BREAKING NEWS
Search

ការបោះឆ្នោត​ខាងមុខ​មាន​ជនពិការ​១៤២​នាក់​ បាន​ចូលរួម​ធ្វើជា​អ្នកសង្កេតការណ៍​នៅ​ទូទាំងប្រទេស​

ភ្នំពេញ ៖ យ៉ាងហោចណាស់​ក៏មានជនពិកា​រ​ចំនួន​១៤២​នាក់ ក្នុងនោះ​ស្ត្រី​៦១​នាក់ នៅ​ទូទាំង​រាជធានី​-​ខេត្ត បាន​ចូលរួម​ធ្វើការ​ជា​អ្នកសង្កេតការណ៍ ដើម្បី បង្កលក្ខណៈ​ងាយស្រួលសម្រាប់​ជនពិការ​ក្នុង​ថ្ងៃ​បោះឆ្នោត អាណ​ត្តិ​ទី​៤ ដែល​ប្រព្រឹត្ត​ទៅក្នុង​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២១០៧​ឆាប់ៗ​ខាងមុខនេះ។​

នេះ​ជាការ​លើកឡើង​របស់លោក ងិន សៅ​រ័ត្ន នាយក​ប្រតិបត្តិ​អង្គការ​ជនពិការ​កម្ពុជា នៅក្នុង​សិក្ខាសាលា បណ្តុះបណ្តាល ស្តីពី​ការត្រួតពិនិត្យ​លើ​វិធីសាស្ត្រ សម្របសម្រួល​ការបោះឆ្នោត របស់​ជនពិការ​ក្នុងប្រទេស​កម្ពុជា ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៧។ លោក​បាន​បន្តថា ក្រោម​ការគាំទ្រ​ពី​មូលនិធិ​អន្តរជាតិ សម្រាប់​ប្រព័ន្ធ​បោះឆ្នោត អង្គការ​ជនពិការ​កម្ពុជា បាន​បង្កើត​សិក្ខាសាលា​នេះ​ឡើង ក្នុង​គោលបំណង​លើកកម្ពស់​ក្នុងការចូលរួម​ពេញលេញ របស់​ជនពិការ​ក្នុង​ថ្ងៃ​បោះឆ្នោត និង​ដើម្បី​ជំរុញ​ក្នុងការ​បង្កើត​ទម្រង់​វាយតម្លៃ ការ​បង្ក​លក្ខណៈ ងាយស្រួលសម្រាប់​ជនពិការ​ក្នុង​ថ្ងៃ​បោះឆ្នោត​ឆាប់ៗ​ខាងមុខនេះ។​

លោក ងិន សៅ​រ័ត្ន បានលើកឡើង​បន្ថែមថា សព្វថ្ងៃនេះ​ប្រទេស​កម្ពុជា ​នៅ​មិនទាន់មាន​ទិន្នន័យ​ច្បាស់លាស់ អំពី​ចំនួនជនពិការ​បាន​ទៅ​ចូលរួម​បោះឆ្នោត​នៅឡើយ ​ហើយ​ជនពិការ​ធ្ងន់ធ្ងរ​មួយចំនួន ក៏​មិនទាន់មាន​អត្តសញ្ញាណប័ណ្ណ ដើម្បី​ចុះឈ្មោះ​បោះឆ្នោត និង​កាតព្វកិច្ច​ទៅ​បោះឆ្នោត​នៅ​គ្រប់​គោលនយោបាយ ដោយ​ក្នុងនោះ​គណបក្សនយោបាយ​ក៏​មិនទាន់​បាន​គិតគូរ​ឲ្យ​បាន​ទូលាយ នៅក្នុង​តម្រូវការ​ជនពិការ​ចូលរួម​បោះឆ្នោត ។ មើលឃើញ​បញ្ហា​បែបនេះ ទើប​អង្គការ​ជនពិការ​កម្ពុជា ជំរុញ​ឲ្យ​មាន​អ្នកសង្កេតការណ៍ ដែលជា​ជនពិការ​សរុប​ចំនួន​១៤២​នាក់ ក្នុងនោះ​ជាស្ត្រី​៦១​នាក់ ដើម្បី​ជួយ​សម្របសម្រួល​ដល់​ជនពិការ​នៅក្នុង​ថ្ងៃ​បោះឆ្នោត​។​

លោក​ ម៉ៅ សុធា​រិ​ទ្ធ អគ្គលេខាធិការរង ទទួលបន្ទុក​នាយកដ្ឋាន​ប្រតិបត្តិ​ការណ៍ និង​នាយកដ្ឋាន​គ្រប់គ្រង​ទិន្នន័យអ្នកបោះឆ្នោត និង​បញ្ជី​បោះឆ្នោតបានលើកឡើង​ផងដែរ​ថា ដើម្បី​ជំរុញ​ការបោះឆ្នោត​ប្រ​ព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ​ យុត្តិធម៌ នោះ​ត្រូវមាន​ការចូលរួម​ពី​សំណាក់​ភាគី​អ្នកពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​អ្នកចូលរួម​សង្កេត​ការត្រួតពិនិត្យ ដើម្បី​បង្ក​លក្ខណៈងាយស្រួល​ក្នុងការ​បោះឆ្នោត។ ក្នុងនោះ​តួនាទី​របស់​អ្នកសង្កេតការណ៍​មាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុង​ផ្តល់​ជា​អនុសាសន៍​ជូន មក​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​ធ្វើការ​កែលម្អ​ពី​ការបោះឆ្នោត​មួយ ទៅកាន់​ការបោះឆ្នោត​មួយទៀត ឲ្យ​កាន់​តែមាន​ភាព​លក្ខណៈ​ប្រសើរឡើង ។

​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាង​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ ក្នុង​អាណ​ត្តិ​ទី​៤​នេះ មាន​ប្រជាជន​បាន​ទៅចុះឈ្មោះ​បោះឆ្នោតចំនួន​ជាង​៧​លាន​នាក់ នៅក្នុង​ប្រជាជន​គ្រប់​អាយុ​បោះឆ្នោត​សរុប​ជាង​៩​លាន​នាក់ ក្នុងនោះ​មានស្ត្រី​ជាង​៤​លាន​នាក់ និង​បុរស​ជាង​៣​លាន​នាក់ និង​មាន​គណបក្ស​ចំនួន​១២​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោតក្រុមប្រឹក្សាឃុំ​-​សង្កាត់​ឆាប់ៗ​ខាងមុខនេះ ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114