BREAKING NEWS
Search

កាកបាទក្រហម​ខណ្ឌ​ទួលគោក ​ផ្តល់​អំណោយ​ជូន​ពលរដ្ឋ​ក្រីក្រ និង​ចាស់ជរា​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​សាកល​

ភ្នំពេញ​ ៖ អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ទួលគោក ​ដឹកនាំ​ដោយ​លោក ឯក ឃុន​ដឿ​ន ជា​ប្រធានកិត្តិយស អនុសាខា​កាកបាទក្រហម​ខណ្ឌ​បានផ្តល់​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា ចំនួន៦៥​គ្រួសារ ក្នុងឱកាស​បុណ្យចូលឆ្នាំ​សាកល​ឆ្នាំ​២០១៧​នេះ​។​​ ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៦ នៅ​សាលាខណ្ឌ​ទួលគោក ដោយ​មាន​ការ​និមន្ត​ចូលរួម​ពី​ព្រះចៅអធិការ​វត្ត​នាគ​វ័ន​ផងដែរ​។​

​លោក ឯក ឃុន​ដឿ​ន បាន​ប្រសាសន៍​លើកឡើងថា ក្រោម​ការយកចិត្តទុកដាក់​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធាន​កាកបាទក្រហម​កម្ពុជា សម្ដេច​តែងតែ​ធ្វើការ​ជំរុញ ​និង​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ​ត្រូវ​ចុះ​ផ្ទាល់​ដល់​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ដើម្បី​ពិនិត្យមើល​ពី​ស្ថានភាព​ជាក់ស្តែង​ពី​ការរស់នៅ​របស់​ពួកគាត់​ ពោល​គឺ បើ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ជួប​ការលំបាក​ខ្លាំង​ក្នុង​ជីវភាព​គ្រួសារ ក្នុងនាម​អាជ្ញាធរ​ ត្រូវ​ចុះជួយ​ពួកគាត់​តែម្តង ដោយ​មិនត្រូវ​ទុកឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ការ​អត់បាយ​ដោយ​យើង​មិន​បាន​ដឹង​នោះទេ​។​

លោក​បាន​បន្តថា ជាក់ស្តែង​សម្រាប់​ពេលនេះ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​បាន​រីករាយ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​សាកល​នេះ​ និង​ដើម្បី​ជាការ​ដោះស្រាយ​ជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ​បាន​មួយកម្រិត​ផង​នោះ​ទើប​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​ទួលគោក ផ្តល់​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា ចំនួន​៦៥​គ្រួសារ​នេះ​តែម្ដង ដោយ​អំណោយ​ទាំងនេះ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​។​

អំណោយ​របស់​កាកបាទ​ក្រហម​កម្ពុជា ដែល​បាន​ចែកជូន​ក្រុមគ្រួសារ​ងាយ​រងគ្រោះ ចាស់ជរា ចំនួន ៦៥​គ្រួសារ​នេះ ក្នុង​១​គ្រួសារ​ទទួលបានអង្ករ៣០​គីឡូ ទឹកដោះគោ​ខាប់១កំប៉ុង មី០៥កញ្ចប់ ស្ករស ០.៥​គីឡូ តែ១កញ្ចប់ ត្រីខ១កំប៉ុង និងថវិកា​សរុប១៥០០០​រៀល​។​

លោក ឯក ឃុន​ដឿ​ន ក្នុងឱកាស​នោះ​ក៏បាន​ថ្លៃ​ង​ការដឹងគុណ ​និង​ដឹង​ព្រះ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន និង​ព្រះចៅអធិការ​វត្ត​នាគ​វ័ន ដែល​កន្លងមក​តែងតែ​យកចិត្តទុកដាក់ ​និង​បាន​ចូលរួម​បរិច្ចាគ​ធនធាន​ជាប់​ជានិច្ច​មកដល់​អនុសាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​ទួល​គោក ដើម្បី​ឲ្យ​យើង​បាន​យក​ទៅ​បន្ត​ចែក​ជួន​ប្រជាពលរដ្ឋ​ក្រីក្រ​បន្តទៀត៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114