ការដ្ឋាន​ប្រឡាយ​ស្ទឹងមានជ័យ មកដល់ពេលនេះ សម្រេច​បាន​ជាង​១០០០​ម៉ែត្រ ស្មើ​និង​៦៨ ភាគរយ ដោយ​គ្រោង​និង​បញ្ចប់​នៅ​ខែ​កក្កដា​ខាងមុខ​

​ភ្នំពេញ​ ៖ ការដ្ឋាន​បុក​ស៊ី​ផាយ​នៅ​ប្រឡាយ​ស្ទឹងមានជ័យ មកដល់ពេលនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​ការងារ​បាន​ជាង​១០០០​ម៉ែត្រ​ហើយ ស្មើ​និង​៦៨ ភាគរយ ដោយ​គ្រោង​និង​បញ្ចប់​នៅ​ខែ​កក្កដា​ខាងមុខនេះ ។​

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ការដ្ឋាន​សាងសង់​ប្រឡាយ​ស្ទឹងមានជ័យ មកដល់ពេលនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បាន​ការងារ​មួយ​ចំនួន​ធំ​ហើយ ក្នុង​នោះ​រួមមាន ៖ ទី.​១ ការងារ​បុក​ Sheet Pile ចាក់​និង​តម្កើង​បង្កាន់ដៃ​បាន​ប្រវែង ៧៦៣​ម៉ែត្រ​។ ទី​.២ ចាក់​លូ​ប្រអប់​៣​ជួរ ទទឹង​៨​ម៉ែត្រ បាន​ប្រវែង ២៥៧​ម៉ែត្រ ។​សរុប​សាងសង់​បាន​ប្រវែង​១០២០​ម៉ែត្រ លើ​ប្រវែង​សរុប​១៥០០​ម៉ែត្រ ស្មើនឹង​៦៨% ។ ទី​៣ ជា​ទិសដៅ​គ្រោង​បញ្ចប់ នៅ​ខែ​កក្កដា​២០២០​ខាងមុខនេះ បើ​ក្នុង​ករណី​បាន​ដោះស្រាយ​ផល​ប៉ះពាល់​បាន​ទាន់​ពេលវេលា​។​

គួរ​បញ្ជាក់​ថា តំបន់​ស្ទឹងមានជ័យ រដ្ឋបាល​រាជធានី បាន​នឹង​កំពុង​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ​ដោយ​ចាក់​បេតុង​បុក​ស៊ី​ផាយ ទទឹង​៨​ម៉ែត្រ ហើយ​គម្រោង​នេះ ត្រូវ​បាន​បែងចែក​ជា​៤​ដំណាក់​កាល ។ ក្នុង​នោះ​ដំណាក់​កាល​ទី.​១ មាន​ប្រវែង​៣២៦​ម៉ែត្រ សងខាង​ប្រឡាយ​សរុប​ប្រវែង​៦៥២​ម៉ែត្រ ហើយ​ក្នុង​ជំហាន​ទី​១​នោះ រដ្ឋបាល​រាជធានី​បានសម្រេច​ចាប់ឆ្នោត​ប្រគល់​ដី ​ជូ​ន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​លើ​ប្រឡាយ​ចំនួន​១៥២​គ្រួសារ​រួចហើយ ។​

ប្រឡាយ​ស្ទឹងមានជ័យ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​ធ្វើការ​អភិវឌ្ឍ នេះ​ឆ្លងកាត់​ខណ្ឌ​ចំនួន​២ គឺ​ខណ្ឌ​មានជ័យ​និង​ខណ្ឌ​សែន សុខ ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​និង​រង​ផល​ប៉ះពាល់​ប្រឡាយ​នេះ​ចំនួន​ជាង​៥០០​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់​នេះ​នឹង​ទទួល​បាន​ដី​ទំហំ​៤​គុណ​និង​៦​ម៉ែត្រ​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​តែ​ម្តង​។​

ប្រឡាយ​ស្ទឹងមានជ័យ បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ​នាំ​ទឹក​ទម្លាក់​ចូល​ទៅ​បឹងទំពុន​។ ជា​គម្រោង​តួ​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ទំហំ​៨​ម៉ែត្រ ចិញ្ចើម​២​ម៉ែត្រ សាងសង់​ផ្លូវ​បេតុង​ទទឹង​៦​ម៉ែត្រ ផ្លូវ​មុខ​ផ្ទះ​៥​ម៉ែត្រ ដី​នៅសល់​មុខ​ផ្ទះ​១​ម៉ែត្រ​កន្លះ​និង​ក្រោយ​ផ្ទះ​កន្លះ​ម៉ែត្រ​៕


អត្ថបទ៖ ​ស្រីរ័ត្ន​