BREAKING NEWS
Search

កាដូ​ឆ្នាំ​ថ្មី​ សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​ផ្តល់ ​អគារសិក្សា​១៥​ខ្នង​ ស្មើនឹង​១៩៦​បន្ទប់ ឲ្យ​ខេត្ត​ព្រះសីហនុ​

​ព្រះសីហនុ ​៖ ​ក្នុងឱកាស​អញ្ជើញ​ដង្ហែ​ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី និង សម្តេចម៉ែ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ឆ្លង​ឆ្នាំ​ចាស់​ចូលឆ្នាំថ្មី​ឆ្នាំ​សកល ២០១៧ នៅ​ខេត្ត​ព្រះសីហនុ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន  ​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ឆ្លៀត​អញ្ជើញ​ចុះសួរសុខទុក្ខ​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​នៅ​សាលា​ចំនួន ៦ នៅក្នុង​ខេត្ត​ព្រះសីហនុ ដោយបាន​ផ្តល់​អគារសិក្សា ទីចាត់ការ និង អគារ​ស្នាក់នៅ​សម្រាប់​គ្រូៗ ចំនួន ១៥ ខ្នង ស្មើនឹង​១៩៦​បន្ទប់ រួមទាំង​ជួសជុល​ទីធ្លា​សាលា​តារាង​បាល់ទាត់​និង​ឧបត្ថម្ភ​ដំណើរ​កម្សាន្ត​ផងដែរ ដែលជា​កាដូ​ឆ្នាំ​ថ្មី​២០១៧​។

នៅក្នុង​ខេត្ត​ព្រះសីហនុ​សម្តេច​តេ​ជោ​ បាន​ចុះទៅ​កាន់​សាលា​គរុកោសល្យ​និង​វិក្រិតការ​ខេត្ត​ព្រះសីហនុ ដែល​ស្ថិតក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានផ្តល់​អគារសិក្សា​ថ្មី​១​ខ្នង កម្ពស់ ៤ ជាន់ ស្មើនឹង​៣២​បន្ទប់​, ទី​ចាត់​១​ខ្នង​មាន​៣​បន្ទប់​, អគារ​ស្នាក់នៅ​របស់​សិស្ស​១​ខ្នង​កម្ពស់​២​ជាន់ មាន​១០​បន្ទប់​ ,​ផ្ទះ​គ្រូ​១​ខ្នង​កម្ពស់​២​ជាន់​មាន​១០​បន្ទប់ ​រួម​ទាំង​ធ្វើ​ខ្លោងទ្វារ​សាលា​, តារាង​បាល់ទាត់ និង​ផ្តល់​ជូន​នូវ​ដំណើរ​កម្សាន្ត​ទៅលេង​សៀមរាប នៅ​ខែ​មករា​ខាងមុខនេះ ទាំង​គរុកោសល្យ និង​បឋមសិក្សា​និង​គ្រូ​។

បន្ទាប់មក​សម្តេច​តេ​ជោ​បានធ្វើ​ដំណើរ​ទៅកាន់​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះសីហនុ, នៅ​សាលា​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់​ជូន​អគារ​១​ខ្នង​កម្ពស់​៤​ជាន់ មាន​២៤​បន្ទប់​, អគារ​ស្នាក់នៅ​គ្រូ​១​ខ្នង កម្ពស់​៤​ជាន់ មាន​១៦​បន្ទប់​, ទីចាត់ការ​១​ខ្នង មាន​៣​បន្ទប់ និង​ផ្តល់ជូន​កុំព្យូទ័រ​១០០​គ្រឿង​ផងដែរ​។

ត​មក​សម្តេច​តេ​ជោ​បាន​ទៅកាន់​សាលាបឋមសិក្សា​អនុវត្តន៍​ក្នុង​ខេត្ត​ព្រះសីហនុ​។ ​នៅ​ទីនោះ​សម្តេចនាយក​រដ្ឋមន្ត្រី បានផ្តល់​ជូន​នូវ​អគារ សិក្សា​ថ្មី​១​ខ្នង​កម្ពស់​២​ជាន់ ស្មើនឹង​១៦​បន្ទប់​, ទីចាត់ការ​១​ខ្នង មាន​៣​បន្ទប់ និង​ជួសជុល​អគារ​ចាស់ៗ​។

សម្តេច​ក៏បាន​បន្តដំណើរទៅកាន់​សាលាបឋមសិក្សា ហ៊ុន សែន​ក្រុង ខេត្ត​ព្រះសីហនុ​។ នៅ​សាលា​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានផ្តល់​ជូន​អគារ​សិក្សា​១​ខ្នង​កម្ពស់​៣​ជាន់ មាន​៣០​បន្ទប់​, ទីចាត់ការ​១​ខ្នង​មាន​៣​បន្ទប់ និង​ធ្វើ​តារាង​បាល់ទាត់ និង​បាល់បោះ​។​
នៅ​អនុវិទ្យាល័យ​សម្តេច​ឪ​ខេត្ត​ព្រះសីហនុ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ផ្តល់​ជូន​តារាង​បាល់ទាត់ បាល់ទះ និង​បាល់បោះ​កុំព្យូទ័រ​២៤​គ្រឿង និង​ម៉ាស៊ីន​ព្រី​ន​២​គ្រឿង​។​

នៅ​ចុងក្រោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ទៅកាន់​សាលា​បឋម និង​អនុវិទ្យាល័យ​កម្មករ ក្រុងព្រះសីហនុ។ នៅ​សាលា​នោះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តល់ជូន​អគារសិក្សា​ចំនួន​២​ខ្នង ដោយ​១​ខ្នង កម្ពស់​៣​ជាន់ មាន​៣០​បន្ទប់ និង​១​ខ្នង​ទៀត កម្ពស់​៣​ជាន់​មាន​១៥​បន្ទប់ សាងសង់​ទីចាត់ការ​បឋមសិក្សា និង​អនុវិទ្យាល័យ​២​ខ្នង មាន​៦​បន្ទប់ ផ្តល់ជូន​កុំព្យូទ័រ​៤​គ្រឿង ម៉ាស៊ីន​ព្រី​ន​២​គ្រឿង និង​ម៉ាស៊ីន​ថតចម្លង​១​គ្រឿង ព្រមទាំង​ធ្វើ​របង និង​ខ្លោងទ្វារ​ថ្មី​ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114