ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ក្នុង​សប្តាហ៍​ទី​៣ ផាក​យានយន្ត​ល្មើសច្បាប់​៨២២៧​ករណី​

ភ្នំពេញ ៖ បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ចេញផ្សាយ​នៅ​ថ្ងៃទី​២២ ខែឧសភា​នេះ​ ដែល​កម្ពុ​ជាថ្មី​ទទួល​បាន​ឲ្យ​ដឹងថា ក្នុង​សប្ដាហ៍​ទី​៣ ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០ នៃ​ការ​រឹតបន្ដឹង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​បានធ្វើការ​ត្រួតពិនិត្យ និង​ធ្វើការ​ផាកពិន័យ​យានយន្ដ​ល្មើសច្បាប់​សរុប​ចំនួន ៨.២២៧​ករណី​។

ក្នុងចំណោម​យានយន្ត​ល្មើសច្បាប់​ចំនួន​៨២២៧​ករណី ក្នុង​នោះ​ទោចក្រយានយន្ដ និង​ត្រីចក្រយានយន្ដ ចំនួន​៥៩៨១ ករណី ស្មើនឹង​៧២​ភាគរយ និង​រថយន្ដ​គ្រប់​ប្រភេទ​ចំនួន​២២៩៦​ករណី ស្មើនឹង​២៨​ភាគរយ​។

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ ១៤​លើក ស្មើនឹង​២២ ភាគរយ​ស្លាប់​ថយចុះ​៩​នាក់ ស្មើ​២៤​ភាគរយ និង​របួស​ថយ​ថុះ​១៦​នាក់ ស្មើ​១៧​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ខែមេសា ឆ្នាំ​២០២០​។

​ជាមួយគ្នា​នោះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅតែ​បន្ត​អំពាវ​នាវ​យ៉ាងទទូច​ដល់​សាធារណជន និង​អ្នកប្រើប្រាស់​ផ្លូវ​គ្រប់រូប បន្ដ​យកចិត្តទុកដាក់​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រួម​ទាំង​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​យោគយល់​អធ្យាស្រ័យ​ក្នុង​ការ​បើកបរ ដើម្បី​ការពារ​អាយុជីវិត ទ្រព្យសម្បត្តិ​របស់​ខ្លួន និង​ក្រុមគ្រួសារ ក៏ដូចជា​អាយុជីវិត ទ្រព្យសម្បត្តិ​អ្នកដទៃ និង​ទ្រព្យសម្បត្តិ​សាធារណៈ ព្រមទាំង​រួមចំណែក​ថែរក្សា​របៀបរៀបរយ សណ្តាប់ធ្នាប់​សាធារណៈ លើកស្ទួយ​កិត្តិយស និង​ភាពថ្លៃថ្នូរ​របស់​សង្គម​ជាតិ​៕
ឌី​រៀ

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114