ព័ត៍មានទាន់​ហេតុការណ៏
Search

ករណី​កសិដ្ឋាន​ចិញ្ចឹម​​ក្រពើ​​ មួយ​កន្លែង​​គ្មាន​ច្បាប់​ ពេល​នេះ​អាជ្ញាធរ​ចុះ​​ណែនាំ និង​​មាន​វិធាន​ការ​៤​ចំណុច

ព្រៃវែង ​៖​ បន្ទាប់​​ពី​​មាន​​​​​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​កម្ពុជា​​ថ្មី​ និង​មាន​ការ​រិះ​គន់​ពី​ប្រជាពលរដ្ឋ​ ដែល​នៅ​ក្នុង​ភូមិ​ផង​របង​ជាមួយ​​​​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​មួយ​កន្លែង​ ដែល​កំពុង​តែ​បង្ក​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ដល់​​ប្រជាពលរដ្ឋ​​មក​​នោះ​ ​នៅ​រសៀល​ថ្ងៃ​ទី​ ​១៤ ​ខែ​វិច្ឆិកា ​ឆ្នាំ២០១៩ ​​​លោក ចាន់ រ៉ាន់​អភិបាលរង​ខេត្ត ​និង​លោក ​អ៊ុក សំណាង​ ប្រធាន​មន្ទីរ​កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ ​និង​មន្ត្រី​ជំនាញ​ ចុះ​ទៅ​ពិនិត្យ​ នៅ​ទីតាំង​ជាក់​ស្ដែង​តែ​ម្ដង​។​

ក្នុង​ការ​ចុះ​ពិនិត្យ​ដល់​ទីតាំង​កន្លែង​ជាក់​ស្ដែង​​​​លោក​​អភិបាល​​រង​ខេត្ត​ រួម​​នឹង​មន្ត្រី​ជំនាញ​​បាន​ឃើញ​មាន​ក្រពើ​ចំនួន ​៣៨០​ ដែល​ម្ចាស់​ចិញ្ចឹម​កសិដ្ឋាន​​មាន​ឈ្មោះ​​ បាន​ នាង ​ភេទ​ស្រី​ អាយុ ៤៨ ​ឆ្នាំ​ នៅ​ភូមិ​ក្តី​ដូង ​ឃុំ​រោង​ដំរី​ ស្រុក​បាភ្នំ ​ខេត្ត​ព្រៃ​វែង​។​

លោក ចាន់ រ៉ាន់ អភិបាលរងខេត្ត បាន​ណែ​នាំ​ដល់​ម្ចាស់​ទីតាំង​ដែល​ចិញ្ចឹម​ក្រពើ​ត្រូវ​ធ្វើ​កិច្ចសន្យា​ជាមួយ​នឹង​មន្ត្រី​ជំនាញ​ ដើម្បី​សុំ​លិខិត​អាជីវកម្ម​អនុញ្ញាត​ឲ្យ​ចិញ្ចឹម​ក្រពើ ​និង​លិខិត​ដឹក​ជញ្ជូន​ក្រពើ​ និង​លិខិត​អនុញ្ញាត​ផ្សេង​ៗ​ទៀត​ និង​ត្រូវ​រៀប​ចំ​កន្លែង​ចិញ្ចឹម​ឲ្យ​បាន​ត្រូវ​ និង​ស្តង់​ដារ​បច្ចេកទេស​ដើម្បី​ធានា​សុវត្ថិភាព​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​ជាប់​ភូមិ​ផង​របង​ជាមួយ​​។

លោក ចាន់ រ៉ាន់ អភិបាលរងខេត្ត​ក៏​បាន​ឱ្យ​ម្ចាស់​ទីតាំង​ចិញ្ចឹម​ក្រពើ​អនុវត្តតាម​កិច្ចសន្យា​ ​៤ ​ចំណុច​ដូច​ខាង​ក្រោម​៖​

ទី១​ ត្រូវ​ឲ្យ​ម្ចាស់​ទីតាំង​ចិញ្ចឹម​ក្រពើ​ធ្វើ​សំណើ​ស្នើ​សុំ​លិខិត​អនុញ្ញាត​ចិញ្ចឹម​ក្រពើ​ស្រប​តាម​នីតិវិធី​ និង​សុំ​លិខិត​អនុញ្ញាត​ដឹក​ជញ្ជូន​ឱ្យ​បាន​ត្រឹម​ត្រូវ​។

ទី​២​សាង​សង់​អាង​ចិញ្ចឹម​ក្រពើ​បន្ថែម​ទៀត​ឲ្យ​បាន​ត្រឹម​ត្រូវ​ស្រប​តាម​ស្តង់ដារ​បច្ចេកទេស​ឲ្យ​បាន​រួច​រាល់​ក្នុង​រយៈ​ពេល ​២៥ ​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​ ១៤​ ខែ​វិច្ឆិកា ​ដល់​ថ្ងៃ​ទី​​ ៨​ ខែ​ធ្នូ ​ឆ្នាំ​២០១៩ ​នេះ​ជា​កំហិត​ ដោយ​ធ្វើ​របង​បេតុង​ឥដ្ឋ​កម្រាស់ ​២០ ​កម្ពស់ ​១.២​ម៉ែត្រ ​ធ្វើ​របង​សំណាញ់​ដែក​ត​ពី​ឥដ្ឋ​ឲ្យ​បាន​កម្ពស់​៤​ ម៉ែត្រ។​

ទី៤​ ម្ចាស់​​ទីតាំង​ចិញ្ចឹម​ក្រពើ​ត្រូវ​ធានា​បរិស្ថាន​ក្នុង​ការ​ចិញ្ចឹម​ក្រពើ​ និង​ធានា​សុវត្ថិភាព​ដល់​ការ​រស់​នៅ​ផ្ទាល់ ​និង​អ្នក​រស់​នៅ​ជុំវិញ។ ករណី​ម្ចាស់​ទីតាំង​ចិញ្ចឹម​ក្រពើ​បើ​ចង់​បន្ថែម​ក្រពើ ​និង​លក់​ក្រពើ​ត្រូវ​ផ្ដល់​ដំណឹង​ជូន​សមត្ថកិច្ច​ និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ជា​ដាច់​ខាត​។​

លោក ចាន់ រ៉ាន់ អភិបាលរងខេត្ត ក៏​បាន​ណែ​នាំ​ដល់​ម្ចាស់​ទីតាំង​ចិញ្ចឹម​ក្រពើ​នោះ​ថា​ប្រសិន​បើ​ការ​ចិញ្ចឹម​ក្រពើ​នេះ​មាន​បញ្ហា​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​ភូមិ​ផង​របង​ជាមួយ​គឺ​ម្ចាស់​ចិញ្ចឹម​ក្រពើ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ ករណី​ប្រសិន​បើ​ពិនិត្យ​ឃើញ​ថា​ការ​ចិញ្ចឹម​មិន​ត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស​បទដ្ឋាន​របស់​មន្ទីរ​ជំនាញ​លោក និង​បិទ​ទីតាំង​ចិញ្ចឹម​ក្រពើ​នេះ​តែ​ម្តង​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114