កម្ពុជា​ត្រៀម​បញ្ជូន​ពលករ​ខ្មែរ​ ប្រមាណ​១​ម៉ឺន​៦​ពាន់​នាក់ ​ទៅ​ធ្វើ​ការ​នៅ​ថៃ​និង​ជប៉ុន​នា​ពេល​ខាងមុខនេះ

ភ្នំពេញ ៖​ កម្ពុជា​បាន​ត្រៀម​ឯកសារ​ពាក់ព័ន្ធ​នានា​រួចរាល់​ហើយ ​សម្រាប់​ប​ញ្ជូន​ពលករ​ខ្មែរ​ប្រមាណ​១​ម៉ឺន​៦​ពាន់​នាក់ ​ទៅ​ធ្វើ​ការ​នៅ​ថៃ​និង​ជប៉ុន​នា​ពេល​ខាងមុខនេះ ​នៅពេល​ប្រទេស​ទាំងនោះ​មាន​ស្ថានភាព​ជំងឺ​កូ​វីដ​បាន​ធូរស្រាល​ឡើងវិញ​។

លោក អន ប៊ុន​ហាក់ ប្រធាន​សមាគម​ទីភ្នាក់ងារ​ហត្ថពល​កម្ម​កម្ពុជា​ បាន​ឲ្យ​ដឹង​ កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែឧសភា​ ឆ្នាំ​២០២០​ថា «​យើង​បាន​ត្រៀម​ទិដ្ឋាការ​និង​ប័ណ្ណធានា​រ៉ាប់រង​សុខភាព​រួចរាល់​ហើយ​សម្រាប់​ប​ញ្ជូន​ពលករ​ខ្មែរ​ប្រមាណ​១​ម៉ឺន​នាក់​ ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​និង​៦​ពាន់​នាក់​ទៀត ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​នៅ​ដើមខែ​មិថុនា​ ឆ្នាំ​២០២០​ខាងមុខនេះ​ នៅពេល​ប្រទេស​ទាំងនោះ​ដក​បម្រាម​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ឡើងវិញ​»​។

លោក​បាន​បន្ត​ថា ​«​បើ​ប្រទេស​ជប៉ុន​និង​ប្រទេស​ថៃ​ក្នុង​បំណាច់​ខែ​នេះ​ មាន​បើក​ឲ្យ​ចូល​វិញ​នោះ​នៅ​សប្តាហ៍​ទី​១​យើង​នឹង​ប​ញ្ជូន​ពលករ​ទៅ​ភ្លាម​ ព្រោះ​យើង​មានបាន​រៀបចំ​ទិដ្ឋាការ ប័ណ្ណធានា​រ៉ាប់រង​សុខភាព​ហើយ​ពលករ​ទាំងនោះ​និយោជក​ថៃ​និង​ជប៉ុន​ទទួលយក​រួចរាល់​អស់​ហើយ​រង់​ចាំ​តែ​បញ្ជូន​ទៅ​តែប៉ុណ្ណោះ​អីចឹង​កូនសោ​គឺ​នៅ​ប្រទេស​ទទួល​ទាំង​នោះទេ »​។

ជា​មួយ​គ្នា​នេះ​ដែរ យើង​ក៏បាន​ធ្វើការ​ទំនាក់ទំនង​ជាប្រចាំ​ជាមួយ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​ស្ថាន​ទួត​ប្រទេស​ទទួល​ពលករ​នៅ​ទីក្រុង​ភ្នំពេញ ​ព្រមទាំង​ទីភ្នាក់ងារ​នៃ​បណ្តា​ប្រទេស​នីមួយៗ​ពី​វឌ្ឍនភាព​និង​វិធានការ​ថ្មីៗ​នា​នា​។

បើតាម​លោក អន ប៊ុន​ហាក់​ តាម​ផែនការ​នៅ​ឆ្នាំ​២០២០​នេះ​ កម្ពុជា​គ្រោង​នឹង​ប​ញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ប្រមាណ​២០​ម៉ឺន​នាក់​ក្នុង​នោះ​រួមមាន​ប្រទេស​ថៃ ជប៉ុន សឹង្ហ​បុរី ហុងកុង​និង​ម៉ាឡេស៊ី​ប៉ុន្តែ រហូតមកដល់​ពេលនេះ​ប​ញ្ជូន​បានត្រឹមតែ​៥​ម៉ឺន​នាក់​ប៉ុណ្ណោះ​ ដោយសារ​ប្រទេស​ទាំងនោះ​មាន​បញ្ហា​ជំងឺ​កូ​វីដ​១៩។

លោក​បាន​បញ្ជាក់​ថា ​មានតែ​ពីរ​ប្រទេស​ប៉ុណ្ណោះ​ដែល​យើង​បាន​ត្រៀម​ឯកសារ​ពាក់ព័ន្ធ​សម្រាប់​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅពេល​ប្រទេស​ទាំង​នោះបាន​បើក​ប្រទេស​។ ប៉ុន្តែ​សម្រាប់​ប្រទេស​ផ្សេងៗ​ទៀត​ដូចជា​ហុងកុង​និង​សាំង​ហ្គា​ពួរ​នៅ​មិនទាន់​អា​ចប​ញ្ជូន​ពលករ​ទៅ​បានទេ​ដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​ធ្ងន់ធ្ងរ​នៅឡើយ​ពិសេស​ប្រទេស​សាំង​ហ្គា​ពួរ​មានការ​ឆ្លង​ទៅលើ​ពលករ​បរទេស​ដែល​កំពុងធ្វើការ​នៅ​ទៅនោះ​ផងដែរ។

​លោក អន ប៊ុន​ហាក់​បាន​បន្ថែម​ទៀត​ថា កម្ពុជា​បាន​ផ្អាក​កា​រប​ញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅក្រៅ​ប្រទេស​ជា​បណ្តោះអាសន្ន​ តាំងពី​ខែមេសា​ ឆ្នាំ​២០២០ ​ដោយសារ​ប្រទេស​ទាំងនោះ​កំពុង​តែមាន​បញ្ហា​ទៅនឹង​ជំងឺ​កូ​វីដ​១៩​។

គួរ​បញ្ជាក់​ថា ​បច្ចុប្បន្ន​កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅធ្វើ​ការងារ​នៅក្រៅ​ប្រទេស​ប្រមាណ​១​លាន​២​សែន​នាក់​ នៅ​តាម​បណ្តា​ប្រទេស​មួយចំនួន​ដូចជា​ថៃ ជប៉ុន សឹង្ហ​បុរី ហុងកុង កូរ៉េខាងត្បូង​និង​ម៉ាឡេស៊ី​ដោយបាន​ផ្ញើ​ថវិកា​មក​កម្ពុជា​ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​ក្រុម​គ្រួសារ​វិញ​ប្រមាណ​ជាង​២​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ​៕
សំអឿន

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114