ការ​ស្រាវជ្រាវ​រឿង​ផ្ទុះ​អាវុធ​របស់​មន្ត្រី​យោធា របួស​មនុស្ស​នៅ​បឹង​ទន្លេសាប មិន​ទាន់​មាន​ពន្លឺ​នៅ​ឡើយ

បាត់ដំបង ៖ ព័ត៌មាន​ចុងក្រោយ នៃ​ការ​ផ្ទុះ​អាវុធ​របស់​មន្ត្រី​យោធា​នៅ​កណ្តាល​ផ្ទៃ​ទឹក នា​បឹង​ទន្លេ​សាប ដែលគិត​មក​ដល់​ពេល​​នេះ​ជន​បង្ក ត្រូវបាន​ប្រភព​មួយ​ចំនួន​ទម្លាយ​មក​ខ្លះៗ​ហើយ។

ដោយឡែក​ ខាង​អង្គភាព​ជំនាញ ដែល​ក្នុងនោះ​មាន​ ប៉ូលិស ប៉េអឹម និង យោធា ស្ទើរតែ​នាំគ្នា​លាក់​បាំង ពិសេស​ គឺ​លោ​ក​មេ​ប៉ុស្តិ៍​កោះ​ជី​វាំង​តែម្ដង ដែល​បាន​ធ្វើ​របាយការណ៍​បំភ្លៃ​ព័ត៌មាន ដើម្បី​កុហក​ដល់​ថ្នាក់ដឹកនាំ ដែល​បញ្ហា​នេះ គឺ​មិន​ខុស​អី​ទៅ​នឹង​ការ​ជួយ​លាក់​មុខ​ជន​បង្ក​តែប៉ុណ្ណោះ ដើម្បី​ឲ្យ​ផុត​ពី​ការចោទប្រកាន់​តាម​ផ្លូវ​ច្បាប់​របស់​តុលាការ។​

គួរ​បញ្ជាក់​ដែរ​ថា ករណី​ នៃ​ការ​ផ្ទុះ​អាវុធ​ខ្នាត​វែង​នេះ​បាន​កើតឡើង​ កាលពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ ២០២០ វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ត្រង់​ចំណុច​ពាក់​កន្ទេល ស្ថិត​ក្នុង​ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ​ ខេត្ត​បាត់ដំបង គឺ​នៅលើ​ផ្ទៃ​ទឹក។​

​បើតាមប្រភពបាន​និយាយ​ថា នៅ​មុនពេល​កើតហេតុ ​គឺ​ជនរងគ្រោះ​​ឈ្មោះ អ៊ឹង សុ​វណ្ណា ភេទ​ប្រុស អាយុ៣៤​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​តោ​ល ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ បាន​ចូល​កាណូត​ស្មាច់​ពី​ការ​ប្រកបមុខរបរ « អូស​ស៊ីប » ដែល​កាលពី​សម័យ​ដើម គេ​ហៅថា « អូស​មង​ការ៉ង​ទី » ក៏​ស្រាប់​តែ​មាន​មន្ត្រី​យោធា​មួយ​រូប ដែល​នៅ​ដៃ​មាន​កាន់​កាំភ្លើង​វែង​១​ដើម បាន​ភ្ជង់​ទៅលើ​ជនរងគ្រោះ ដែល​គេ​មិនទាន់​ដឹង​ថា ការ​ភ្ជង់​នេះ​ក្នុង​គោលបំណង​ទារ​ប្រាក់​ថ្លៃ​រកស៊ី​បទល្មើស ឬ​យ៉ាងណា​នោះទេ។​ នៅពេលនោះ ក៏មាន​ការ​ប្រតាយប្រតប់​គ្នា តែ​ដោយសារ​អាវុធ​បើក​សោ​ស្រាប់ ហើយ​ម្រាមដៃ​ក៏​នៅ​ក្នុង​កៃ​ស្រាប់ ទើប​ធ្វើឲ្យ​​ផ្ទុះឡើង​ចំនួន​៣​គ្រាប់ ( រ៉ា​ហ្វា​ល់ ) បណ្តាលឲ្យ​ត្រូវ​ជើង​ស្តាំ​របស់​ជនរងគ្រោះ ចំនួន​២​គ្រាប់ ព្រមទាំង​​បញ្ជូន​ឲ្យ​ទៅ​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ ខេត្ត​សៀមរាប​ស្ងាត់ឈឹង។​

​ដោយឡែក​ចំពោះ​របាយការណ៍​ដែល​ធ្វើឡើង​ដោយ​លោក​មេ​ប៉ុស្តិ៍​កោះ​ជី​វាំង ម៉ៃ ធី ហៅ​ប៉ូ​ឡូ បាន​បំភ្លៃ​សាច់រឿង ដើម្បី​កុហក​ថ្នាក់ដឹកនាំ​ថា ជនរងគ្រោះ​កំពុង​បើក​កាណូត គឺ​ស្លាបចក្រ​បាន​ប៉ះទង្គិច​ទៅ​នឹង​វត្ថុ​រឹង​ក្នុង​ទឹក ធ្វើ​ឲ្យ​ដង​ស្លាបចក្រ​វាត់​ឡើងមក​ត្រូវ​ជើង​តែម្តង ដែល​របាយការណ៍​ភូត​​កុហក​នេះ ត្រូវបាន​លោក​អធិការ​បញ្ជូនបន្ត ទៅ​លោកស្នងការ​ដើម្បី​ជ្រាប។​

ជុំវិញ​បញ្ហា​នេះ លោក ជា សាវឿន ប្រធាន​ស្នាក់​ការ​លេខ​៥០៨ របស់​កងរាជអាវុធហត្ថ​ខេត្ត ប្រចាំ​តំបន់​ទន្លេសាប បាន​មានប្រសាសន៍​យ៉ាង​ខ្លី​ថា នៅ​ថ្ងៃកើតហេតុ​នោះ លោក​មិនបាន​នៅ​ទន្លេ​ទេ គឺ​លោក​មានធុរៈ​ឡើងគោក។ ប៉ុន្តែ២ថ្ងៃក្រោយ​ទើប​លោក​ទទួល​បាន​នូវ​ដំណឹង ស្តីពី​ការ​រាល​កៃ​កាំភ្លើង របស់​មន្ត្រី​យោធា។​

​ដោយឡែក លោក ង៉ិ សារិន មន្ត្រី​យោធា​ភូមិភាគ​៥ ប្រចាំ​ស្នាក់​ការ​ទិស​ទន្លេសាប បាន​បញ្ជាក់​យ៉ាង​ច្បាស់​ប្រាប់​កម្ពុ​ជាថ្មី​ថា រឿង​ផ្ទុះអាវុធ​នេះ មិន​មាន​ការ​ពាក់ព័ន្ធ​ជា​មួយ​នឹង​អង្គភាព យោធភូមិភាគ​៥ នោះ​ទេ ព្រោះ​អ្នកបង្ក​ដែលមាន​ឈ្មោះ « វីរៈ » គឺជា​មន្ត្រី​យោធា ក្នុង​អង្គភាព​មណ្ឌល​៥ ចំណុះ​ឲ្យ​ ក ២ ជើងគោក។

តាមរយៈ​ទូរសព្ទ លោក ទៀង ប៊ុន​ទិ​ត នាយរង​យោធា មណ្ឌល៥ ដែលជា​មនុ​ស្ស​រក​សេដ្ឋកិច្ច​ប្រចាំ​តំបន់​បឹង​ទន្លេសាប​បាន​ធ្វើការ​បដិសេធន៍​ថា មិនមាន​ករណីនេះ​កើតឡើង​នោះ​ទេ គឺ​លោក​មិនបាន​ដឹង​អ្វី​ទាំងអស់​។ ប៉ុន្តែ​ចំពោះ លោក​វរសេនីយ៍ឯក អេង មេ​ង មេបញ្ជាការ យោធា​មណ្ឌល ៥ បាន​អះអាង​ថា រឿងនេះ លោក​កំពុង​ដាក់​កម្លាំង​ឲ្យ​​ចុះ​ស្រាវជ្រាវ​ហើយ។​

​ថ្មីៗ​នេះ លោក​អធិការ​ស្រុក​ឯក​ភ្នំ ឡុង យោធា​វីរៈ ដែល​បាន​បញ្ជូន​របាយការណ៍​កុហក​របស់​ប៉ុស្តិ៍ ទៅ​ឲ្យ​លោកស្នងការ​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​លោក​បាន​ចាត់​ឲ្យ​លោក​អធិការរង​មួយ​រូប រួម​ជាមួយ​នឹង​មន្ត្រី​ជំនាញ ចុះទៅ​កាន់​ខេត្ត​សៀមរាប​ហើយ ដើម្បី​សាកសួរ​ទៅលើ​ជនរងគ្រោះ​ឲ្យ​ដឹង​ច្បាស់​អំពី​បញ្ហា​ដែល​បាន​កើតឡើង​នា​ពេល​កន្លងទៅ​ថ្មីៗ​នេះ។​

​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​ឧសភា នេះដែរ លោក លឹម ពុ​ទ្ធី​ឡា ស្នងការ​រង​ទទួល​ផែន​ការងារ​ព្រហ្ម​ទណ្ឌ​បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា រឿងនេះ​លោក​កំពុង​ឲ្យ​មន្ត្រី​ជំនាញ ចុះ​សិក្សា ស្រាវជ្រាវ​ហើយ ប៉ុន្តែ​នៅ​មិនទាន់​ដឹង​លទ្ធផល​នៅឡើយ។

ជុំវិញ​បញ្ហា​ខាងលើ ក៏​មាន​ប្រភព​ជាច្រើន បាន​នឹង​កំពុង​រង់ចាំ​មើល​ថា តើ​សមត្ថកិច្ច​អាច​វែកមុខ​ជន​បង្ក ដើម្បី​យក​មក​សាកសួរ​បាន​ដែរ​ឬទេ?
អត្ថបទ ៖ សោ និយម​រ័ត្ន​

សូមចុចអាន ៖ ឆ្លង​ចរន្ត​អគ្គិសនី​ រាលដាល​ផ្ទុះ​ធុង​ហ្គាស ​ឆេះ​ឡ​ចំហុយ​នំ​ប៉ាវ​ នៅ​បឹងទំពុន ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114