត្ថបទ៖ រ៉ាវុទ្ធ