កម្ពុជា​យក​វត្ថុ​សំណាកទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩​ ​ច្រើនជាង​ប្រទេស​មួយ​ចំនួន ​នៅ​តំបន់​អាស៊ាន

​ភ្នំពេញ​ ៖ ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ ​ថ្ងៃ​ទី​១៣​ ខែ​ឧសភា​ឆ្នាំ​២០២០​ បាន​ឲ្យ​ដឹង​ថា ​គិត​ចាប់ពី​ខែ​មករា​រហូតដល់​ថ្ងៃ​ទី​១២ ​ខែ​ឧសភា​ ឆ្នាំ​២០២០ ​ក្រសួង​បាន​យក​វត្ថុ​សំណាក​ចំនួន​១៤ ៣២៧​នាក់ ​ទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩​ស្មើនឹង​៨៨១​នាក់​ ក្នុងចំណោម​ប្រជាជន​១​លាន​នាក់ ​ដែល​ជា​ចំនួន​ច្រើនជាង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ាន​។

​​លោក​វេជ្ជបណ្ឌិត លី ​សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ទី​១៣​ ខែ​ឧសភា​ថា វ​ត្ថុ​សំណាក​ ដែល​ក្រសួង​យក​មក​ធ្វើតេស្ត​នេះ​ គឺ​អ្នក​ដែល​ស្ថិត​ក្នុង​ករណី​សង្ស័យ​មាន​ទាំង​ជន​ជាតិ​ខ្មែរ ​និង​បរទេស ​ដូចជា​នៅ​ពេល​ដែល​ពួកគាត់​ទៅ​ពិនិត្យ​ជំងឺ​នៅ​តាម​មន្ទីរពេទ្យ​ឬ​ពេលខ្លះ​អ្នកជំងឺ​សុំ​ធ្វើតេស្ត​ដោយ​ខ្លួនឯង​ និង​មាន​ករណី​ខ្លះ​ទៀត​បាន​មក​ពី​ប្រព័ន្ធ​តាមដាន​របស់​នាយកដ្ឋាន​ ដែល​មាន​ប្រព័ន្ធ​ឃ្លាំមើល​សម្រាប់​តាមដាន​ជំងឺ​រលាក​សួត ផ្តាសាយ​និង​តំបន់​សង្ស័យ​ ដែល​ហានិភ័យ​ខ្ពស់​។

​លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា​ ចំពោះ​ចំនួន​អ្នកជំងឺ​សង្ស័យ​ ដែល​ត្រូវ​ធ្វើតេស្ត​មានការ​ប្រែប្រួល​ទៅតាម​ថ្ងៃ​នីមួយៗ​ពោលគឺ ​អាស្រ័យ​ទៅ​លើ​ការអង្កេត​ស្រាវជ្រាវ​ មាន​ថ្ងៃ​ខ្លះ​អាច​ក្នុង​រង្វង់​ពី​១០០​ទៅ​២០០​នាក់​ និង​ថ្ងៃ​ខ្លះ​ទៀត​អាច​ឡើង​ដល់​៦០០​ទៅ​៧០០​នាក់​ក៏​មាន​។ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា​ រាល់​ការកំណត់​ធ្វើតេស្ត​ដល់​អ្នកជំងឺ​សង្ស័យ​នេះ ​គឺ​ក្រុមការងារ​ក្រសួងសុខាភិបាល​តែងតែ​ធ្វើការ​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​របស់​សហរដ្ឋ​អាមេរិក​និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ផង​ដែរ​។

លោក​វេជ្ជបណ្ឌិត លី​សូ​វ៉ាន់​ បាន​រំលឹក​ថា ​កម្ពុជា​បាន​រក​ឃើញ​ករណី​ជំងឺ​​កូ​វីដ​-១៩​​ជា​លើកដំបូង​កាលពី​ថ្ងៃ​ទី​២៧ ​ខែ​មករា ​ឆ្នាំ​២០២០​ ហើយ​រហូតមកដល់​ថ្ងៃ​ទី​១៣​ ខែ​ឧសភា ​ឆ្នាំ​២០២០​ មាន​អ្នក​ជំងឺឆ្លង​ចំនួន​១២២​នាក់​ក្នុង​នោះ បាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​និង​ចេញពី​មន្ទីរពេទ្យ​ចំនួន​១២១​នាក់​ និង​នៅសល់​អ្នកជំងឺ​១​នាក់​ជា​ស្ត្រី​មាន​អាយុ​៣៦​ឆ្នាំ​ រស់នៅ​ខេត្ត​បន្ទាយមានជ័យ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​។​

បើ​តាម​លោក​សាស្ត្រាចារ្យ ងី​ម៉េង​នាយក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​បាន​មានប្រសាសន៍ថា​ អ្នកជំងឺ​​កូ​វីដ​-១៩​​ ដែល​មកពី​ខេត្ត​បន្ទាយមានជ័យ​នេះ​ មាន​បញ្ហា​ផ្លូវចិត្ត​ដោយសារ​ឃ្លាតឆ្ងាយ​ពី​ក្រុម​គ្រួសារ​យូរ​ពេក​ហើយ ​ក្រុម​គ្រូពេទ្យ​អ្នក​ជំនាញ​ផ្នែក​សុខ​ភាព​ផ្លូវ​ចិត្តបាន​អប់រំ​ និង​ផ្តល់​ប្រឹក្សា​ដល់​គាត់ ​ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​គាត់​មាន​ភាព​តានតឹង​ជា​បន្ត​ទៀត ​និង​បាន​ឆាប់​ជាសះស្បើយ​។​

​លោក​វេជ្ជបណ្ឌិត លី​សូ​វ៉ាន់​បាន​បញ្ជាក់​ថា​ ពិត​មែន​តែ​ក្រសួង​ពុំ​រក​ឃើញ​ករណី​ថ្មី​ក៏ដោយ ក៏​ក្រសួង​សូម​ឲ្យ​បងប្អូន​បន្ត​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំ​បាច់ ព្រោះ​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​​កូ​វីដ​-១៩​ ដ៏​ខ្លាំងក្លា​នៅឡើយ។ ជាង​នេះ​ទៀត ​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្ត​ទៀត ដូចជា​ពន្យារ​ការ​រៀប​អាពាហ៍ពិពាហ៍ ពិធីជប់លៀង ការ​ចាក់​ធុងបាស​រាំ​និង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្ត​ទៀត ដូចជា​អង្គុយ​គម្លាត​ពី​គ្នា ឈរ​រង​ចាំ​គម្លាត​ពី​គ្នា ឈរ​ជជែក​គ្នា​គម្លាត​ពី​គ្នា​ជាដើម​៕
អត្ថបទ៖ ​សំអឿន
សូមចុចអាន៖​ អភិបាល​រាជធានី​ណែនាំ ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤បន្ត​ការ​ផ្សព្វផ្សាយ ពី​ការទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ទោះបី​មិន​មាន ​ការ​រីក​រាល​ដាល​បន្ត​ទៀត​ក៏ដោយ​