កម្ពុជា​ផ្ញើ​សារ​រំលែក​ទុក្ខ​ ចំពោះ​សោកនាដកម្ម​ធ្លាក់​យន្តហោះ​នៅ​ប៉ា​គី​ស្ថាន​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​៩៧​នាក់​បាន​ស្លាប់

ភ្នំពេញ ​៖ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០​នេះ បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​មួយ​ជូន​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន និង​ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំងអស់ ដែល​បាន​រងគ្រោះ​ក្នុង​ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ​នៅ​ទីក្រុង​កា​រ៉ា​ជី នេះ​បើតាម​លោក កុយ គួ​ង។

លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​ថ្លែង​កាលពី​រសៀល​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ២០២០​ថា “​បន្ទាប់ពី​បានទទួល​ព័ត៌មាន​អំពី​ការបាត់​បង់ជីវិត មនុស្ស​ជាច្រើន​នាក់ ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០២០ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តាងនាម​រាជរដ្ឋាភិបាល​កម្ពុជា សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ជាមួយ​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន និង​ក្រុម​គ្រួសារ​ជនរងគ្រោះ​ទាំងអស់​ចំពោះ​ការបាត់បង់​ដ៏​ធំធេង​នេះ និង​សូម​ជូនពរ​ឲ្យ​ជនរងគ្រោះ​ដែល​នៅ​រស់​រាន​មាន​ជី​វិត​សូម​ឲ្យ​បាន​ឆាប់​ជាសះស្បើយ​ឡើងវិញ​”​។

សូមបញ្ជាក់​ថា កាលពី​ល្ងាច​ថ្ងៃ​សុក្រ ទី​២២ ខែឧសភា ឆ្នាំ​២០២០ ម្សិលមិញ យន្តហោះ​មួយគ្រឿង នៃ​អាកាសចរណ៍​អន្តរជាតិ​ប៉ា​គី​ស្ថាន (PIA) បាន​ធ្លាក់​នៅក្នុង​ទីក្រុង​កា​រ៉ា​ជី ហើយ​ហេតុការណ៍​នេះ បណ្តាល​ឲ្យ​អ្នកដំណើរ​លើ​យន្តហោះ​៩៧​នាក់​បាន​ស្លាប់​បាត់​បង់ជីវិត ហើយ​អ្នកដំណើរ​ពីរ​នាក់ ត្រូវបាន​រកឃើញ​នៅមាន​ជីវិត​។ យន្តហោះ​នោះ បាន​ហោះហើរ​ពី​ទីក្រុង​ឡា​ហ័​រ (Lahore) នៃ​ខេត្ត​ផាន់​ចាប់ (Punjab) សំដៅទៅ​ទីក្រុង​កា​រ៉ា​ជី រួច​ក៏បាន​ដាច់​ការទាក់ទង​នៅវេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​សុក្រ ហើយ​ត្រូវបាន​ធ្លាក់​លើ​តំបន់​មានផ្ទះ​ប្រជាជន​ច្រើន ស្ថិតនៅ​ទីក្រុង​កា​រ៉ា​ជី​។​

សម្រាប់​មូលហេតុ​នៃ​ការធ្លាក់​វិញ គឺ​មិនទាន់មាន​ការបញ្ជាក់​នោះទេ ប៉ុន្តែ​យន្តហោះ​នេះ ទើបតែ​ត្រូវ​បានដាក់​ឲ្យ​ដំណើរការ​វិញ​បាន​មួយថ្ងៃ​ប៉ុណ្ណោះ ក្រោយ​អាជ្ញាធរ​ប៉ា​គី​ស្ថាន ដក​បំរាម​ហោះហើរ ដែល​ត្រូវ​បាន​ដាក់​ដើម្បី​ទប់ស្កាត់ COVID-19​នោះ​៕
កោះ​កែវ

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114