BREAKING NEWS
Search

ការ​ធ្វើ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ដែល​រង​ផល​ប៉ះពាល់​ដោយ​វិបត្តិ​កូ​វីត​១៩ ត្រូវ​តែមាន​តម្លាភាព

សៀម​រា​ប ៖ មន្ត្រី​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ពង្រឹង​មូលដ្ឋាន​ស្រុក​ក្រឡាញ់ ជម្រុញ​បន្ថែម​ការងារ​ធ្វើ​អត្តសញ្ញាណ​កម្ម​ក្រីក្រ ឲ្យ​មាន​តម្លាភាព និង​បង្កើត​គំនិត ប្រមូល​មូលនិធិ ជម្រុញ​និង​ផ្តល់​លទ្ធភាព​ឲ្យ​ជនក្រីក្រ​ទាំងនោះ កែប្រែ​ជីវភាព​របស់ខ្លួន តាមរយៈ​នៃ​ការចិញ្ចឹម​កង្កែប ដែល​កំពុងមាន​តម្រូវការ​លើ​ទីផ្សារ​បញ្ហា​កូ​វីត​១៩ គឺជា​វិញ្ញាសារ​ដ៏​ស្មុគស្មាញ​របស់​ពិភពលោក ដែល​ក្រៅ​តែ​ពិការ​ព្រួយបារម្ភ​ចំពោះ​ការរីក​រាលដាល​នៃ​ជំងឺ​នេះ ផលប៉ះពាល់​ទៅលើ​សុខភាព​សាធារណៈ សង្គម និង​សេដ្ឋកិច្ច ទោះ​តិច​ឬ​ច្រើន គឺ​ពុំមាន​ប្រទេស​ណាមួយ​អាច​ជៀសផុត​បាន​នោះ​ឡើយ​។

សម្រាប់​កម្ពុជា បើ​ទោះ​ជា​មាន​ត្រឹមតែ​ករណី​ចម្លង​នាំចូល គ្មាន​មនុស្ស​ស្លាប់ និង​ពុំ​មាន​រលក​ទី​២​ឆ្លង​ចូលក្នុង​សហគមន៍​យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ​សម្រាប់​ស្ថានភាព​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​បន្ត​ការទប់ស្កាត់ ដោយ​ការអប់រំ​ប្រើប្រាស់​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​កំពុង​ប្រើប្រាស់​គោលនយោបាយ​ជំនួយ​សង្គម ដោយ​ការបញ្ចេញ​សាច់ប្រាក់ ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ផងដែរ​។

លោក ជា ច័ន្ទ​បរិបូណ៌ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ពង្រឹង​មូលដ្ឋាន​ស្រុក​ក្រឡាញ់​នៃ​ខេត្តសៀមរាប មានប្រសាសន៍​យ៉ាង​ដូច្នេះ​នា​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា​នេះ ក្នុងឱកាស​ជួបប្រជុំ​ជាមួយ​សមាជិក​ក្រុមការងារ​របស់ខ្លួន ដើម្បី​បូក​សារុប​លទ្ធផល​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ឆមាស​ទី​២ ឆ្នាំ​២០២០​។

លោក គូស​បញ្ជាក់​ថា ដើម្បី​អនុវត្ត​គោ​លន​យោ​បាល​ជំនួយ​សង្គម ប្រកបដោយ​ប្រសិទ្ធ​ភាពជា​វិជ្ជមាន និង​រលូន​តាម​ការ​ចង់​បាន​របស់​រាជរដ្ឋាភិបាល ការ​ធ្វើ​អត្តសញ្ញាណ​កម្ម​ជន​ក្រីក្រ​គឺជា​កត្តា​ចម្បង​ចាំបាច់​បំផុត ដែល​ត្រូវតែ​ឈរ​លើ​គោលការណ៍​តម្លាភាព ច្បាស់លាស់​និង​ត្រឹមត្រូវ គ្មាន​ការឃុបឃិត ជៀសវាង​ឲ្យ​បាន​ភាព​មិនប្រក្រតី បើទោះជា​ស្ថិត​ក្នុង​បំណង​ចេតនា​ក្តី ឬ អ​ចេតនា​ក្តី ព្រោះថា រាជរដ្ឋាភិបាល​បាន​ប្រើប្រាស់​គោលនយោបាយ​ជំនួយ​សង្គម​នេះ ដើម្បី​សម្រាល​ការលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​វិបត្តិ​កូ​វីត​១៩ ឲ្យ​បាន​ចូលដល់​គោលដៅ​ពិតប្រាកដ​។

សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​ការព្រមាន​រួចហើយ ចំពោះ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ដែនដី​ដែល​ពាក់ព័ន្ធ ថា​ពិតជា​មិន​មាន​ការ​អត់ឱន​នោះទេ បើសិន​ជាមាន​មន្ត្រី​ណាមួយ បាន​ប្រព្រឹត្តិ​អំពើពុករលួយ​នៅក្នុង​កិច្ចការ​សំខាន់​នេះ។

លោក​ក៏បាន​ផ្តល់ជូន​នូវ​មតិយោបល់​បន្ថែម​ដែរ​ថា ទន្ទឹម​នឹង​ការអនុវត្ត​តាម​វិធាន​ដែល​ដាក់ចេញ​ដោយ​ក្រសួងផែនការ លើ​នីតិវិធី​នៃ​ការ​ធ្វើ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​នោះ មន្ត្រី​ជំនាញ​ក៏​គួរតែមាន​វិធីសាស្ត្រ​បំពេញបន្ថែម លើ​ការទទួលស្គាល់​ជន​ក្រីក្រ​ជា​ផ្លូវការ ដោយ​ស្នាម​មេដៃ​សាក្សី​ផងដែរ​។

យ៉ាងណាក៏ដោយ សម្រាប់​ការអនុវត្ត​បន្ត​ចំពោះមុខ ក្រុមការងារ​ថ្នាក់​ជាតិ បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ អនុវត្ត​ផែនការ​បង្កើត​គំនិត ស្វែងរក​មូលនិធិ ដើម្បី​ជម្រុញ​និង​ផ្តល់​លទ្ធភាព​ឲ្យ​គ្រួសារ​ក្រីក្រ​ទាំងនោះ កែប្រែ​ជីវភាព​របស់ខ្លួន​តាម​រយៈ​នៃ​ការចិញ្ចឹម​កង្កែប ដែលជា​មុខរបរ​មិន​ប្រើ​ដើមទុន​ច្រើន និង​ប្រើប្រាស់​ពេលវេលា​ខ្លី សម្រាប់​ការប្រមូល​ផល​។ លោក​ជា ច័ន្ទ​បរិបូណ៌ និង​លោកជំទាវ បាន​ឧបត្ថម្ភ ១​លាន​រៀល សម្រាប់​ដំណើរការ​ពិសោធន៍​ការងារ​នេះ​ជា​ជំហាន​ដំបូង​ចំនួន​៥​គ្រួសារ តាមរយៈ​នៃ​គ្រួសារ​បង្គោល ដែលមាន​បទពិសោធន៍​លើ​ការងារ​ចិញ្ចឹម​កង្កែប​នេះ៕
គឿន​វេត



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114