សៀមរាប ៖ កម្លាំងនគរបាលនាយកដ្ឋានក្រសួងមហាផ្ទៃនិងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាប បានធ្វើការស្រាវជ្រាវករណីលួចឆក់មានស្ថានទម្ងន់ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន៧នាក់ ដែលតែងតែឆក់និងលួចទ្រព្យសម្បត្តិ ពលរដ្ឋនិងភ្ញៀវទេសចរណ៍ ក្នុងសៀមរាបយ៉ាងសកម្មនាពេលកន្លងមក។
ការបង្ក្រាបនេះ ធ្វើឡើងនៅ ថ្ងៃទី១០និងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងទឹកដីសង្កាត់គោកចកនិងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាប បានធ្វើការជិះល្បាតតាមដងផ្លូវប្រទះឃើញម៉ូតូសង្ស័យម៉ូតូគ្មានស្លាកលេខចំនួន០២គ្រឿង ជិះគ្នា០៤នាក់ កម្លាំងយើងជិះដេញតាមឃាត់ខ្លួនបានចំនួនម្នាក់ ឈ្មោះ អាត អ៊ិត ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប(ជាមុខសញ្ញាសេសសល់ក្នុងករណីអំពើលួចឆក់) ជាមួយម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ឡើងតែមឆ្នាំ២០១៩ ពណ៌ខ្មៅ កាំបន្ទះស គ្មានស្លាកលេខ។
នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង២០និង២០នាទី កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បាននាំខ្លួនឈ្មោះ ខន ថុងណេង ហៅតុងឡេង ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប(ជាមុខសញ្ញាសេសសល់ក្នុងករណីអំពើលួចឆក់)។ លុះដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បន្តយកបានជនសង្ស័យសេសសល់ក្នុងករណីចំនួន៣នាក់ទៀតជាមុខសញ្ញាលួចឆក់និង មុខសញ្ញារក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០២នាក់។
ទី១.ឈ្មោះ សឿម ណារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរពុំពិតប្រាកដ ទីលំនៅភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ករណីឆក់។ ទី២.ឈ្មោះ ឃាន វ៉ាឃីម ភេទប្រុស អាយុ១៣ឆ្នាំ៨ខែ មុខរបរគ្មាន ទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប(ជាអនីតិជនក្រោម១៤ឆ្នាំ)ករណីឆក់។ ទី៣.ឈ្មោះ ហ៊ុន ចាន់វណ្ណះពេជ្រ ហៅអាប៉ែន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរពុំពិតប្រាកដ ទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ករណីឆក់។
ទី៤.ឈ្មោះ លឹម ហេង ហៅម៉ាប់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដស្រុកកំណើត/ទីលំនៅបច្ចុប្បន្នភូមិពោធិ៍បន្ទាយជ័យ សង្កាត់/ក្រុង/ខេត្តសៀមរាប(មុខសញ្ញាចែកចាយប្រើប្រាស់គ្រឿងញៀន)។ ទី៥.ឈ្មោះ ពិន សំណាង ហៅណាង ភេទប្រុស មុខរបរពុំពិតប្រាកដ អាយុ២៥ឆ្នាំ ស្រុកកំណើត/ទីលំនៅបច្ចុប្បន្នភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប(មុខសញ្ញាចែកចាយប្រើប្រាស់គ្រឿងញៀន)។
ដកហូតបានវត្ថុតាងគ្រឿងញៀនចំនួន៣កញ្ចប់ ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ គ្មានស្លាកលេខ ទូរស័ព្ទ០៣គ្រឿង។
បច្ចុប្បន្នមុខសញ្ញាឆក់ចំនួន៥នាក់ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង។ និង២នាក់ពាក់ព័ន្ធសារធាតុញៀនបានបញ្ជូនទៅការិយាល័យជំនាញចាត់នីតិវិធីបន្ត៕
កុសល