ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា ស្ថិតក្នុង​ក្រុម​អាស៊ាន ៦ ចូលរួម AFC U-19 Championship 2020 ជុំ​ចុងក្រោយ​

កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុងប្រទេស​កម្ពុជា និង​ក្នុង​តំបន់​អាស៊ាន ផ្ទុះ​ការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ពោល​គឺ​ក្រោយពី​ក្រុម​ជម្រើសជាតិ​យុវជន​កម្ពុជា អាយុ​ក្រោម ១៩​ឆ្នាំ បាន​ឡើង​ទៅ​កាន់ការ​ប្រកួត​ជុំ​ចុងក្រោយ​នៃ​ពានរង្វាន់ AFC U-19 Championship 2020 នៅ​ប្រទេស​អ៊ូ​បេ​គី​ស្ថាន ខែ តុលា ឆ្នាំក្រោយ​។

នេះ​គឺជា​លើក​ទី​៤​ហើយ​សម្រាប់​កម្ពុជា ដែល​បាន​មានឱកាស​ឆ្លងទៅ​កាន់ការ​ប្រកួត​ជុំ​ចុងក្រោយ​នៃ​ពានរង្វាន់​យុវជន​កម្រិត​អាស៊ី​នេះ ក្រោយ​ខកខាន​រយៈពេល ៤៥​ឆ្នាំ ពោលគឺ​លើកចុងក្រោយ​បង្អស់​នៅ​ឆ្នាំ ១៩៧៥។

​លើក​នេះ កម្ពុជា គឺជា​ក្រុម​ក្នុង​តំបន់​អាស៊ាន​ទី ៦ ដែល​បាន​ឆ្លងទៅ​កាន់​វគ្គ​ជម្រុះ​ចុងក្រោយ AFC U-19 Championship 2020 រួមជាមួយ ឡាវ​, វៀតណាម​, អូស្ត្រាលី​, ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី។

​សម្រាប់​ប្រទេស​ដទៃ​ទៀត​ដែល​នឹងត្រូវ​ចូលទៅ​ក្នុង​វគ្គ ១៦​ក្រុម​ចុងក្រោយ ដើម្បី​ចាប់​ពូ​ល​ប្រកួត​វគ្គ​ជម្រុះ​ពូ​ល មានដូចជា​៖ អ៊ូ​បេ​គី​ស្ថាន (​ម្ចាស់ផ្ទះ​), អ៊ីរ៉ាក់​, កាតា​, តាជី​គី​ស្ថាន​, អ៊ីរ៉ង់​, បា​រ៉ែ​ន​, អា​រ៉ា​ប៊ី​សា​អូឌីត​, កូរ៉េខាងត្បូង​, ជប៉ុន និង យេ​មែន។

គួររំលឹក​ថា កម្ពុជា ទទួលបាន​កៅអី​ទៅកាន់​ជុំ​ចុងក្រោយ​នៃ​ពានរង្វាន់ AFC U-19 Championship 2020 ក្នុងនាម​ជា​ក្រុម​ចំណាត់ថ្នាក់​លេខ ២ ល្អ​ដាច់​គេ​ទី ៥ ( Fifth best second runners-up ) ដោយ​ប្រកួត​ចាញ់ ម៉ាឡេស៊ី ៤-៥ ឈ្នះ​កោះ​ម៉ា​រៀ​ខាងជើង ៩-០ ឈ្នះ​ថៃ ២-១ និង​ឈ្នះ ព្រុយ​ណេ ៣-០។

តាម​កាលវិភាគ​ដែល​បានកំណត់ ការប្រកួត​វគ្គ​ចែក​ពូ​ល នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ១៤ ដល់​ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២០ នៅ​ប្រទេស​អ៊ូ​បេ​គី​ស្ថាន។ ក្រុម​ដែល​ប្រកួតប្រជែង​ឆ្លង​ដល់​វគ្គ ៤​ក្រុម​ចុងក្រោយ ឬ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នឹងមាន​ឱកាស​បង្ហាញ​ខ្លួន​ក្នុងការ​ប្រកួត FIFA U-20 World Cup 2021 នៅ​ប្រទេស​ឥណ្ឌូនេស៊ី៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114