BREAKING NEWS
Search

កងកម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​​១០៥​នាក់ ចុះ​ជួយ​ច្រូត​ស្រូវ​ពលរដ្ឋ​ភូមិ​ទ័ព​ត្បែង​បាន​ជិត​២​ហិកតា​

កំពង់ឆ្នាំង ​៖​ អនុវត្តន៍​តាម​ទិស​ស្លោក​កងទ័ព​ជា​កូនចៅ​ប្រជាជន និង​ដោយ​មើលឃើញ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ជួប​ការលំបាក​ខ្វះខាត​កម្លាំង​ក្នុងការ​ប្រមូល​ផល​ស្រូវវស្សា ដែល​ខ្លះ​កំពុង​ទុំ​ក្នុង​ទឹក​ផង​នោះ កងកម្លាំង​នាយទាហាន នាយទាហានរង និង​ពលទាហាន ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ធន ធឿន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៦ បាន​សហការ​ចុះជួយ​ច្រូតកាត់​ស្រូវ​ជូន​ប្រជាពលរដ្ឋ ក្នុង​ភូមិ​ទ័ព​ត្បែង ឃុំ​ពង្រ ស្រុក​រលាប្អៀរ បាន​ចំនួន​ជិត​២​ហិកតា​។​
​ ​
លោក​ឧត្ដមសេនីយ៍​ត្រី ធន ធឿន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង ជា​អ្នក​ដឹក​នៃ​កង​ទ័ព​ជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ​បានឲ្យ​ដឹងថា ដោយ​ទទួល​បទបញ្ជា​ពី​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត កំពង់​ឆ្នាំង ថ្ងៃនេះ​កងកម្លាំង តំបន់​ប្រតិបត្តិការ​សក​រង​កំពង់​ឆ្នាំង​ចំនួន១០៥​នាក់ បាន​សហការ​គ្នា​ចុះ​ជួយ​ច្រូត​ស្រូវ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក​ខ្វះខាត​កម្លាំង​ពលកម្ម​ចំនួន​៧​គ្រួសារ ក្នុង​ភូមិ​ទ័ព​ត្បែង ឃុំ​ពង្រ ស្រុក​រលាប្អៀរ​។

លទ្ធផល ​គឺ​ជួយ​ច្រូត និង​ជញ្ជូន​ស្រូវ​ចេញពី​ក្នុង​ស្រែ​មាន​ទឹក​ដាក់​លើ​ទីទួល​សុវត្ថិភាព​បាន​ចំនួន ១,៨០​ហិកតា និង​ជួយ​ដឹក​កណ្តាប់​ស្រូវ ដាក់​ដល់​ទីលាន​ចំនួន​៤​គោយន្ត​ផងដែរ។​
​ ​
លោក​ឧត្ដមសេនីយ៍​ត្រី ធន ធឿន បានបញ្ជាក់​ទៀតថា កងទ័ព​គឺជា​កូន​ប្រជាជន​ធ្វើ​អ្វីៗ​ទាំងអស់​ដើម្បី​ប្រជាជន និង​ដោយសារ​ប្រជាជន ដែល​នេះ​ គឺជា​ទិស​ស្លោក​របស់​កងទ័ព​យើង។

កាល​នៅក្នុង​សង្គ្រាម​ឆ្នាំ​១៩៧០ កងទ័ព​អាវ​ខ្មៅ​ប៉ុលពត បាន​ចាត់ទុក​ប្រជាជន​ជា​២​ប្រភេទ គឺ​ប្រជា​ជន​ចាស់ និង​ប្រជាជន​ថ្មី​១៧​មេសា។

ក្នុងនោះ​ប្រជាជន​១៧​មេសា ​ត្រូវបាន​របប​ប៉ុលពត ជាត់​ជា​ខ្មាំង ហើយ​ត្រូវ​ពួកគេ​កាប់សម្លាប់​យ៉ាង​សាហាវ​ព្រៃផ្សៃ​អស់​ជាង​៣​លាន​នាក់។

ក្រោយមក ​នៅ​ឆ្នាំ​១៩៧៨ ​កងទ័ព​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ប្រសូត​ចេញពី​ប្រជាជន ដោយសារ​ប្រជាជន​គាំទ្រ និង​ដើម្បី​ប្រជាជន ដែល​ដឹកនាំ​ដោយ​សម្ដេច​ទាំង​៣ ក៏បាន​វាយ​រំលំ​បន​ក្បត់ជាតិ​ប៉ុល​ពត មានជ័យ​ជម្នះ​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១០៧១៩ និង​ដោយសារ​ថ្ងៃ​៧​មករា ​ទើប​មាន​អ្វីៗ​ទាំងអស់​នៅ​ក្នុង​ថ្ងៃនេះ​។​

ដោយឡែក ​ប្រជាពលរដ្ឋ​ទាំង​៧​គ្រួសារ​នៅក្នុង​ភូមិ​ទ័ព​ត្បែង ក៏បាន​សប្បាយរីករាយ​យ៉ាង​ខ្លាំង និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​កងកម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង និង​លោក​មេបញ្ជាការ ពិសេស​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ដែល​បាន​គិតគូរ​ដល់​ពួកគាត់ ដែល​កំពុង​ជួប​ការ​លំបាក​ក្នុងការ​ប្រមូល​ផល​ស្រូវ​រដូវវស្សា​នេះ៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114