ព័ត៍មានទាន់​ហេតុការណ៏
Search

ករុណា ពេជ្រ​ ត្រូវ​ជន​មិន​ស្គាល់​មុខ ​ប៉ង​​​​​ប្លន់​ទាំង​យប់

ភ្នំពេញ​ ៖​ តារា​ប្រុស​លោក ករុណា ពេជ្រ មួយ​រយៈ​ចុងក្រោយ​នេះ​ ហាក់​មាន​យីអ៊ុន​ពុំសូវ​ល្អ​ឡើយ​ខណៈ​ដែល​ឪពុក​ជាទី​ស្រលាញ់​ធ្លាក់ខ្លួន​ឈឺ​មិនទាន់​បានជា​សះស្បើយ​ផង​ ក៏​ស្រាប់តែ​មកជួប​រឿង​ស៊យ ​ត្រូវ​ជន​មិន​ស្គាល់មុខ​លួច​គប់​កញ្ចក់​រថយន្ត​ទាំងយប់ ​ធ្វើ​ឲ្យ​លោក​ភ័យ​ស្ទើរ​បាត់​ព្រលឹង​ពី​ខ្លួន។

លោក ករុណា ពេជ្រ បាន​រៀបរាប់​ឲ្យ​ដឹងថា ​លោក​សូម​ចែករំលែក​ព័ត៌មាន ដែល​ជន​ឆ្លៀត​ឱកាស​គប់​កញ្ចក់​ឡានរបស់​ខ្លួន ដើម្បី​ធ្វើ​សកម្មភាព​នានា ពេល​ដែល​មកដល់​កន្លែង​ស្ងាត់​ពេលយប់​…​។​ ដូច្នេះ​ពេលយប់​ស្ងាត់​សូម​បងប្អូន​ប្រុងប្រយ័ត្ន ឲ្យ​បាន​ល្អ ព្រោះ​គ្រប់​កាលៈទេសៈ ​គ្រប់​ទីកន្លែង និង គ្រប់​បណ្ដា​ប្រទេស​ទាំងអស់​លើ​ពិភពលោក​ តែងតែ​មាន​ជន​មួយ​ចំនួន​តូច​ តែងតែ​ឆ្លៀត​ឱកាស​ពេលដែល​យើង​គ្រប់គ្នា​ខ្វះ​ការប្រុងប្រយ័ត្ន និង​នឹកស្មាន​មិន​ដល់​…​។​

​លោក​បន្តថា​ នេះ​ពិតជា​សំណាង​ធំ​របស់លោក​ហើយ ដែល​ជន​ឆ្លៀតឱកាស​មាន​គ្នា​៥​នាក់ ស្ទាក់​ឡាន​លោក​ឲ្យ​ឈប់​ដល់​លោក​អត់​ឈប់​ពួកគេ​ក៏​គប់​ឡាន​លោក​តែម្តង ​ប៉ុន្តែ​លោក​មិន​ឈប់​ នៅតែ​បន្ត​បើក​ទៅមុខ​រហូត។ ហើយក៏​សំណាង ​ដែល​គប់​មិន​ចំ​កន្លែង​លោក​បើក ហើយ​ត្រូវតែ​កញ្ចក់​ចំហៀង​ខាងក្រោយ​តៃកុង ​ប្រសិន​ចំ​តួ​ឡាន​វិញ​ គឺ​រឹតតែ​ចប់​ហ្មង សរុប​មក​ចុងក្រោយ​ដូរ​កញ្ចក់​អស់​១០០​ដុល្លារ​ ប៉ុន្តែ​ព្រលឹង​ហោះ​ទៅ​ស៊ី​ព្រលិត​បាត់​ហើយ។

លោក ករុណា ពេជ្រ បន្ថែមទៀតថា ​សាជាថ្មី​ពេលយប់​សូមកុំ​ជិះ​ផ្លូវ​ស្ងាត់ ហើយ​មាន​ហេតុការណ៍​អ្វី​កុំ​ឈប់​កន្លែង​ស្ងាត់​ឲ្យ​សោះ ហើយ​សូម​ប្រុងប្រយ័ត្ន​គ្រប់ពេលវេលា ព្រោះ​ជន​ឆ្លៀតឱកាស​មួយចំនួន​តូច អាច​ឆ្លៀត​ធ្វើ​មក​លើ​យើង​បាន ពេល​ដែល​យើង​ភ្លេចខ្លួន​តែប៉ុណ្ណោះ។

ជាមួយគ្នា​ដែល​លោក ករុណា ពេជ្រ លើកឡើង​នេះដែរ​ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ក៏បាន​ស៊ែរ​ចែករំលែក​ព័ត៌មាន​ភ្ជាប់​នឹង​ការអំពាវនាវ​ដែរ​ថា ​មួយរយៈ​នេះ​សំបូរ​ករណី​នេះ​ណាស់ អាជ្ញាធរ​តាម​តំបន់​គួរ​ពង្រឹង​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្រើន​ផង។ បើ​ឃើញ​ព័ត៌មាន មាន​ករណី​កើតឡើង​នៅ​តំបន់​ណា ​អាជ្ញាធរ​តំបន់​នោះ​ គួរ​ពង្រឹង​ និង​ចុះស៊ើប​អង្កេត​តំបន់​នោះ​ផង។ យ៉ាងណាមិញ​កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃទី​១៤ ខែ​វិច្ឆិកា នេះ​ មិនទាន់​អាច​ស្វែងរក​ការ​សួរនាំ​បន្ថែម​ពី​លោក ករុណា ពេជ្រ ជុំវិញ​ករណី​នេះ​បាន​នៅឡើយ​ទេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114