ការប្រណាំង​រថយន្ត Monaco Formula 1 GP លុបចោល​ដោយសារ​ការរីក​រាលដាល​សកល​នៃ​ជំងឺ COVID-19

ការ​ប្រណាំង​រថយន្ត Monaco Formula One Grand Prix ដែល​ពេញនិយម​បំផុត​នៅក្នុង​ពិភព​កីឡា​ប្រណាំង​រថយន្ត​នា​រយៈពេល​៦៥​ឆ្នាំ​កន្លង​មក​នេះ ត្រូវ​បាន​លុបចោល​ហើយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍ និង​ជា​ព្រឹ​ត្តិ​ការណ៍​ចុងក្រោយ​គេ​ក្លាយជា​ជនរងគ្រោះ​ដោយសារតែ​ការរីក​រាលដាល​សកល​នៃ​ជំងឺ COVID-19​។

ព្រឹ​ត្តិ​ការណ៍​ប្រណាំង​រថយន្ត​ដែល​គ្រោង​នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​២៤ ខែឧសភា​ខាងមុខ ត្រូវបាន​លុបចោល​ទាំងស្រុង​តែម្តង ខណៈ​ដែល​ការប្រណាំង​រថយន្ត Grand Prix នៅក្នុង​ប្រទេស​ហូ​ឡង់ និង​ប្រទេស​អេ​ស្ប៉ា​ញ ត្រូវបាន​ពន្យា​រពេល។

ក្លិប​ប្រណាំង​រថយន្ត Automobile Club de Monaco បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ថា ស្ថានភាព​លែង​អាច​ទ្រទ្រង់​បាន​ទៀតហើយ​។

​សេចក្តី​ថ្លែងការណ៍​នេះ​បាន​បន្តទៀតថា ក្រោយ​ការពិចារណា​ដោយ​យកចិត្តទុកដាក់​ពី​វិបត្តិ​នៅ​លើ​សកលលោក វា​គឺជា​ភាព​ក្រៀមក្រំ​ជា​ពន់ពេក ក្នុង​ការ​សម្រេចចិត្ត​បែបនេះ​។

នេះ​គឺជា​លើកដំបូង​ហើយ ចាប់តាំងពី​ឆ្នាំ​១៩៥៤​រហូតមក ដែល​គ្មាន​ការប្រណាំង​រថយន្ត Monaco Grand Prix។

កីឡាករ Lewis Hamilton បាន​ឈ្នះ​ការប្រកួត​មួយ​នេះ កាលពី​ឆ្នាំ​២០១៩ ក្នុង​ដំណើរ​របស់​លោក​ឈ្នះ​ជើងឯក​ពិភពលោក​ជា​លើក​ទី​៦​។

ការ​លុបចោល​នេះ​ដែរ បាន​កើតមានឡើង​បន្ទាប់ពី​ការពន្យារ​ពេល​ការ​ប្រណាំង​រថយន្ត នៅ​ហូ​ឡង់ និង​អេ​ស្ប៉ា​ញ ហើយ​និង​ការ​លុបចោល​ការ​ប្រណាំង​រថយន្ត Australian Grand Prix កាលពី​សប្តាហ៍​មុន ក៏ដូចជា​ការ​ពន្យារពេល​ការ​ប្រណាំង​រថយន្ត Chinese, Bahrain និង Vietnam Grand Prix៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114