កម្ពុជា​​នឹង​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​​កម្ពុជា​​​ សួរ​​​រឿង​​ស្ត្រី​​អាមេរិក​ឆ្លង​វីរុស​​ Covid-19 ហើយ​ជាត្រឹម​ ៧២​ម៉ោង​​

សម្ដេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​អាណាចក្រ​កម្ពុជា​​បាន​បញ្ជា​​ឱ្យ​​​លោក​ ប្រាក់​ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​ និង​សហប្រតិបត្តិការ​អន្តរជាតិ​កោះ​​​ហៅ​​ឯកអគ្គរដ្ឋទូត​​​ម៉ាឡេស៊ី​​​ប្រចាំ​​កម្ពុជា​សាក​​សួរ​ ទាក់ទង​ស្ត្រី​អាមេរិកាំង​​ម្នាក់​​​ចាក​ចេញ​ពី​កម្ពុជា​​ ដែល​​ម៉ាឡេស៊ី​រក​ឃើញ​មាន​ផ្ទុក​​ Covid-19 ​​កាល​ពី​ពេល​កន្លង​មក​។​

សម្ដេច​បាន​លើក​ឡើង​​ដោយ​សង្ឃឹម​​ថា​​ លោក​ប្រាក់​ សុខុន​ នឹង​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​​ម៉ាឡេស៊ី​ទៅ​ធ្វើ​ការ​បំភ្លឺ​លើ​រឿង​នេះ ​ព្រោះ​​នៅ​លើ​កប៉ាល់​ Westerdam គ្មាន​​អ្នក​ណា​ម្នាក់​ឆ្លង​Covid-19 ទេ​​ ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា​ខាត​បង់​កិត្តិយស និង​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​ជាតិ ​និង​កិត្តិយស​សម្រាប់​ ៤១ ជាតិ​សាសន៍​ទៀត​​​ ក្នុងកិច្ចការមនុស្សធម៌របស់​ខ្លួន​។

សង្ឃឹម​ថា ​ឯកឧត្តម​ប្រាក់​ សុខុន​ នឹង​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​​ម៉ាឡេស៊ី​ទៅ​ធ្វើ​ការ​បំភ្លឺ​លើ​រឿង​នេះ។ ព្រោះ​ឥឡូវ១កាប៉ាល់ទាំងអស់​អត់​មាន​អ្នក​ណា​មាន​ជំងឺ​ហ្នឹង​សោះ​ ហើយ​អ្វី​ដែល​សំខាន់​ជាង​ហ្នឹង​​ទៀត​ប្តី​របស់​គាត់​អត់​ឆ្លង​ តើ​ហេតុ​អ្វី​បាន​ជា​ប្រពន្ធ​ឆ្លង​​​ ប្តីអត់​ឆ្លង? ​​​បញ្ហា​​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា​ខាត​បង់​កិត្តិយស និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ជាតិ​យើង​។​​ពលរដ្ឋ​កម្ពុជា​​មិន​ចាត់​ទុក​ជា​​រឿង​តូច​ទេ”។​​​​​​

សម្ដេច​បាន​បន្ថែម​ថា​ ​ពិភព​លោក​គួរ​ត្រូវ​បាន​រៀន​សូត្រ​ពី​ម៉ាឡេស៊ី ដែល​អាច​​ព្យាបាល​ត្រឹម​​៧២ ម៉ោង​​​​ជា​ជំងឺ​ Covid-19 ​ដែល​ជា​​រឿង​អស្ចារ្យ​ណាស់​ ជា​អភូត​ហេតុ​មួយ​​ដែល​​គួរ​ឱ្យ​ស្ងប់ស្ងែង​​ ចំពោះ​វេជ្ជសាស្ត្រ​របស់​ម៉ាឡេស៊ី​ ហើយ​​សង្ឃឹម​​ថា ​នាយក​រដ្ឋមន្រ្តី មហាធា មហាម៉ាត់​ នឹង​យល់​ពី​អារម្មណ៍​មួយ​នេះ។ ប្រសិន​​គាត់​គិត​គួរ​កិត្តិយស​ដល់​ជាតិសាសន៍​របស់​គាត់​។​

​​