ការបង្ហាញ​ប្លង់​គំរូ​នៃ​កន្លែង​អង្គុយ​ទស្សនា ក្នុង​ទីលាន​ក្នុង​សាលា​បាល់ទាត់​ជាតិ​បាទី​

នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ជាតិ​កម្ពុជា កាលពី​ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២០ កន្លង​ទៅ​នេះ បាន​បង្ហោះ​អំពី​ប្លង់​គំរូ​នៃ​កន្លែង​អង្គុយ​ទស្សនា ក្នុង​ទីលាន​បាល់ទាត់​របស់​មជ្ឈមណ្ឌល និង​សាលា​បាល់ទាត់​ជាតិ​បាទី ។​

​តាមរយៈ​រូប​គំរូ​ដែល​បង្ហាញ​នោះ គឺ​នឹង​មាន​បំពាក់​កៅអី​អង្គុយ មាន​ដំបូល និង​មាន​កន្លែង​អង្គុយ​សម្រាប់​ក្រុម​ទាំងសងខាង​ផងដែរ​។ គួររំលឹកថា នេះ​គឺជា​គម្រោង​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានសម្រេច​ដាក់ចេញ កាលពី​ខែតុលា ឆ្នាំ ២០១៩​កន្លងទៅ។ ឯកឧត្តម ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ( ស​.​ប​.​ក – FFC ) បាន​បញ្ជាក់ថា ជុំវិញ​ការ​ត្រៀម​ធ្វើ​កៅអីអង្គុយ នៅ​ទីលាន​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​អ្នកគាំទ្រ ដែល​អញ្ជើញ​ទៅ​ទស្សនាការ​ប្រកួត​នៅ​ទីនោះ​។​

​គួរ​ដឹងផង​ដែរ​ថា ទីលាន​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី បាន​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ​២០១៣ គឺជា​ទីតាំង​សម្រាប់​បណ្ដុះបណ្ដាល​យុវជន​ ដើម្បី​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ជាពិសេស​ទិសដៅ​ដើម្បី​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣ ជាមួយនឹង​ទីលាន​ស្តង់ដារ​ធំៗ​ចំនួន ៤ សុទ្ធសឹងតែ​ជា​ស្មៅ​ធម្មជាតិ ក្រោយមក​បាន​កែប្រែ​ទីលាន​មួយ​ឲ្យ​ក្លាយទៅជា​ទីលាន​ស្មៅ​សិប្បនិម្មិត និង​ក្រោយ​មក​ទៀត​ បាន​រៀបចំ​ឲ្យ​មាន​បង្គោល​ភ្លើង​ សម្រាប់​បំភ្លឺ​ដល់​ការប្រកួត​នៅ​ពេល​រាត្រី​ផងដែរ​។ ក្រៅពី​ទីលាន​សំខាន់ៗ នៅក្នុង​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី នេះ​ក៏​មាន​បន្ទប់​ស្នាក់នៅ​សម្រាប់​កីឡាករ​ថ្នាល និង​អាគារ​រដ្ឋបាល​ជាច្រើន​ទៀត​ផង​ដែរ​។​

​សូមបញ្ជាក់ថា យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី អាយុ​ក្រោម​១៨​ឆ្នាំ ត្រូវ​បាន​ដាក់​ឲ្យ​ចូ​លលេ​ង​ក្នុងការ​ប្រកួត​លី​គ​លំដាប់​ទី​២​របស់​កម្ពុជា កាលពី​ឆ្នាំ ២០១៧ និង​នៅ រដូវ​កាល ២០១៩ គ្រា​ដែល​លី​គ​ទី​២ ត្រូវបាន​លុបចោល ពួកគេ​ក៏ត្រូវ​បាន​សហព័ន្ធ​សម្រេច​ឲ្យ​ចូល​រួម​លី​គ​កំពូល​កម្ពុជា ក្នុង​លក្ខខ័ណ្ឌ​ពិសេស គឺ​ទោះ​បញ្ចប់​រដូវ​កាល​ដោយ​ស្ថិតនៅ​បាត​តារាង ក៏​ពួកគេ​មាន​សិទ្ធិ​ពិសេស នៅ​បន្ត​ក្នុង​រដូវ​កាល​ក្រោយៗ​ទៀត​ដែរ។​

​បច្ចុប្បន្ន យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ឆ្លងកាត់​ការប្រកួត ៤​លើក​រួច​មក​ហើយ ដោយ​បរាជ័យ​ទាំងអស់ និង​គ្មាន​ឱកាស​រក​គ្រាប់​បាល់​បាន សូម្បី ១​គ្រាប់ ដែល​ស្ថិតិ​នេះ​គឺជា​លទ្ធផល​អវិជ្ជមាន ក្រោយពី​យុវជន​ឆ្នើម សៀង ច​ន្ធា បាន​ចាក​ចេញទៅ​ចូលរួម​ក្លឹប​អាជីព បឹងកេត នា​រដូវ​កាល ២០២០​នេះ៕