ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​បង្កើត​សេវាកម្ម​ថែទាំ​សុខភាព​ចល័ត​ដើម្បី​ថែទាំ​អ្នកជំងឺ​នៅតាម​ផ្ទះ​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រ ជា​ពលរដ្ឋ

ភ្នំពេញ​ ៖​ កម្ពុជា​បាន​បង្កើត​សេវាកម្ម​ថែទាំ​សុខភាព​ចល័ត​ដើម្បី​ថែទាំ​អ្នកជំងឺ​នៅ​តាម​ផ្ទះ​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ខណៈ​ចំនួន​មនុស្ស​ចាស់​នៅ​កម្ពុជា​មានការ​កើន​ឡើង​។

​លោក ប៉ិច សុភា ប្រធាន​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​ថែទាំ​សុខភាព​ចល័ត ហៅ​កាត់​ថា​(​ម៉ាច់​)​ដែល បាន​បង្កើត​ឡើង​ជាង​៣​ឆ្នាំ​មក​ហើយ​និង​ទទួល​បាន​គាំទ្រ​ពី​អតិថិជន​ជាច្រើន​ទាំង​ជនជាតិ​ខ្មែរ​និង​បរទេស​នោះ​បាន​មានប្រសាសន៍ថា​ សេវាកម្ម​ថែទាំ​សុខភាព​ចល័ត​នេះ​គឺ​តម្រូវ​ឲ្យ​គិលានុបដ្ឋាក​ត្រូវ​ផ្តល់​សេវា​ថែទាំ​ទៅលើ​ជន​ចាស់ជរា អ្នកជំងឺ​រ៉ាំរ៉ៃ ថែទាំ​សម្រន់​បំបាត់​ការឈឺចាប់ ថែទាំ​អ្នកជំងឺ​ដែល​សម្រាក​នៅ​មន្ទីរពេទ្យ ថែទាំ​ក្រោយ​ចេញពី​មន្ទីរពេទ្យ ថែទាំ​មាតុភាព​ដល់​ផ្ទះ ពិគ្រោះ​ព្យាបាល​ជំងឺ​ដល់ផ្ទះ ស្តារ​លទ្ធភាព​ពលកម្ម កាយសម្បទា​និង​ព្យាបាល​ដោយ​ចលនា​ជាដើម​។

ថ្លែង​នៅ​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​ស្តីពី​បណ្តុះបណ្តាល​បន្ត​ជំនាញ​គិលានុបដ្ឋាក​រវាង​ក្រុមហ៊ុន​ថែ ទាំ​សុខភាព​ចល័ត​និង​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​កាលពី​ល្ងាច​ថ្ងៃទី​៦​វិច្ឆិកា​កន្លងទៅនេះ លោក ប៉ិច សុភា​បាន​បន្តថា​ ការ​បង្កើត​សេវាកម្ម​ថែទាំ​សុខភាព​ចល័ត​នេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​រីកចម្រើន​របស់​ប្រទេស​ជាតិ​ពិសេស​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​មានការ​មមាញឹក​នឹង​ការងារ​ប្រចាំថ្ងៃ​ដែល​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​មើល​ថែ​ទាំ​ឪពុកម្តាយ​ ឬ​ កូនចៅ​ដែល​មាន​ជំងឺ​សម្រាក​នៅ​មន្ទីរពេទ្យ​ឬ​នៅផ្ទះ​។

លោក ប៉ិច សុភា បាន​បន្ត​ទៀត​ថា ​បច្ចុប្បន្ន​និស្សិត​ដែល​រៀន​ជំនាញ​គិលានុបដ្ឋាក​នៅ​កម្ពុជា​នៅ​មាន​ចំនួន​តិច​តូច​នៅឡើយ ​ខណៈ​តម្រូវការ​នៃ​វិជ្ជាជីវៈ​នេះ​មាន​ច្រើន​ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ចាំបាច់​សហការ​ជាមួយ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​បង្កើត​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​គិលានុបដ្ឋាក​នេះ​ដើម្បី​បំផុស​ឲ្យ​និ​ស្សិត​ស្រឡាញ់​និង​ចាប់អារម្មណ៍​ចូលរៀន​ជំនាញ​នេះ​ឲ្យ​បាន​កាន់តែច្រើន​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​។

លោក​បាន​បញ្ជាក់ទៀតថា «​យើង​ជា​ក្រុមហ៊ុន​ឯកជន យើង​ធ្វើទៅ គឺមាន​ការគាំទ្រ​ពី​អតិថិជន​។ អតិថិជន​ហ្នឹង លំដាប់​ខ្ពស់ មាន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ ពេល​យើង​ផ្តល់​សេវា គឺ​គុណភាព​របស់​យើង​ត្រូវបានគេទទួលស្គាល់​។ ដូច្នេះ យើង​បាន​ជជែក​ជាមួយ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​យក​បទពិសោធន៍​នៃ​ការអនុវត្តន៍​ល្អៗ​ហ្នឹង បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា ដើម្បី​ឲ្យ​ការអប់រំ​របស់​យើង ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​»​។

លោក​បាន​បន្ថែមថា​ការបណ្តុះបណ្តាល​ជំនាញ​គិលានុបដ្ឋាន​នេះ​គឺ​ធ្វើ​តែ​នៅ​ចុង​សប្តាហ៍​ប៉ុណ្ណោះ​ដែលមាន​រយៈ​ពេល​៦​ខែ​ក្នុង​មួយ​វគ្គៗ​ដើម្បី​ឲ្យ​និស្សិត​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការផ្តល់​ថែទាំ​ដល់​អ្នកជំងឺ​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ប្រកបដោយ​វិជ្ជាជីវៈ​និង​សីលធម៌​ខ្ពស់​។

លោក អ៊ុន សាន ប្រធាន​គណៈ​គិលានុបដ្ឋាក​កម្ពុជា​បាន​មានប្រសាសន៍ថា​ ការចូលរួម​បណ្តុះបណ្តាល​ពី​ក្រុម​ហ៊ុន​ថែទាំ​ចល័ត​ដល់​និស្សិត​នេះ​នឹង​ជួយ​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ​លើ​ការថែទាំ​អ្នកជំងឺ​ឲ្យ​កាន់​តែមាន​សមត្ថភាព​ខ្ពស់​ថែមទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​សុខភាព​ចម្បង​ៗ​ដែល​កំពុង​ប្រឈម​ដូចជា កំណើន​នៃ​ជំងឺ​មិនឆ្លង ការបង្ក​រោគ ជំងឺ​មនុស្ស​ចាស់ជរា និង​ជាពិសេស​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​គិលានុបដ្ឋាក​នៅ​ពេល​បច្ចុប្បន្ន ក៏ដូចជា​ពេលអនាគត នៅ​ក្នុង​ប្រទេស តំបន់ និង​ទូទាំង​ពិភពលោក​។

លោក អ៊ុន សាន បាន​បន្ត​ទៀត​ថា ​គិលានុបដ្ឋាក គឺជា​កម្លាំង​ពលកម្ម​ធំ​ជាង​គេ ដែលមាន​ចំនួន ៦០%​ភាគរយ​នៅ​ក្នុង​ប្រព័ន្ធ​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា​ទាំងមូល​។ គិលានុបដ្ឋាក​ក៏​ជា​កម្លាំង​ចលករ​របស់​ក្រសួងសុខាភិបាល​ដែល​ជា​អ្នក​ជំរុញ​ឲ្យ​មាន​ប្រសិទ្ធភាព ប្រសិទ្ធ​ផល ក្នុង​ការ​ផ្តល់សេវា​ថែទាំ​ប្រកបដោយ​គុណភាព និង​លើកកម្ពស់​សុខភាព​អ្នកជំងឺ និង​ប្រជាពលរដ្ឋ​។

លោក​បន្ត​ឲ្យ​ដឹង​ទៀត​ថា ប្រព័ន្ធ​សុខាភិបាល​ពិភពលោក​មិនអាច​ទទួលជោគជ័យ​បានឡើយ បើ​គ្មាន​គិលានុបដ្ឋាក និង​បើ​គ្មាន​ការចូលរួម​យ៉ាងសកម្ម​របស់​ពួកគេ​ក្នុង​គ្រប់​កម្រិត​នៃ​ប្រព័ន្ធ​សុខាភិបាល​។ គិលានុបដ្ឋាក​គឺជា​អ្នក​ដែល​បាន​នៅ​ជាប់​ជាមួយ​អតិថិជន​ក្នុង​គ្រប់​កម្រិត​នៃ គ្រឹះស្ថាន​ថែទាំ​សុខភាព គ្រប់​ស្រទាប់សង្គម​។ គិលានុបដ្ឋាក​ពិតជា​អ្នក​ដែល​ធ្វើ​ឲ្យ​ការកាត់បន្ថយ​តម្លៃ​សេវា និង​លើកកម្ពស់​គុណភាព នៃ​ការថែទាំ​យ៉ាង​ពិត​ប្រាកដ​។

​លោក អ៊ុន សាន បាន​ជំរុញ​ឲ្យ​និស្សិត​ចូលរៀន​និស្សិត​ឲ្យ​បាន​ច្រើន​ថែមទៀត​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ថែទាំ​ដល់​អ្នកជំងឺ​គ្រប់​ស្រទាប់​ខណៈ​បច្ចុប្បន្ន​មាន​និស្សិត​រៀន​ផ្នែក​នេះ​ប្រមាណ​ជាង​២​ម៉ឺន​នាក់​ប៉ុណ្ណោះ​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114