កម្លាំងប្រជាការពារ​ខណ្ឌ​ច្បារអំពៅ​ចុះ​ធ្វើ​អនាម័យ​តាម​មូលដ្ឋាន លើ​កំណាត់​ផ្លូវជាតិ​លេខ១

​ភ្នំ​ពេ​ញ ៖ យោង​តាម​ប្រភព​ពី​លោក​គួ​យ គឹម​ហៀ​ង ប្រធាន​ការិយាល័យ​សាធារណការ​ខណ្ឌ​ច្បារអំពៅ​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា​ នៅ​ព្រឹក​ថ្ងៃទី​២៦​ ខែ​មីនា​ លោក​បាន​ដឹកនាំ​កម្លាំង​ប្រជា​ការពារ​សាលាខណ្ឌ ​ចុះទៅ​ធ្វើ​អនាម័យ​បោសសំអាត​កំទេច​ដី ​និង ​សំរាម​ក្នុង​មូលដ្ឋាន​ដែល​ក្នុង​នោះ​ក៏​មាន​ការដឹកនាំ​ផ្ទាល់​ពី​លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​ទៀតផង​។

លោក គួ​យ គឹម​ហៀ​ង បាន​បន្ត​ថា ​នៅ​ព្រឹក​នេះ​គឺ​កម្លាំង​ប្រជា​ការពារ​សាលា​ខណ្ឌ​ច្បារអំពៅ​បាន​បោសសំអាត​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ​ក្នុង​សង្កាត់​និរោធ​ដែល​លើ​កំណាត់​ផ្លូវ​នេះ​ពោរពេញ​ទៅដោយ​គំនរ​ដីខ្សាច់​តែម្តង​។ ហើយ​គំនរ​ដីខ្សាច់​នេះ​គឺ​បង្កដោយ​រថយន្ត​ដឹក​ដី​ដែល​ពុំបាន​គ្រប​កៅស៊ូ​និង​ខ្សាច់​សើម។

លោក​ប្រធាន​ការិយាល័យ​សាធារណការ​ខណ្ឌ​ច្បារអំពៅ ​បាន​ប្រាប់​កម្ពុ​ជាថ្មី​ទៀត​ថា ​លោក​សុំ​គោលការណ៍​ពី​លោក​អភិបាលខណ្ឌ​ ដើម្បី​ចាត់វិធានការ​ចាប់​ឃាត់​រថយន្ត​ដឹក​ដី​ដែល​បង្ក​ឲ្យ​ជ្រុះ​ពេញ​លើផ្លូវ​បែបនេះ​។​ កំទេច​ដី​នេះ​បង្ក​ឲ្យ​ហុយ​លើ​អ្នកធ្វើដំណើរ​ជាពិសេស​ប៉ះពាល់​ខ្លាំង​ទៅលើ​អ្នកបើកបរ​ម៉ូតូ​។

ក្នុង​នោះ​លោក​ប្រធានការិយាល័យ​សាធារណការ​ខណ្ឌ​បាន​សំណូមពរ​ដល់​ម្ចាស់​រថយន្ត​ដឹក​ដី​ត្រូវ​មាន​គំរប​កៅស៊ូ គ្រប​ពី​លើ​ទ្រុង​ការពារ​កុំ​ឲ្យ​ខ្ទាត​កំទេច​ដី មកលើ​ផ្លូវ​។ ចំណែក​ខ្សាច់​សើម​ត្រូវ​ក្រាល​កៅស៊ូ​បាត​ក្រោម​កុំ​ឲ្យ​ហូរ​ខ្សាច់​ធ្លាក់​លើផ្លូវ​។

ខ​ណៈ​ពេល​ដែល​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​ច្បារអំពៅ​ ចុះ​សំអាត​អនាម័យ​នេះ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នក​ធ្វើ​ដំណើរ​បាន​សំដែង​នូវ​ការ​អរគុណ​ដល់​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ដែល​ចុះ​ធ្វើ​អនាម័យ​លើ​ដងផ្លូវ​ដើម្បី​កុំ​ឲ្យ​ហុយ​លើ​អ្នក​ធ្វើ​ដំណើរ​នោះ​។

ក្នុង​នោះ​ដែរ ​ប្រជាពលរដ្ឋ​សុំ​ឲ្យ​អាជ្ញាធរ​ត្រូវមាន​វិធានការណ៍​តឹងរឹង​ចំពោះ​ម្ចាស់​រថយន្ត​ដឹក​ដី​ដែល​បង្ក​ការ​ជ្រុះ​ដី​លើផ្លូវ​ដែល​សំណូមពរ​របស់​ប្រជាពលរដ្ឋ​គឺ​ចាប់​រថយន្ត​យកមក​រក្សាទុក​នៅ​សាលាខណ្ឌ​ឲ្យ​យ៉ាងតិច​១​ខែ​ទើប​គេ​រាងចាល​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114