BREAKING NEWS
Search

កម្ពុជា​-​ឥណ្ឌា ចង់​ឲ្យ​មាន​ជើងហោះហើរ​ត្រង់ ដើម្បី​ជំរុញ​វិស័យ​ទេសចរ​ណ៏ និង​វិនិយោគ ក្រោយ​មើលឃើញ​ធ្លាក់ចុះ​

ភ្នំពេញ ​៖ បំណង​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​លោកស្រី ម៉ា​នី​កា ជេន (Manika Jain) ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា ខណៈ​ដែល​លោកស្រី បាន​ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា ក្នុងឱកាស​ដែល​លោកស្រី​ចប់​អាណត្តិ​បេសកកម្ម​ការទូត​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០​នេះ​។

លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​នោះ​ថា នៅក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ចំពោះ​ភាព​ជោគជ័យ នៃ​បេសកកម្ម​កា​ទូត​របស់​លោកស្រី Manika Jain នៅ​កម្ពុជា ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លង​មក ហើយ​ក៏បាន​ខិតខំ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន​ថែមទៀត​ផងដែរ​។ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី​ប្រាក់ សុខុន ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល ក៏ដូចជា​ប្រជាជន​ឥណ្ឌា ដែល​បានធ្វើ​ការ​គាំទ្រ និង​ផ្ដល់ជំនួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម នៅ​ប្រទេស​កម្ពុជា​។

ក្នុង​នោះ​លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ចូលរួម​រំលែក​ទុក្ខ ដល់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់ ក៏ដូចជា​ជំងឺ​កូ​វីដ​-១៩​ផងដែរ​។

បើ​តាម​នោះ លោក កុយ គួ​ង ជំនួយ​របស់​ឥណ្ឌា​កន្លងមក មាន​ដូច​ជា ជំនួយឥតសំណង កម្ចីសម្បទាន និង​អាហារូបករណ៍​ផ្សេងៗ ដែល​កន្លងមក មាន​មន្ត្រី ក៏ដូចជា​និស្សិត​កម្ពុជា​ប្រមាណ​១៦០០​នាក់ បាន​ទៅ​សិក្សា​រយៈពេល​វែង និង​រយៈពេល​ខ្លី​នៅ​ប្រទេស​ឥណ្ឌា​។ លោក​បន្ត​ថា ឥណ្ឌា​ក៏បានផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​ផងដែរ ដែល​ធ្វើ​ឲ្យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ មានការ​កើន​ឡើងជា​លំដាប់​។ ពីព្រោះ​នៅ​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មានតែ​២០៥​លាន​ដុល្លារ ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយពី​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បាន​ឡើងដល់​ជាង​២៥០ លាន​ដុល្លារ​។ ដោយឡែក​វិស័យ​ទេសចរណ៍ ក៏បាន​កើនឡើង​ផងដែរ ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​មកដល់​ឆ្នាំ​២០១៩ ឡើងដល់​៧៥០០០​នាក់។

ទាក់ទង​បញ្ហា​ទេសចរណ៍​នេះ លោក កុយ គួ​ង ឲ្យ​ដឹងថា ភាគី​ទាំងពីរ ក៏បាន​ពិភាក្សាគ្នា ដើម្បី​ឲ្យ​មានការ​ហោះហើរ​ត្រង់ ពី​ប្រទេស​ឥណ្ឌា​មកកាន់​កម្ពុជា​ផងដែរ ដើម្បី​ធ្វើ​ឲ្យ​វិស័យនេះ​មានការ​កើនឡើង​បន្ថែមទៀត​។

លោក​បញ្ជាក់​ថា ការ​ពិភាក្សាគ្នា ដើម្បី​ឲ្យ​មានការ​ហោះហើរ​ត្រង់នេះ គឺជា​ការ​ចាប់ផ្តើម​មួយ ដែល​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុខុន ក៏ដូចជា​ឯកភាគ​រដ្ឋទូត​ឥណ្ឌា បានគិត​គូ​អំពី​ការពង្រីក​វិស័យ​ទេសចរណ៍ ក៏ដូចជា​ជំនួញ​រវាង​ប្រទេស​ទាំងពីរ ពីព្រោះ​វិស័យ​ទេសចរណ៍ មុននឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វិដ​-១៩ មានការ​រីកចម្រើន ដែល​នៅ​ឆ្នាំ​២០១៨ មាន​ចំនួន​ជាង​៦​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ ហើយ​ឆ្នាំ​២០១៩ មាន​៧៥០០០០​នាក់ ដូច្នេះ​ភាគី​ទាំងពីរ​បាន​គិតគូរ​ពង្រីក​វិស័យ​ទេសចរណ៍​នេះ​បាន​កើនឡើង​បន្ថែមទៀត​។

លោក កុយ គួ​ង បាន​អះអាង​ថា ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ឥណ្ឌា ក្រៅពី​វិស័យ​ខាងលើ​នេះ ក៏​មាន​ផ្នែក​យោធា​ផង​ដែរ ជាពិសេស​ផ្នែក​បណ្ដុះបណ្ដាល ការ​ដោះមីន ដែល​ឥណ្ឌា​បានផ្ដល់​ទាំង​ជំនួយ​បច្ចេកទេស និង​សម្ភារៈ​ក្នុងការ​បោសសម្អាត​មីន​។ លោក​បន្តថា នៅក្នុង​ក្របខណ្ឌ​ទ្វេភាគី​នេះ កម្ពុជា និង​ឥណ្ឌា មាន​កិច្ចព្រមព្រៀង​ជាច្រើន​ទៀត ដែល​បាន​ចុះហត្ថលេខា​នៅពេល​កន្លងមក ដែលមាន​ដូចជា​វិស័យ​ទេសចរណ៍ វប្បធម៌ និង​ផ្លូវច្បាប់​ជាដើម​ហើយ​កម្ពុជា និង​ឥណ្ឌា ក៏បាន​ក្រុម​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​មួយចំនួន​បន្ថែម​ទៀតផង​ដែរ​។

ជា​ការ​ឆ្លើយតប​លោកស្រី Manika Jain បាន​ថ្លែងអំណរគុណ​ដល់​កម្ពុជា ដែល​បាន​គាំទ្រ​ធ្វើ​ឲ្យ​លោកស្រី​បាន​បំពេញ​បេសកកម្ម​ទទួល​បាន​ជោគជ័យ​។ ជាមួយគ្នា​នោះ លោកស្រី​ឯកអគ្គរដ្ឋទូត​ឥណ្ឌា ក៏បាន​សរសើរ​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​ធ្វើឱ្យ​មន្ត្រី​ស្ថានទូត​ដូចជា​ប្រជាជន​ឥណ្ឌា ដែល​រស់នៅ​ប្រទេស​កម្ពុជា មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើដំណើរ រស់នៅ និង​ប្រកបការងារ ឬ​ធ្វើ​វិនិយោគ ដោយ​មិនមាន​ការ​បារម្ភ ហើយ​ថា បច្ចុប្បន្ន​ឥណ្ឌា បាននឹងកំពុង​ខិតខំ​រិះរក និង​បង្កើត​វ៉ាក់សាំង ដើម្បី​ទប់ទល់​ទៅនឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ហើយ​ប្រសិនបើ​វ៉ាក់សាំង​នេះ ត្រូវ​បាន​រក​ឃើញ​មែន នឹង​ផ្ដល់​ទៅដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ផ្សេងៗ​ទៀត​។

បើ​តាម​លោក កុយ គួ​ង ប្រទេស​កម្ពុជា និង​ឥណ្ឌា មាន​យន្តការ​មួយ​គឺ ”​គណៈកម្មការ​ចម្រុះ​” ដែល​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០០៦ ហើយ​គណៈកម្មការ​នេះ​បាន​ប្រជុំ​រាល់​២​ឆ្នាំ​ម្ដង ហើយ​ជាការ​ប្រជុំ​ថ្នាក់​អនុរដ្ឋមន្ត្រី ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បាន​ពង្រីក​កម្រិត​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ នេះ​ឲ្យ​ទៅជា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​វិញ​៕
កោះ​កែវ

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114