BREAKING NEWS
Search

កម្ពុជា បន្ត​ជំនៈ​ឧបសគ្គ​ ទោះ​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០​ភាគរយ

ភ្នំពេញ​ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា ទោះ​បីអឺរ៉ុបដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០​ភាគរយ ពី​កម្ពុជា​ក៏​ដោយ ក៏​កម្ពុជា មិន​ផ្លាស់​ប្ដូរ​ជំហរ​ដែរ តែ​បន្ត​ប្រឹង​ប្រែង​ជំនៈ​ឧបសគ្គ​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច។

មាន​ប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ទីតាំង និង​សមិទ្ធផល​នានា របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​ទី១៣ ខែ​សីហា ឆ្នាំ២០២០ នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើកឡើង​ថា កម្ពុជា​នៅ​រក្សា​ជំហរ​ដដែល គឺ​ខិត​ខំ​ប្រឹងប្រែង​ជំនៈឧបសគ្គ និង​បញ្ហា​ប្រឈម​ទាំងឡាយ។

សម្ដេច ​ស ខេង  បាន​បញ្ជាក់​ថា ទំនាក់ទំនង​រវាងកម្ពុជា ជាមួយ​អឺរ៉ុប នៅតែ​មាន​សារៈសំខាន់​ ខណៈ​ទំនិញ​នៅតែ​បន្ត​នាំ​ទៅ​អឺរ៉ុប​ដដែល គ្រាន់​តែ​បង់ពន្ធ​ប៉ុណ្ណោះ។

សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ធ្លាប់​​មាន​ប្រសាសន៍​ថា ទោះបី​ត្រូវ​បាត់ EBA ក៏​កម្ពុជា​មិន​ស្លាប់ ឬ​ក្លាយ​ជា​អ្នកមាន​បាន​ដែរ​។
សម្ដេច​ធ្លាប់​លើក​ឡើង​ទៀត​ថា ពេលនេះ ត្រូវ​រួមគ្នា ដើម្បី​ពង្រីក​ការលូតលាស់​ខាង​សេដ្ឋកិច្ច ដើម្បី​បន្ត​ពង្រឹង​ឯករាជ្យ​ភាព​ខាង​នយោបាយ ហើយ​មិន​ត្រូវ​យក​អធិបតេយ្យភាព​ទៅ​ដោះដូរ​ជា​មួយ​នឹង​ជំនួយ​ណាមួយ​នោះ​ឡើយ​។​

នៅ​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ២០២០  សហភាព​អឺរ៉ុប (EU) បាន​ចេញ​សេចក្ដី​ប្រកាស​ជា​ផ្លូវការ ស្ដី​ពី​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​អឺរ៉ុប​ចំពោះ​កម្ពុជា ដែល​បាន​បញ្ជាក់​ថា ផលិតផល​នាំចេញ​ធម្មតា​របស់​កម្ពុ​ជាមួយ​ចំនួន​ដូចជា សំលៀកបំពាក់​ និង​ស្បែកជើង ផលិតផល​សម្រាប់​ធ្វើ​ដំណើរ និង​ស្ករ នឹង​ត្រូវ​យកពន្ធ​ឡើងវិញ នៅ​ពេល​នាំចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប​៕

ចុចអាន ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​ ៖ ការ​ដក​២០​ភាគរយ​នៃ eba មិនមែន​បិទ​ទីផ្សារ​ទាំងស្រុង​នោះទេ​