កម្ពុជាប្រកាសបន្ដការប្ដេជ្ញាគាំទ្រសកម្មភាពមនុស្សធម៌ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ក្រោយមានមន្រ្តីខ្មែរ ស្លាប់ដោយសារកូវីដ១៩ នៅសាធារណរដ្ឋម៉ាលី
BREAKING NEWS
Search

កម្ពុជាប្រកាសបន្ដការប្ដេជ្ញាគាំទ្រសកម្មភាពមនុស្សធម៌ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ក្រោយមានមន្រ្តីខ្មែរ ស្លាប់ដោយសារកូវីដ១៩ នៅសាធារណរដ្ឋម៉ាលី

ប្រទេសកម្ពុជាបានប្រកាសបន្ដកិច្ចគាំទ្រសកម្មភាពមនុស្សធម៌ ករោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីការកសាង និងរក្សាសន្ដិភាពនៅក្នុងពិភពលោក។ ការប្រកាសនេះ ធ្វើឡើងតាមរយៈលិខិតមួយរបស់ សម្ដេចតេជោ ហ៊ុន សែន ចុះកាលបរិច្ឆេតថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២០ ដែលបានសរសេរឆ្លើយឆ្លង រវាងសម្ដេចតេជោ ហ៊ុន សែន និង ឯកឧត្តម អាន់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។

នៅក្នុងខ្លឹមសារ បានសរសេរថា «ខ្ញុំបានទទួលហើយ នូវលិខិតរំលែកទុក្ខរស់ឯកឧត្តម ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ អំពីការបាត់បង់ដ៏សោកសង្រេងរបស់នាយទាហានជាន់ខ្ពស់ ស សាវី កម្លាំងគាំទ្រថ្នាក់ជាតិកម្ពុជា ក្នុងបេសកកម្មរក្សាស្វេរភាពចម្រុះ នៅសាធារណរដ្ឋម៉ាលី ដោយសារជំងឺកូវីដ១៩។ សេចក្ដីក្លាហាន និងពលីកម្មដ៏ថ្លៃថ្លារបស់នាយទាហានរូបនេះ នឹងត្រូវបានចងចាំជាមួយការគោរពបំផុត និងការទទួលស្គាល់ទាំងជាតិ និងអន្ដរជាតិ។

ខ្លឹមសារលិខិតឆ្លើយឆ្លងបានបន្ដទៀតថា ទន្ទឹមនឹងការត្រៀមខ្លួនជាស្រេចធ្វើការយ៉ាងជិតស្និទ្ធិជាមួយអង្គការសហប្រជាជាតិ ដើម្បីចាត់វិធានការក្នុងការឆ្លើយតបនឹងការរីករាតត្បាត នៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាសម្ដែងសារជាថ្មីនូវារប្ដេជ្ញារបសខ្លួន ក្នុងការបន្ដសកម្មភាពមនុស្សធម៌ ព្រមទាំងការកសាង និងការរក្សាសន្ដិភាពនៅក្នុងពិភពលោក។

លោកឧត្តមសេនីយ៍ទោ ស សាវី

គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ស សាវី ដែលទៅបំពេញ បេសកកម្មមនុស្សធម៌ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ បានស្លាប់ដោយសារ ជំងឺដ៏កាចសាហាវកូវីដ១៩ កាលពីថ្ងៃទី២៩ ឧសភា ២០២០៕