BREAKING NEWS
Search

កម្លាំង​អាវុធហត្ថ​៣៣​នាក់​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​បំពេញ​តួនាទី ភារកិច្ច​ប្រយុទ្ធ​ប្រឆាំង​និង​ជំងឺ​មេរោគ កូ​វីដ​១៩ បាន​ទទួល​ប័ណ្ណសរសើរ​

​បន្ទាយមានជ័យ ៖ កម្លាំង​អាវុធហត្ថ​ចំនួន​៣៣​នាក់​ ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​បំពេញ​តួនាទី ភារកិច្ច​ប្រយុទ្ធ​ប្រឆាំង​និង​ជំងឺ​មេរោគ កូ​វីដ​១៩ កន្លងមក​បាន​ទទួល​ប័ណ្ណសរសើរ នៅ​ព្រឹក ថ្ងៃ​ទី ៦ ខែ​មេសា ឆ្នាំ​២០២០ នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដោយមាន​ការចូលរួម លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត មេបញ្ជាការ​ង មេបញ្ជាការ ក្រុង ស្រុក និង​អ្នក​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។

​ក្នុង​នោះ​លោក​បោ​ន ប៊ិន​បាន​មានប្រសាសន៍ថា ​កម្លាំង​អាវុធហត្ថ​ទាំង​៣៣​នាក់​ ដែល​បាន​ទទួល​ប័ណ្ណសរសើរ​ពី​លោក​នោះ ​ព្រោះ​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការ​បំពេញ​តួនាទី ភារកិច្ច​ប្រយុទ្ធ​ប្រឆាំង​និង​ជំងឺ​មេរោគ កូ​វីដ​១៩ គោរព​តាម​បទបញ្ជា​របស់​លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​បញ្ជា​ការ​រង នៃ​កង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ដល់​កម្លាំង​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ​យក​រថយន្ត​របស់​អង្គភាព​អាវុធ​យក​ទៅ​ដឹក​ពលរដ្ឋ​ ដែល​បុក​មកពី​ប្រទេស​ថៃ​រាប់​ពាន់​នាក់​កកកុញ​ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​យក​ទៅ​ស្រុក​កំណើត​វិញ​ ដោយ​សុវត្តិភាព​ដែល​អាច​ធ្វើ​ទៅ​បាន​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​នៅ​យប់ ថ្ងៃ​ទី​២៣ ខែ​មិនា ឆ្នាំ​២០២០​នោះ​មាន​ពលករ​ខ្មែរ​ចំនួន​៥ ០០០​នាក់ ​ត្រូវ​បាន​ភាគី​ថៃ​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​មក​ស្រុកកំណើត​វិញ ដើម្បី​បញ្ចៀស​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​នោះ​ពួក​ពលករ​ទាំង​៥ ០០០​នេះ​អាជ្ញាធរ​កម្ពុជា តម្រូវ​ឲ្យ​ទៅ នៅ​មណ្ឌល​សំចត​មួយ​រយៈ​ ដើម្បី​ត្រួតពិនិត្យ​សុខភាព បើ​រក​ឃើញ​លើ​បុគ្គល​ណាមួយ​សង្ស័យ​ថា ​មាន​ផ្ទុក​មេរោគ គឺ​គេ​ទុក​ឲ្យ​ពួកគាត់​នៅ​ទីនោះ​រយៈពេល​១៤​ថ្ងៃ​ ដើម្បី​ព្យាបាល​បើ​រក​អត់​ឃើញ​សង្ស័យ​ថា មាន​មេរោគ​នោះ​ទេ ពួកគាត់ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ទៅតាម​លំនៅឋាន​រៀង​ៗ​ខ្លួន​វិញ ក្រោម​ការ​តាមដាន​ពី​អាជ្ញាធរ​មូលដ្ឋាន​បន្ត​ទៀត​។

​លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​កន្លែង​សំចត​មាន​ចំនួន​២​កន្លែង ទី​១ នៅ​ភូមិ​ដី​ថ្មី ស្ថិតក្នុង​សង្កាត់​ប៉ោយប៉ែត ទី​២ ស្ថិត​ក្នុង​ចំណត​រ៉ា​រថភ្លើង ហើយ​ពេលនេះ​ពលករ​ទាំងអស់​ស្ថិត​ក្រោម​ការ​យក​ចិត្ត​ទុក​ពី​អាជ្ញាធរ​កម្ពុជា​យ៉ាង​ខ្លាំង​។ ​លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ក្នុង​នោះ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា​បាន​ឲ្យ​កម្លាំង​អាវុធហត្ថ​ចូលរួម​សហការ​ជាមួយ​រាជ​រដ្នាភិបាល​និង​ក្រសួងសុខាភិបាល​ ក្នុង​ការ​ចាត់​វិធាន​កា​រ បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ COVID19 នៅ​តាម​អង្គភាព​អាវុធហត្ថ​នីមួយៗ​ ត្រូវ​តែ​មាន​ម៉ា​ស៊ីន​ពិនិត្យ​វាស់​កម្ដៅ​ក្នុង​ខ្លួន​មុន​ពេល​ចូល​ធ្វើការ ទឹក​អាល់កុល ឬ​ជែ​ល​សម្រាប់​លាង​សំអាត​ដៃ ត្រួតពិនិត្យ​ទាំង​ភ្ញៀវ​ខ្មែរ និង​បរទេស ដែល​ចូល​ទំនាក់ទំនង​ការងារ​ដោយ​ត្រូវ​ឲ្យ​ពួកគាត់​អនុវត្ត​វិធានការ​បង្ការ​ការ​ឆ្លង​នៃ​វីរុស COVID-១៩ តាមរយៈ​ការ​វាស់​ស្ទង់​កម្ដៅ​ក្នុង​ខ្លួន និង លាង​សំអាត​ដៃ​ជាមួយ​អាល់កុល ឬ​ជែ​ល ព្រមទាំង​ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ ព្រោះ​ជំងឺ​មេរោគ​កូ​រ៉ូ​ណា​ឬ​កូ​វីដ ១៩ COVID-19 ​អាច​ឆ្លងតាម​រូបភាព​និង​ស្ថានភាព​ផ្សេងៗ ក្នុង​នោះ​មានការ​តម្រូវ​ឲ្យ​លាង​សម្អាត​ដៃ​នឹង​ទឹក ទឹក​សាប៊ូ​និង​ទឹក​លាងដៃ​HAND Gel​ជាដើម​ហើយ​ការ​ជួប​គ្នា​ឬ​ស្វាគមន៍​គ្នា​ដោយ​លើកដៃ​សំពះ​គ្នា​ឬ លើកដៃ​ជា​សញ្ញា ចៀសវាង​ចាប់ដៃ​ព្រោះ​បារម្ភ​ចម្លង​មេរោគ​នេះ​។​ ក្នុង​នោះ​លោក​បោ​ន ​ប៊ិន​បាន​ផ្ដាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់​សូម​កាត់បន្ថយ​ជា​អប្បបរមា ក្នុង​ការ​នាំ​ក្រុម​គ្រួសារ ឬ​គ្រួសារ​កង​
​អាវុធហត្ថ​មិន​ត្រូវ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ ដូចជា​ពិធី​ជប់លៀង ខួ​ប​កំណើត​ជាដើម​ផង​ដែរ​៕

 

​អត្ថបទ៖ គង្គា​