កសិករ​ចិញ្ចឹម​ទា​នៅ​ខេត្ត​ស្ទឹងត្រែង ​ស្វែងរក​បច្ចេកទេស​ថែទាំ​ពី​មន្ត្រី​ជំនាញ​កសិកម្ម​

ស្ទឹងត្រែង ៖ កសិករ​នៅ​សង្កាត់​សាមគ្គី​ ក្រុង/ខេត្តស្ទឹងត្រែង ស្វែងរក​បច្ចេកទេស​ចិញ្ចឹម​ និង​ថែទាំ​សត្វ ក្នុងពេលដែល​ពួកគាត់​សម្រេច​ចិត្តជា​លើកដំបូង ចិញ្ចឹម​ទា​ជាង ​៥ ០០០​ ក្បាល​ ដើម្បី​ធ្វើជា​គំរូ​ក្នុង​ខេត្ត​នេះ​។​

លោក​ស្រី​ឡុង ស៊ីថា បាន​បញ្ជាក់​ថា នៅ​ខេត្ត​ស្ទឹងត្រែង មុខរបរ​ចិញ្ចឹម​ទា មិន​សំបូរ​បែប​ដូច​នៅ​ខេត្ត​ព្រៃវែង​ទេ ដោយសារតែ​នៅ​ខេត្ត​នេះ​មាន​លក្ខណៈ​ភូមិសាស្ត្រ​​ស្ថាន​ភាព​មិន​អំណោយផល ចំណែក​កសិករ​យើង​ភាគច្រើន​និយម​ដាំ​តែ​ដំណាំ​កសិកម្ម​ជា​បន្លែបង្ការ​តែប៉ុណ្ណោះ​។​

លោកស្រី​ថា ការ​ចិញ្ចឹម​ទា​នេះ ​ពួកគាត់​មិនទាន់​បាន​ទទួល​ការ​ហាត់រៀន​បច្ចេកទេស​ពី​មន្ត្រី​ជំនាញ​កសិកម្ម​ទេ គឺ​អនុវត្ត​តាមតែ​លក្ខណៈ​ធម្មតា ដែល​ធ្វើឲ្យ​ការងារ​ចិញ្ចឹម​សត្វ​មិនបាន​ឆ្លើយតប​តាម​ការ​ចង់​បាន ​ខ្លះ​កន្លះ​ខែ​អញ្ចឹង​ពង​ឲ្យ​យើង​ទៅតាម​ចំនួន​កំណត់។ តែ​ដល់​ពេលខ្លះ​ អាកាសធាតុ​ប្រែប្រួល​ពង​មិន​គ្រប់​តាម​ការកំណត់​នោះ​ទេ ទា​ ៥ ០០០ ​ពី​ដំបូង​ ពង​បានតែ​មួយ​រយ ​២​រយ​គ្រាប់ តែប៉ុណ្ណោះ​។​

លោកស្រី ញឹ​ប​ សា​ឯម អ្នក​ផ្តល់​ចំណី​ទា​បាន​អះអាងថា មុខរបរ​ចិញ្ចឹម​សត្វ​ជា​ផ្នែក​មួយ ជួយ​កែប្រែ​ជីវភាព​រស់នៅ​បាន ដោយ​មិនបាច់​ធ្វើ​ចំណាកស្រុក​ទៅ​លក់​កម្លាំង​ពលកម្ម​ឆ្ងាយ​ពី​ស្រុកកំណើត​ខណៈ​បច្ចុប្បន្ន ពិភពលោក​យើង​កំពុង​កើត​ជំងឺ (​កូ​វីដ-​១៩​ផង​)​។​

លោកស្រី​ថា បរិមាណ​ទា​ជាង​ ៥ ០០០​ ក្បាល​នេះ ​បាន​ចិញ្ចឹម​ជាង​មួយឆ្នាំ​មកហើយ បច្ចុប្បន្ន​បាន​នាំ​យក​ស៊ុត​ទៅ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ខេត្ត​មិនទាន់បាន​ឆ្លើយតប​តាម​ការចង់បាន​នៅឡើយ ដោយសារ​ខ្វះ​បច្ចេកទេស​ក្នុង​ការ​ថែទាំ។ ចង់​សំណូមពរ​ឲ្យក្រុម​កសិកម្ម​មក​បង្ហាត់បង្រៀន​ឲ្យ​នាង​ខ្ញុំ​ចេះ ព្រោះថា​ចង់​ទទួល​ផល​បាន​ច្រើន​ ព្រោះ​ឥលូវ​នេះ ចេះតែ​ចិញ្ចឹម​ទេ អត់​ដឹង​ការថែទាំ​ដូច​ម៉េច​ទេ​ ចង់​សំណូម​ពរ​ឲ្យ​មក​បង្ហាត់បង្រៀន​នាង​ខ្ញុំ​ផង​។​

សូម​បញ្ជាក់​ថា​ មុខរបរ​ចិញ្ចឹម​សត្វ​នៅ​ខេត្ត​ស្ទឹងត្រែង​មិនទាន់​រីកចម្រើន​នៅឡើយ​ទេ​ ព្រោះ​ខ្វះ​ផ្នែក​ដៃគូ​ជួយ​គាំទ្រ ហើយ​ការ​បណ្ដុះបណ្ដាល​ពី​មន្ត្រី​ជំនាញ​កសិកម្ម​ ក៏​នៅ​មាន​កម្រិត​ដែរ​៕
អត្ថបទ ៖ ​ងិន ​លីម​

សូមចុចអាន ៖ ប្រជាពលរដ្ឋ​៣​គ្រួសារ​នៅក្នុង​ឃុំ​ស្រែ​ថ្មី​បន្ត​ប្រពៃណី​ដុត​ក្រឡាន​ពី​ដូនតា

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114