ព័ត៍មានទាន់​ហេតុការណ៏
Search

ការប្រកួត​បាល់ទាត់​ជ្រើសរើស​ជើងឯក​នារី អាយុ​ក្រោម ១៨​ឆ្នាំ និង​នារី​ឈុត​ធំ ចាប់ផ្ដើម​ប្រកួត​ខែធ្នូ​នេះ

ការប្រកួត​ជម្រើស​ជើងឯក​បាល់ទាត់​នារី​អាយុ​ក្រោម ១៨​ឆ្នាំ និង​ការប្រកួត​ជម្រើស​ជើងឯក​បាល់ទាត់​នារី ឆ្នាំ​២០១៩ គ្រោង​នឹង​ចាប់ផ្ដើម​ប្រកួត​នៅ​ខែធ្នូ ឆ្នាំ​២០១៩ នេះ​។ នេះ​បើ​យោង​តាម​ការប្រកាស​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​សប​ក​) នាពេល​ថ្មីៗ​នេះ​។

តាម​គម្រោង​ការប្រកួត​ពានរង្វាន់​ដដែល​នេះ គឺ​គ្រោង​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០១៩ ដោយ​ចែកចេញជា ២​ផ្នែក​ផ្សេងគ្នា ពោល​គឺ​សម្រាប់​នារី អាយុ​ក្រោម ១៨​ឆ្នាំ និង​មួយឈុត​ទៀត​គឺជា​ការប្រកួត​សម្រាប់​នារី​ឈុត​ធំ ដ្បិត​ដើមឡើយ​គ្រោង​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៩ ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​ពន្យារពេល រហូតមក​រៀបចំ​នៅ​ពេល​នេះ​ជា​ផ្លូវការ​។

ចំពោះ​ការ​ចាប់​ឆ្នោត​បែងចែក​ពូ​ល​វិញ គឺ​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​០៧ ខែធ្នូ ខណៈ​ក្រោយ​ការចាប់​ឆ្នោត ការប្រកួត​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​០៨ ខែ​ដដែល ហើយ​ធ្វើឡើង​នៅ មជ្ឈមណ្ឌល និង​សាលា​កីឡាបាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្តតាកែវ ទាំងអស់ ដែលមាន​ទីលាន ដល់​ទៅ ៤​សម្រាប់​បម្រើ​ដល់​ការប្រកួត​។

ចំពោះ​សមាសភាព​ក្រុម​ចូលរួម​វិញ សម្រាប់​ការប្រកួត​បាល់ទាត់​នារី​អាយុ​ក្រោម​១៨​ឆ្នាំ មាន​ចំនួន ១០​ក្រុម រួមមាន​ដូចជា កំពង់ធំ​, រាជធានី​ភ្នំពេញ​, បឹងកេត​, តាកែវ​, ត្បូងឃ្មុំ​, កណ្ដាល​, ព្រះវិហារ​, ពោធិ៍សាត់​, ប៉ៃលិន​, បាត់ដំបង​, រតនគិរី​, សៀមរាប និង បន្ទាយមានជ័យ ខណៈ​ចំពោះ​ក្រុម​ធំ​នារី មាន ១០​ក្រុម​ដូចគ្នា មានដូចជា កណ្ដាល​, ក្រចេះ​, កំពង់ធំ​, កំពង់ស្ពឺ​, សៀមរាប​, ភ្នំពេញ​ក្រោ​ន​, រតនគិរី​, បន្ទាយ​ម​ជ័យ​, ស្វាយរៀង និង​កំពង់ឆ្នាំង​។ នេះ​បើ​យោងតាម​គម្រោង​ក្រុម​ដែល​ធ្លាប់បាន​ចុះឈ្មោះ​ដំបូង​កាលពីមុន​ខែកក្កដា និង​បើសិន​គ្មានអ្វី​ប្រែប្រួល​ខ្លាំង​។

រំលឹក​ទៅ​លទ្ធផល​ចុងក្រោយ កាលពី​ឆ្នាំ​២០១៨ ការប្រកួត​បាល់ទាត់​នារី​កម្រិត​ទី​១ ក្រុម​សាលា​តម្រង់​ទិស​ខេត្តស្វាយរៀង បាន​លើក​ពាន​ទាំង​ពិបាក ក្រោយ​យកឈ្នះ​ក្រុម​សាលា​តម្រង់​ទិស​ខេត្តសៀមរាប ដោយ​បាល់​កាត់សេចក្ដី​១១​ម៉ែត្រ ៥-៣ បន្ទាប់ពី​ប្រកួត​ពេញ​ម៉ោង​ស្មើគ្នា ១-១​។ ឯ​ក្រុម​សាលា​តម្រង់ទិស​ខេត្តកំពង់ចាម បាន​លើក​ពាន បាល់ទាត់​នារី​កម្រិត​ទី​២ ក្រោយ​យកឈ្នះ​ក្រុម​សាលា​តម្រង់ទិស​ខេត្តកណ្ដាល ១-០ នៅ​ទីលាន​សាកលវិទ្យាល័យ​មានជ័យ​។

គួរ​ដឹង​ថា នេះ​គឺជា​លើក​ទី​២ ហើយ ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក​សៅ សុខា បាន​រៀប​ចំ​លី​គ​យុវជន និង​បាល់ទាត់​នារី​នេះ​ឡើង ក្នុង​គោលបំណង​ធ្វើការ​អភិវឌ្ឍន៍ និង​បំផុស​យុវជន និង​យុវនារី​ឲ្យ​ចូលរួម​លេង​កីឡាបាល់ទាត់​កាន់​តែ​ច្រើន បន្ថែម​លើ​ការ​បង្កើត​សាលា​ទម្រង់​ទិស​កីឡាបាល់ទាត់​ទូទាំង ២៥​រាជធានី​-​ខេត្ត ដើម្បី​ចម្រាញ់​ធនធាន​កីឡាករ​-​កីឡាការិនី​ឆ្នើមៗ​ត្រៀម​ស៊ី​ហ្គេម ឆ្នាំ​២០២៣ និង​ក្រោយ​ឆ្នាំ​២០២៣ ទៅមុខទៀត​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114