ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា គ្មាន​កន្លែង​សម្រាប់​ឧទ្ទាម​ក្រៅច្បាប់​ទេ!

ព្រះរាជាណាចក្រនេះត្រូវការសន្តិភាព!
អ្នកណាកំពុងផ្លុំភ្លើងដាក់រាស្ត្រ? នេះជាសំណួរ​ដែលកម្ពុជាថ្មីសុំសួរ​ជំនួសរាស្ត្រ!

ការប្រើប្រាស់ចចាមអារាម​ខ្យល់ បង្អើល​ បំផ្លាញនូវអារម្មណ៍​ជួប​ជុំ​ នាថ្ងៃ​បុណ្យជាតិដ៏ធំរបស់ខ្មែរ​ គឺជា​ចេតនាទុច្ចរិត​របស់មនុស្ស​មួយក្រុម​ដែលត្រូវបាន​ទាត់ចោល​ដោយច្បាប់ជាយូរមកហើយ។ ជនក្រៅសង្គមកំពុង​តែបង្កើតព័ត៌មានប្រឌិត​ គម្រាមកំហែងក៏ដូចជាពាក្យសន្យាកោកៗសឹកមាត់ត្រដោក​ថា នឹង​ត្រឡប់មកវិញ ខណៈទោសជាច្រើនកំពុងនៅរង់ចាំ​ទទួល។

តើសមរង្សីពិតជាហ៊ានត្រឡប់មកជួបរាស្ត្រដែលខ្លួន​កំពុង​ផ្លុំភ្លើងដាក់?

តើសមរង្សី​បានឃើញ​រាស្ត្រ​រស់ក្នុងស្ថានភាព​រីកចម្រើន​លើគ្រប់វិស័យ មានសេរីភាព​ធ្វើពាណិជ្ជកម្ម ផ្សារភ្ជាប់ខ្លួន​ដោយផ្ទាល់ជាមួយ​ល្បឿនអស្ចារ្ស​នៃ​ឧស្សាហកម្មទីបួន ឃើញ​ពលរដ្ឋមាន​ជំនិះ មាន​លំនៅដ្ឋានប្រណិត ​មានការងារធ្វើ ​មានលទ្ធភាព​ធ្វើដំណើរ​ទៅកាន់ប្រទេសនានា​ជុំវិញ​ពិភពលោក សមរង្សី​ខ្លួនឯងកើតទុក្ខបុកម្នេញ មិនអាចទ្រាំមើល​អភិវឌ្ឍនភាព​របស់ជាតិខ្លួនបាន?

ពលរដ្ឋទទូចសុំឱ្យរដ្ឋាភិបាល បញ្ចប់ឧបាយកល​ខ្មៅ​នៃពួកក្រៅច្បាប់

សម្រង់មតិមួយ​របស់កម្ពុជាថ្មីទៅលើពលរដ្ឋ​១២០នាក់នៅរាជធានីភ្នំពេញ​បង្ហាញ​ថា និស្សិត កម្មករ​កម្មការិនី អ្នកប្រកបរបរ​អាជីវកម្មខ្នាតតូចនិងមធ្យម​ ក្នុងសប្តាហ៍នេះ កំពុង​កើតទុក្ខសៅហ្មង​ជាមួយ​ល្បិច​កលនៃ​ជនមួយក្តាប់​ដែល បាន​ទុកជាតិ​ខ្លួនជា​សត្រូវ នឹងយក​សេចក្តីសុខ​របស់រាស្ត្រ​មកចាក់ភ្នាល់លេង។

សំណូមពរជារួមមួយរបស់​ពលរដ្ឋ គឺសូម​ឱ្យសម្តេច​តេជោ​ ដែលជាទីសង្ឃឹម​នៃម្ចាស់សន្លឹកឆ្នោត បើក​បង្ក្រាបបន្ទាន់នូវ​បណ្តាញ​ព័ត៌មានខ្យល់បំពុលដែលគ្មាន​ការពិត ​មាន​ចេតនាបំផ្លាញ​នូវ​ដំណើរសង្វាក់សេដ្ឋកិច្ច​កម្ពុជា​ដែល​កំពុង​តែ​ចិញ្ចឹម​និង​ថែរក្សា​រាស្ត្រខ្មែរ​រាប់លាននាក់។
នៅពេលសួរថា​តើ​យល់យ៉ាងណា​ចំពោះស្ថានការណ៍​នយោបាយចុងក្រោយនេះ មតិភាគច្រើន​បាន​ថ្កោល​ទោសចំពោះ​អំពើក្បត់ដែលប្រាសចាក​នឹងរដ្ឋធម្មនុញ្ញជាតិ ក្នុងការ​ប្រមាថ​លើរដ្ឋាភិបាលស្របច្បាប់។ ប្រទេស​នីតិរដ្ឋមួយ​ ប្រសិន​បើរដ្ឋាភិបាល​ស្របច្បាប់មិនគាំទ្រ​ហើយ​ងាកទៅគាំទ្រ​ឧទ្ទាម​មួយ​គ្នា​បួនប្រាំនាក់​តើ​កម្ពុជា​កំពុង​ដើរថយក្រោយ?

អ្នកសារព័ត៌មានខ្មែរ​ថ្កោលទោស​ទណ្ឌិតសមរង្សីដែល​ចោទប្រកាន់វាយប្រហារលើបណ្តាញ​ផ្សព្វផ្សាយសុចរិត

បុគ្គលសមរង្សីដែលបាន​ទោមនស្ស​ចំពោះ​ការសាកសួរនៃ​វិទ្យុបារាំង​អន្តរជាតិ​ថែម​ទាំង​ដៀលត្មះថា​ស្ថាប័ននេះ មិនឯករាជ្យ ​គឺជា​សក្ខីភាពនៃ​ចរិតអញនិយម ​មិនឱ្យតម្លៃ​អ្នកណា​ដែលមិនស្របនឹងបំណងខ្លួន។ ​បុគ្គលនេះ​ចង់ឱ្យអ្នកសារព័ត៌មាន​ក្នុងស្រុក និយាយអ្វីស្របតាមគំនិតខ្លួន​ហើយ ហើយ​ធ្វើការវាយប្រហារមិនរើសមុខ​ទៅលើអ្នកសារព័ត៌មានទាំង​ឡាយ​​ណា​ដែលហ៊ានជជីកសួរ​ដល់ចំណុចខ្សោយ​ក្នុងឥរិយាបថនយោបាយ​ឃ្លេងឃ្លោង​របស់​ខ្លួនតែប៉ុណ្ណោះ។ ​នេះ​ហើយ​ចរិត​របស់​ឧទ្ទាម​ក្រៅច្បាប់ ​ដែលតែងអួត​ថា​ ខ្លួនគាំទ្រ​សេរីភាព​នៃការបញ្ចេញមតិ។
តើ​លោកសមរង្សី​យល់ថា​អ្នកព័ត៌មាន​ទំាងឡាយ​ត្រូវ​តែ​និយាយភាសា​កម្លៅ​ ចាក់បណ្តោយ រុញទូក​តាមទឹក​ទាំង គ្មាន​ការពិត​ដូចក្រុមខ្លួន ​ទើប​សក្តិសមជា​បណ្តាញព័ត៌មាន​ឯករាជ្យ? ឬមួយ​គ្រប់គ្នា​ត្រូវតែ​យល់ស្របនឹងគាំទ្រ​ចូលរួមអុជអាលជាមួយក្រុមក្រៅច្បាប់ ​បង្ករ​វិបត្តិសេដ្ឋកិច្ច បង្អាក់វិស័យ​ទេសចរ​ បង្ខាំង​វិស័យ​ឧស្សាហកម្ម ទើបហៅ​ថា​ជាអ្នកសារព័ត៌មាន​ល្អ?ឈប់លាបពណ៌​ទៅ អ្នកសារព័ត៌មាន​ខ្មែរមិនមែនជាចំណាប់ខ្មាំងរបស់ពួក​ក្រៅច្បាប់ទេ។

យុវវ័យ​ខ្មែរទទួលស្គាល់ថា​កម្ពុជាកំពុង​ដើរលើផ្លូវត្រូវ ហើយ​មិនត្រូវការវត្តមាន​មនុស្ស​ក្រៅច្បាប់

​​យុវវ័យខ្មែរ​ជាច្រើនកំពុង​មមារញឹកជាមួយ​ការ​អភិវឌ្ឍន៍អាជីពនិង​អនាគតរបស់ពួកគេ។​សហគ្រិនវ័យក្មេង​ លេចចេញ​ឡើងមកពីគ្រប់ទិសទី​បង្កើតឡើងនូវ​ទិដ្ឋភាព​ថ្មី​សម្រាប់ព្រះរាជាណាចក្រដ៏​ស្រស់អច្ឆរិយៈមួយនេះ។​ យើងកំពុង​សមាហរណកម្មខ្លួន​បណ្តើរៗ​ទៅក្នុងតំបន់ជាមួយ​កំណើនសេដ្ឋកិច្ច​និង​ឥរិយាបថវិជ្ជមាន​របស់សង្គម។ យុវវ័យ​មិនបានចូលរួមជាមួយ​គំនិតអញនិយម គំនិត​ផ្កាប់មុខ​និងគំនិត​អវិជ្ជមាន​បំផ្លាញ​ជាតិនោះទេ។​ គ្មាន​យុវវ័យណាម្នាក់ដែល​ចង់បោះបង់ចោល​ការ​អភិវឌ្ឍន៍​របស់ខ្លួន ពេល​វេលា​សិក្សា​របស់ខ្លួន ការស្រាវជ្រាវ​របស់ខ្លួន ​ដើម្បីងាកមកគាំទ្រនយោបាយស្រមោល​នៃ​ពួកឧទ្ទាម​ឡើយ។ ជាមួយចំណេះដឹង និងគំនិតបើកទូលាយ​យុវវ័យ​ខ្មែរមិនមែន​ជា​ជនរងគ្រោះ​ដោយការបំពុល​របស់ ពួកមួយក្តាប់នោះដោយ​ងាយ​ឡើយ។​ សមរង្សីគួរដឹងហើយ​ថាទីនេះមិនមាន​កន្លែងណាមួយស្វាគមន៍​ខ្លួន​ឡើយ។
ឬមួយ​ក៏​ប្រុងទុក​យុវវ័យ​ទូទាំង​ប្រទេស​ដែលមិនចូលរួមជាមួយ​ខ្លួន​ថាជាសត្រូវ​ដែរ?​

ដោយ ៖​ lapiz



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114