BREAKING NEWS
Search

ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ “​ឌុ​ច គ្រូ​លត់​ដំនៅ​ឋាននរក​” ដើម្បី​ការចងចាំ និង​ការទប់ស្កាត់​ការវិលត្រឡប់​វិញ​នូវ​សោកនាដកម្ម

ភ្នំពេញ ​៖ កិច្ចសហការ​ត្រីភាគី សាលាក្តី​ខ្មែរក្រហម មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផា​ណា និង​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់ ដើម្បី​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​ទាក់ទង​នឹង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ការ​ចងចាំ​របស់​មនុស្ស​ជំនាន់​ក្រោយ​លើ​សោកនាដកម្ម​ដែល​បាន​កើត ឡើង​ក្នុង​អតីតកាល និង​ការទប់ស្កាត់​ការវិល​ត្រឡប់មកវិញ​នូវ​សោកនាដកម្ម​របៀប​នេះ​មក​លើ​ទឹកដី​កម្ពុជា​ទៀត។

នេះ​គឺជា​ការ​ថ្លែង​របស់​លោក ក្រាញ់ តូ​នី ប្រធាន​ការិយាល័យ​រដ្ឋ​បាល​ស្តីទី​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ ២០១៧ នៅក្នុង​ពិធី​បើក​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ “​ឌុ​ច គ្រូ​លត់​ដំនៅ​ឋាននរក​” ផលិត​ដោយ​សមិទ្ធិ​ករ​ភាពយន្ត ដ៏​ល្បីល្បាញ រិទ្ធី ប៉ាន់ នៅ​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់​។ ជនរងគ្រោះ​រួច​រស់​ជីវិត​ពី​មន្ទីរ​សន្តិសុខ ស​-២១ លោក ជុំ មី និង លោក នង ចាន់​ផល ក៏មាន​វត្តមាន​នៅក្នុង​ពិធី​បញ្ចាំង​ខ្សែភាពយន្ត​នេះដែរ រួមជាមួយ​និស្សិត​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ប្រមាណ​ជិត​៣០០​នាក់។

លោក​ក្រាញ់ តូ​នី បាន​គូស​បញ្ជាក់​ថា ប្រវត្តិសាស្ត្រ​គឺជា​អត្តសញ្ញាណ​របស់​យើង​គ្រប់គ្នា ប្រសិនបើ​យើង​មិន​ស្គាល់​ប្រវត្តិសាស្ត្រ គឺ​យើង​មិន​ស្គាល់​អត្តសញ្ញាណ​គ្រប់​ជ្រុងជ្រោយ​ជា​ខ្មែរ​ឡើយ។ លោក​ថ្លែង​ថា និស្សិត​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដែល​មក​ទស្សនា​ខ្សែភាពយន្ត​នៅ ពេលនេះ គឺ​ស្ថិត​ក្នុងចំណោម ៦៥%​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​ដែលមាន​អាយុ​ក្រោម ៣៥ ឆ្នាំ កើត​ក្រោយ សោកនាដកម្ម​របស់​ខ្មែរក្រហម​។ លោក​មានប្រសាសន៍​ពី​មូលហេតុ​ដែល​ត្រូវ​រៀបចំ​ពិធី​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​នេះ​ក្នុង​បំណង​សិក្សា​ពី​ប្រវត្តិសាស្ត្រ រក្សា​ចងចាំ និង​ការទប់ស្កាត់​ការវិល​ត្រឡប់មកវិញ​នូវ​សោកនាដកម្ម។

លោក ក្រាញ់ តូ​នី ក៏បាន​សង្កត់ធ្ងន់​ថា សមិទ្ធិ​ករ​ភាពយន្ត រិទ្ធី ប៉ាន់ គឺជា​បញ្ញាវន្ត និង​វរៈ​សិល្បករ​នៃ​ការ​ចងចាំ​ដែល​បាន​ចូលរួម​ផលិត​ខ្សែភាពយន្ត​ឯកសារ​ជាច្រើន​ទាក់ទង​នឹង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដើម្បី​ការចងចាំ របស់​មនុស្សជាតិ។

ចំណែក​លោក រិទ្ធី ប៉ាន់ បាន​ថ្លែង​រម្លឹក​ពី​ការ​ចំណាប់អារម្មណ៍​របស់លោក​លើ​សោកនាដកម្ម​ដែល​បាន​កើតឡើង និង​ជំនឿ​លើ​ព្រលឹង​ជនរងគ្រោះ ហើយ​លោក​បាន​គូស​បញ្ជាក់​ថា ​កាលដែល​លោក​គាំទ្រ​លើ​ការងារ​តុលាការ​ខ្មែរក្រហម​ដោយសារតែ​លោក​ចង់​ស្វែងរក​ការពិត តើន​រណា​ជា​ជន រងគ្រោះ នរណា​ជា​ជនដៃដល់​ពិតប្រាកដ​។ រឿង «​ឌុ​ច គ្រូ​លត់​ដំនៅ​ឋាននរក​នេះ​» ផ្តោត​សំខាន់​លើ រឿងរ៉ាវ​របស់​ឌុ​ច​ដែល​បាន​ក្លាយខ្លួនជា​ប្រធាន​មន្ទីរ​សន្តិសុខ​ស​-២១ ឬ​គុក​ទួលស្លែង និង​ការ​រំលឹក​ឡើងវិញ​នូវ​កិច្ចការ​របស់​ឌុ​ច និង​ការទទួល​នូវ​ទស្សនៈ និង​មនោគមវិជ្ជា​របស់​ខ្មែរក្រហម​។

ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត “​ឌុ​ច គ្រូ​លត់​ដំនៅ​ឋាននរក​” នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ២០១៧ នេះ​គឺ​ចំ​ខួប​៧​ឆ្នាំ នៃ​ការប្រកាស​សាលក្រម​របស់​អង្គជំនុំជម្រះ​សាលាដំបូង​ប្រឆាំងនឹង​ឌុ​ច ដែល​កាលនោះ​អង្គជំនុំជម្រះ​សាលាដំបូង​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ឌុ​ច​រយៈពេល ៣៥ ឆ្នាំ ប៉ុន្តែ​ក្រោយពី​មាន​បណ្តឹងសាទុក្ខ អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​បានសម្រេច​ផ្តន្ទាទោស​ឌុ​ច​ដាក់ពន្ធនាគារ​អស់​មួយជីវិត កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ ២០១២ កន្លងទៅ។

លោក នេត្រ ភក្ត្រា បាន​បញ្ជាក់​ថា បច្ចុប្បន្ន ឌុ​ច កំពុង​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​អស់​មួយជីវិត​របស់គាត់ នៅ​ពន្ធនាគារ​ខេត្តកណ្តាល​។ លោក​បន្ត​ថា ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​នេះ​គឺជា​ផ្នែក មួយ​នៃ​ការចងចាំ​ជាពិសេស​សម្រាប់​យុវជន​ចងចាំ​ពី​ប្រវត្តិសាស្ត្រ និង​រឿងរ៉ាវ​ដែល​បាន​កើត ឡើង​នៅក្នុង​របប​ខ្មែរក្រហម​។

លោក​បាន​គូស​បញ្ជាក់​ថា ​កិច្ចសហការ​រវាង​សាលា​ក្តី​ខ្មែរក្រហម និង​មជ្ឈមណ្ឌល​សោត ទស្សន៍​បុប្ផា​ណា​នេះ បាន​ធ្វើឡើង​តាំងតែ​ពី​ឆ្នាំ ២០០៩ មក​ម្ល៉េះ ក្រោម​ប្រធានបទ “​រាត្រី​នៃ​ការ​ចងចាំ​” ដោយបាន​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​ទាក់ទង​នឹង​របប​ខ្មែរក្រហម និង​ដំណើរការ​ជំនុំ​ជម្រះក្តី​នៅ​សាលាក្តី​ខ្មែរក្រហម​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​ភូមិ​ឃុំ​បាន​ទស្សនា ហើយ​រហូត​មកទល់ពេលនេះ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ជិត​៧​ម៉ឺន​នាក់​៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114