BREAKING NEWS
Search

កម្ពុជា​ស្នើសុំ​ឲ្យ ជប៉ុន​ពិនិត្យ និង​ពិចារណា លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជប៉ុន និង កម្ពុជា ក្នុងការ​ផ្លាស់ប្ដូរ​ផលិតផល​កសិកម្ម

ភ្នំពេញ ​៖ ​នៅ​ក្នុង​ជំនួប​ជាមួយ លោក Itsu ADACHI ប្រធាន​ការិយាល័យ JICA ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី ថ្ងៃ​ទី​២៤ ខែ​មីនា លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានស្នើ​សុំ​ឲ្យ​ភាគី​ជប៉ុន​ពិនិត្យ និង​ពិចារណា លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង ជប៉ុន និង កម្ពុជា ក្នុងការ​ផ្លាស់ប្តូរ​ផលិតផល​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ។

ក្រសួង កសិកម្ម បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី២៤ ខែ​មីនា ឆ្នាំ​២០១៧ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ទទួល​ជួប​សម្តែង​ការគួរ​សរម្យ របស់​គណៈ​ប្រតិភូ​ភ្នាក់ងារ​សហប្រតិបត្តិ​អន្តរជាតិ​ជប៉ុន (JICA) ដែល​ដឹកនាំ​ដោយ​លោក Itsu ADACHI ប្រធានការិយាល័យ JICA ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

នា​ឱកាស​នោះ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ថ្លែងអំណរគុណ​ចំពោះ​លោក Itsu ADACHI ដែល​បាន​សហការ​ជាមួយ​គ្រប់​ស្ថាប័ន ជាពិសេស​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ បច្ចុប្បន្ននេះ​ក្រសួង​កំពុង​មាន​តម្រូវការ​ជាច្រើន​លើ​កិច្ចសហប្រតិបត្តិការ និង​កា​អភិវឌ្ឍ​នានា សំដៅ​ធ្វើ​យ៉ាង​ណា ឲ្យ​សមស្រប​ទៅតាម​និយាម ប្រទេស​នានា​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​រដ្ឋមន្ត្រី​បាន​សំណូមពរ​ទៅ​ភាគី​ជប៉ុន​ផង​ដែរ ក្នុង​ការ​ជួយ​សហគម​ន៍​កសិកម្ម​នៅ​កម្ពុជា ព្រោះ​ជប៉ុន​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង ផ្នែក​សហគមន៍​កសិកម្ម​នេះ​។ ជាមួយគ្នា​នោះ លោក​រដ្ឋមន្ត្រី​បានស្នើ​សុំ​ឲ្យ​ភាគី​ជប៉ុន​ពិនិត្យ និង​ពិចារណា លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង ជប៉ុន និង កម្ពុជា ក្នុងការ​ផ្លាស់ប្តូរ​ផលិតផល​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ។

លោក Itsu ADACHI បាន​រៀបរាប់​អំពី​សកម្មភាព និង​គម្រោង​ដែល​បាន និង​កំពុង​អនុវត្ត​ក្នុង​រយៈពេល ២​ឆ្នាំ​កន្លងមកនេះ បាន​ទទួល​ផ្លែផ្កា​គួរ​ជាទី​មោទនៈ ដែល​ក្នុងនោះ JICA នឹង​បន្ត​សហការ​ជួយ វិទ្យាស្ថាន​ស្រាវជ្រាវ​វារីវប្បកម្ម​សមុទ្រ​។ លោក Itsu ADACHI បានបញ្ជាក់​ផងដែរ​ថា ថ្វីត្បិតតែ​រូបលោក ត្រូវបាន​បញ្ចប់​បេសកកម្ម​ការងារ​នៅ​កម្ពុជា​មែន តែ​លោក SUGANO ដែលជា​ប្រធានការិយាល័យ JICA ថ្មី នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​នេះ​បន្តទៀត ហើយ​ពិនិត្យ​លើ​ការចូលរួម​របស់​វិស័យ​ឯកជន​ផងដែរ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114