ការងារ​អប់រំ គឺ​មិន​អាច​កាត់ផ្ដាច់​ពី​ភាព​ប្រទាក់ក្រឡា​គ្នា​លក្ខណៈ​ជា​ប្រព័ន្ធ​ នៃ​មជ្ឈដ្ឋាន​ទាំងបី គឺ​សាលា​រៀន គ្រួសារ និង​សង្គម​បាន​ឡើយ​
BREAKING NEWS
Search

ការងារ​អប់រំ គឺ​មិន​អាច​កាត់ផ្ដាច់​ពី​ភាព​ប្រទាក់ក្រឡា​គ្នា​លក្ខណៈ​ជា​ប្រព័ន្ធ​ នៃ​មជ្ឈដ្ឋាន​ទាំងបី គឺ​សាលា​រៀន គ្រួសារ និង​សង្គម​បាន​ឡើយ​

កំពត ៖ អភិបាលរង​ខេត្ត​កំពត បាន​លើក​បញ្ជាក់​ថា​ ៖ ជាការ​ពិតណាស់​ការអប់រំ​ទាមទារ​នូវ​ការ​ចូលរួម​ពី​គ្រប់ផ្នែក​ពាក់ព័ន្ធ និង​គ្រប់​ជ្រុងជ្រោយ មិន​អាច​ខ្វះ​ធាតុ​ចូលរួម​ណាមួយ​បាន​ឡើយ ដោយ​មិនអាច​ពឹងផ្អែក​តែ​លើ​វិស័យ​អប់រំ​មួយផ្នែក​បានទេ គឺ​មានន័យថា “​សាលារៀន​ជា​របស់​សហគមន៍ ហើយ​សហគមន៍​ដើម្បី​សាលារៀន​”​។​

​នេះ​ជាការ​លើកឡើង​របស់ លោក ភូ លិ តំណាង លោក ជាវ តា​យ អភិបាល ​នៃ​គណៈ​អភិបាលខេត្ត នៅ​ក្នុង​ឱកាស នៃ​ការបើក​អង្គ​សន្និបាត​បូកសរុប និង​វាយតម្លៃ លទ្ធផល​ការងារ​អប់រំ​ យុវជន និង​កីឡា​ខេត្ត ដំណាច់​ឆ្នាំ​សិក្សា ២០១៨-២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​សិក្សា​២០១៩-២០២០​ នៅ​មន្ទីរអប់រំ​យុវជន​ និង​កីឡា​ខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០២០​។​

​លោក​អភិបាលរង​ខេត្ត​បាន​បន្តទៀតថា ក្នុងន័យ​ខាងលើនេះ គឺ​ការអប់រំ យើង​មិន​អាច​កាត់ផ្ដាច់​បាន​និងមាន​ភាព​ប្រទាក់​ក្រឡា​គ្នា មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ នៃ​មជ្ឈដ្ឋាន​អប់រំ​ទាំង​បី រួមមាន សាលារៀន គ្រួសារ និង​សង្គម បើ​មិន​ដូច្នោះ​ទេ ​ពិតជា​មិនអាច​ទទួលបាន​នូវ​សមិទ្ធផល​ល្អ សម​តាម​គោល​បំណង គោលដៅ​របស់​យើង​ដែល​បាន​គ្រោងទុក​នោះឡើយ ពោលគឺ​តម្រូវ​ឲ្យ​សាលា​រៀនមាន​កិច្ច​សហការ​ជិតស្និទ្ធ​ជាមួយ​គ្រួសារ និង​សហគមន៍ ឬ​សាលារៀន ​ត្រូវ​ផ្សារភ្ជាប់​ជាមួយ​គ្រួសារ និង​សង្គម​។

​លោក​អភិបាលរង​ខេត្ត​ក៏បាន​ស្នើ​ដល់​អង្គសន្និបាត​ដែលមាន​រយៈពេល​ពីរ​ថ្ងៃនេះ រួមគ្នា​រក​ឲ្យ​ឃើញ​នូវ​មេរៀន​បទពិសោធន៍​ថ្មីៗ បញ្ហា​ប្រឈម​នានា ដំណោះស្រាយ​បែប​វិជ្ជមាន វិធីសាស្ត្រ​ដោះស្រាយ​ល្អៗ ជា​គន្លឹះ​បន្ថែម​ទៀត និង​ប្រមូលផ្ដុំ គ្រប់​ធាតុ​ចូល​ទាំងឡាយ ព្រមទាំង​ចំណុច​សេសសល់​ដើម្បី​កែលំអ កសាង និង​អភិវឌ្ឍន៍​វិស័យ​អប់រំ​ក្នុង​ខេត្ត​ដោយ​ដាក់​ចេញ ជា​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ក្នុង​ឆ្នាំ​សិក្សា​២០១៩-២០២០​នេះ ដើម្បី​រួមចំណែក​ក្នុងការ​អនុវត្ត ឲ្យ​ឆ្លើយតប​ទៅ​នឹង​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ​២០១៩-២០២៣ និង​កំណែទម្រង់​វិស័យ​អប់រំ ជាពិសេស​ផ្ដោត​ការយកចិត្តទុកដាក់​លើ​ប្រធានបទ​ពាក់ព័ន្ធ​ទៅ​នឹង​អនុ​វិស័យ​ទាំង​៦ នៅ​ថ្នាក់ក្រោម​ជាតិ សំដៅ​ពង្រឹង​គុណភាព​អប់រំ​ឲ្យ​មាន​កំណើន​ឡើង​មួយ​កម្រិត បន្ថែម​ទៀត​។​

​សូមជម្រាបថា ​៖ បើ​យោងតាម​របាយការណ៍​រ​បស់​ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត គឺ​ លោក តាក ហាប ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ​សិក្សា​២០១៩-២០២០ នេះ​ ខេត្ត​កំពត​មាន​ម​ត្តេ​យ្យ​សិក្សា​សាធារណៈ​ចំនួន​២០០​កន្លែង ​មាន​កុមារ​ចូល​សិក្សា​សរុប​ចំនួន ៧.៦៧៩ ​នាក់​។ មាន​សាលាបឋមសិក្សា​សាធារណៈ​ចំនួន ៣១១ សាលា មាន​សាលា​សម្ព័ន្ធ​ចំនួន​២​សាលា មាន​សិស្ស​សរុប​ចំនួន ៧៦.៨១៤​នាក់ សាលា​គ្រឹះស្ថានសិក្សា​សាធារណៈ​សរុប​ចំនួន​១០០​សាលា ក្នុងនោះ អនុវិទ្យាល័យ​ចំនួន ៧៦ មាន​សិស្ស​សរុប ១៧.៣០៨​នាក់ វិទ្យាល័យ​ចំនួន ២៤ មាន​សិស្ស​សរុប​ចំនួន​២៣.៦៨២​នាក់​៕

 
អត្ថបទ ៖ សេង ណា​រិ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114