BREAKING NEWS
Search

កម្មវិធី​ប្រកួត U15 បាល់ទាត់​នារី​កម្ពុជា ដែល​ស្ថិតក្នុង​ពូ​ល B នៃ​ពានរង្វាន់​ជើងឯក​អាស៊ាន​ឆ្នាំ​២០១៧ ជាមួយ​សិង្ហ​បុរី ទី​ម័​រ​ខាងកើត និង​ហ្វីលីពីន

ក្រុមបាល់ទាត់​យុវនារី​ក្រោម​អាយុ​១៥​ឆ្នាំ​របស់​កម្ពុជា (U-15) ត្រូវបាន​ចាប់ឆ្នោត​កាលពី​ចុងឆ្នាំ​២០១៦ ថា​ស្ថិតក្នុង​ពូ​ល B នៃ​ពានរង្វាន់​ជើងឯក​យុវនារី​បាល់ទាត់​តំបន់​អាស៊ាន (AFF U15 Woman Championship 2017) ជាមួយ​ក្រុមទី​ម័​រ​ខាងកើត និង​ក្រុម​ហ្វីលីពីន​។​

យោង​តាម​ប្រភព​មកពី​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) បាន​លើកឡើងថា​ការប្រកួត​ពានរង្វាន់​ស​ម្រា​ប់​នារី នៅ​ឆ្នាំ​ក្រោយនេះ​នឹង​រៀបចំឡើង​នៅ​ទីក្រុង​វៀង​ច័ន្ទ​ន៍​របស់​ប្រទេស​ឡាវ អំឡុង​ខែឧសភា ឆ្នាំ​២០១៧ ខាងមុខ ដោយមាន​ក្រុម​ជា​សមាជិក​៩ ក្រុម​ចូលរួម​ប្រកួតប្រជែង​។ ចំណែក​ពូ​ល A វិញ​មាន​ម្ចាស់ផ្ទះ​ឡាវ​, ថៃ​, ម៉ាឡេស៊ី​, វៀតណាម។

សម្រាប់​កម្មវិធី​ប្រកួត​ដែល​សារព័ត៌មាន​កម្ពុជាថ្មី​ទទួល​បាន​ មាន​ដូច​ជា​កម្ពុជា ជួប​សិង្ហ​បុរី ក្នុង​ប្រកួត​បើកឆាក​ក្នុង​ពូ​ល ហើយ​បន្ត​ជួប​ក្រុម​ហ្វីលីពីន និង​ចុងក្រោយ​ប៉ះ​ក្រុមទី​ម័​រ​ខាងកើត។

យ៉ាងណាក្តី​គណៈកម្មការ​នៅ​មិនទាន់​កំណត់​ថ្ងៃ​និង​ម៉ោង​សម្រាប់​ប្រកួត​នៅឡើយ​នោះទេ​។ កម្ពុជា មិនដែល​មានឈ្មោះ​ក្នុងការ​ប្រកួត​កម្រិត​យុវនារី​ក្រោម​អាយុ​១៥​ឆ្នាំ​ប្រចាំ​តំបន់​នោះទេ ដោយ​ធ្លាប់​មានតែ​កម្រិត​យុវនារី​អាយុ​១៣ និង​១៤​ឆ្នាំ​ប៉ុណ្ណោះ​។ លោក មាស សំអឿន អតីត​គ្រូ​បង្វឹក​របស់​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត វេ​ស្ទើ​ន​ភ្នំពេញ និង​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា តែងតាំង​ឱ្យដឹង​នាំ​ក្រុមបាល់ទាត់ U-14 របស់​កម្ពុជា ចេញទៅ​ប្រកួត​នៅ​ប្រទេស​ជប៉ុន និង​ប្រទេស​ឡាវ កាលពី​ឆ្នាំ​២០១៦ កន្លងទៅនេះ។

​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន ធ្លាប់​បាន​បង្កើត​ពានរ​ង្វាន់​បាល់ទាត់​នារី U-13, U-14, U-15 និង​ឈុត​ធំ​ដាក់​ឲ្យ​ប្រទេស​ជា​សមាជិក​របស់ខ្លួន​ប្រកួតប្រជែង ខណៈ​កម្រិត U-15 នេះ​ខាន​រៀបចំ​តាំងពី​ឆ្នាំ​២០០៩ មក​ម្ល៉េះ ដោយ​កាលនោះ​ក្រុម​អូស្ត្រាលី ឈ្នះ​ជើងឯក​ក្រោយ​យកឈ្នះ​លើ​ក្រុម​ថៃ ដោយ​លទ្ធផល ៨​ទល់​០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ខណៈ​ក្រុម​វៀតណាម ឈ្នះ​បាន​លេខ​៣ ក្រោយ​បំបាក់​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា A ដោយ​លទ្ធផល ៣​ទល់​០។

នេះ​ជា​ការ​ប្រកួត​សម្រាប់​ប្រទេស​ជា​សមាជិក​អាស៊ាន ដើម្បី​ត្រៀម​ចំ​កីឡាការិនី របស់ខ្លួន​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ 2017 AFF Women’s Championship ឬ​ហៅថា​ឈុត​ធំ ដែល​រៀបចំឡើង​នៅ​ប្រទេស​ថៃ ក៏ដូចជា​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ក្នុង​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០១៧ ខាងមុខ​នៅ​ប្រទេស​ម៉ាឡេស៊ី ផងដែរ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114