ការ​ស្ដារ​ស្រះ​ខាងជើង​នៃ​ប្រា​សា​អង្គរ​ ប្រទះឃើញ​សំណង់​ឈើ​ជិត​មួយ​ពាន់​ឆ្នាំ​នៅ​ក្នុង​ស្រះ​ទឹក

សៀម​រា​ប ៖ មន្ដ្រី​ជំនាញ​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា ការ​ស្រះ​ទឹក​ខាងជើង​នៃ​ប្រាសាទ​អង្គរ​វត្ដ បាន​ប្រទះឃើញ​សំណង់​ឈើ​ ដែល​មាន​អាយុកាល​ជិត​១​ពាន់​ឆ្នាំ​បាន​កប់​នៅ​ក្នុង​ស្រះ​ជម្រៅ​ប្រមាណ​៣​ម៉ែត្រ ដែល​អ្នក​បុរាណវិទ្យា​មិន​ធ្លាប់​ជួប​កន្លងមក។

លោក ស្រ៊ុន តិច អ្នកគ្រប់គ្រង​គម្រោង​ស្រះ​ខាងជើង នៃ​ប្រាសាទ​អង្គរវត្ដ បានឲ្យ​ដឹងថា សំណង់​ឈើ​នេះ​មាន​ប្រវែង​បី​ម៉ែត្រ​កន្លះ បាន​កប់​នៅ​កណ្ដាល​ស្រះ​ខាងជើង​ប្រាសាទ​អង្គរវត្ដ ដែលមាន​ជម្រៅ​ប្រមាណ​៣​ម៉ែត្រ​ ដោយមាន​សង្កត់​ថ្មបាយក្រៀម​ពី​ខាងលើ​។​ លោក​បាន​បន្ដ​ថា សំណង់​ឈើ​នេះ ​លោក​មិនទាន់​ដឹង​ពី​អត្ថន័យ​និង​តួនាទី​របស់​វា​នៅ​ឡើ​យ​ទេ ប៉ុន្ដែ​ប្រហែល​មាន​អាយុកាល​ប្រហែល​ជិត​១​ពាន់​ឆ្នាំ​ក្នុង​សម័យ​អង្គរ​។​ លោក​បាន​បន្ដ​ទៀត​ថា រចនា​សំណង់​ឈើ​នោះ ​អ្នក​ជំនាញ​នៅ​រក្សាទុក​ក្នុង​ដី​ដដែល ដោយ​គ្រាន់តែ​សិក្សា និង​ចងក្រង​ជា​ឯកសារ​ទុក​សម្រាប់​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​សិក្សា​ស្វែងយល់។

​សូម​ជម្រាប​ថា ស្រះ​ទឹក​បុរាណ​នៅខាងមុខ​ភាគ​ខាងជើង​ក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ដ ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា ស្ដារ​កំណក​ដី​ភក់​ចេញ ដើម្បី​ឲ្យ​ស្រះ​មាន​សោភណភាព​ល្អ​ប្រសើរ ពង្រឹង​រចនា​សម្ពន្ធ​ស្រះ​ឲ្យ​រឹងមាំ​ឲ្យ​ដូច​ពី​សម័យ​ដើម និង​លើក​តម្លៃ​ស្រះ​ ដែល​ជា​ទីឋាន​សម្រាប់​ទេព​ឲ្យ​រស់​ឡើងវិញ និង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្ដរជាតិ​ចូល​ទស្សនា​ផង​ដែរ​។​

ការ​ស្ដារ​កំណ​កដី​ស្រះ​ខាងជើង​នេះ​ មិន​ស្ដារ​ទាំងមូល​ទេ ដោយ​ទុក​មួយ​ផ្នែក ដើម្បី​ឲ្យ​អ្នក​ជំនាន់​ក្រោយ​សិក្សា​ស្វែងយល់​បន្ដ​ទៀត​ នៃ​ស្ថាន​ភាព​ដើម​របស់​ស្រះ​ទឹក​។​ ជាមួយគ្នា​នោះ កំណក​ដី​ក្នុង​ស្រះ​មាន​បី​ដំណាក់កាល​ធំៗ នៅ​ដំណាក់កាល​ទី​១ ចាប់ពី​ដើម​សតវត្ស​ទី​១២​ ដំណាក់កាល​ទី​២ នៅ​អំឡុង​ឆ្នាំ​១៩៦០ ដែល​មាន​មនុស្ស​រស់នៅ និង​ដំណាក់កាល​ទី​៣ គឺ​កំណ​កដី​ថ្មីៗ​ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៩ ដែល​ការ​ស្តារ​នេះ ​គឺ​យក​តែ​កំណ​កដី​នៅ​ខាងលើ​ មិន​មាន​ប្រយោជន៍​ដល់​កិច្ចការ​ស្រាវជ្រាវ​ផ្នែក​ជីវសាស្ត្រ​ចម្រុះ ឬ​ប៉ះពាល់​ដល់​រចនា​សម្ពន្ធ​ស្រះ​នោះ​ឡើយ​។​ កំណក​ដី​ភក់​ដែល​បាន​ស្ដារ​នេះ ​ត្រូវ​បាន​យក​ទៅ​រក្សាទុក​ សម្រាប់​ធ្វើ​ការសិក្សា​ស្រាវជ្រាវ ពី​ជីវចម្រុះ ដោយ​ចូលរួម​រវាង​បុរាណ​វិទូ ស្ថាបត្យកម្ម និង​ផ្នែក​បរិស្ថាន ជីវសាស្ត្រ​ចម្រុះ ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម​លើ​បញ្ហា​នេះ​៕



អត្ថបទ៖ គឿន​វេត​