BREAKING NEWS
Search

កិច្ចប្រជុំ​គ​ណៈបញ្ជា​ការ​ឯកភាព​ខណ្ឌមានជ័យ​ គឺ​ដាក់​ផែនការ​បង្ក្រាប​ល្បែង​ស៊ីសង​ឲ្យ​អស់

ភ្នំ​ពេ​ញ ៖​ កាលពី​រសៀល​ថ្ងៃទី​៥ ​ខែធ្នូ​ នេះ​ នៅ​សាលាខណ្ឌ​មានជ័យ ​មាន​បើក​កិច្ចប្រជុំ​​បន្ទាន់​ដែលរៀបចំឡើង​ដោ​យគ​ណៈ​បញ្ជា​ការឯកភាព​ខណ្ឌមានជ័យ ​ក្រោម​អធិបតីភាព​លោក ​ពេជ្រ​ កែវមុនី អភិបាល​នៃ​គ​ណៈអភិបាលខណ្ឌ ​និង​ ជា​ប្រធាន​គ​ណៈបញ្ជាការ​ឯកភាព​ខណ្ឌ​។

​កិច្ចប្រជុំ​នេះ​ក៏មាន​ការចូលរួម​ពី​ លោក លោកស្រី​អភិបាលរងខណ្ឌ​ លោក​អធិការ លោក​មេបញ្ជាការ កងរាជអាវុធហត្ថ​ខណ្ឌ​ លោកនាយ​ការិយាល័យ​ចំណុះ​លោក​ចៅសង្កាត់​ មេ​ប៉ុស្តិ៍​ និង ​មេភូមិ​ប្រមាណ​ជា​ ២០០​ នាក់​។

ជា​កិច្ច​ចាប់ផ្តើម​លោក​ ពេជ្រ កែវ​មុនី បាន​មានប្រសាសន៍ថា​ ការប្រជុំ​បន្ទាន់​នេះ​គឺ​ជាការ​ឆ្លើយតប​ទៅនឹង​បណ្តាញ​ព័ត៌មាន​មួយចំនួន​ ដែល​ធ្វើការ​ចុះផ្សាយ​ថា ​នៅក្នុង​ទឹកដី​ខណ្ឌមានជ័យ ​សម្បូរទៅដោយ​ល្បែង​ស៊ីសង​។​ ដូច្នេះហើយ​ទើប​លោក​បានធ្វើការ​កោះអញ្ជើញ​លោក​អធិការ​ លោកមេញ្ជា​ការ​អាវុធហត្ថ​ និង​ លោក​ចៅសង្កាត់ ​លោក​មេ​ប៉ុស្តិ៍​ លោក​មេភូមិ​ ឲ្យ​មក​បញ្ជាក់ថា នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​មាន​បន​ល្បែង​ប៉ុន្មាន​កន្លែង​ ហើយ​បើ​មិន​ហ៊ាន​និយាយ​ក្នុង​អង្គប្រជុំ​សូមធ្វើជា​របាយការណ៍​មក​រូបលោក​ផ្ទាល់ ​គឺ​លោក​រង់ចាំ​ទទួល​ជានិច្ច​។

លោក​ ពេជ្រ កែវ​មុនី បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ ចំពោះ​កិច្ចប្រតិបត្តិការ​​បង្ក្រាប​បន​ល្បែង​ស៊ីសង​នេះ​ គឺ​លោក​មិន​ចង់​ឲ្យ​សមត្ថកិច្ច​ពីលើ​ចុះ​មក​បង្ក្រាប​ ខ​ណៈ​ខ្លួន​ឯង​ជា​ម្ចាស់​មូលដ្ឋាន​មិន​ដឹង​នោះ​ទេ។

លោក​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា ​ក្នុងនាម​រូបលោក​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​មានជ័យ ​គឺ​លោក​ពុំបាន​អនុញ្ញាត​ ឬ ​យក​ខ្លួន​ទៅ​កាង​ល្បែង​ស៊ីសង​ ឬ ​ទៅកាង​បទល្មើស​អ្វីដែល​ខុសច្បាប់​នោះឡើយ ​ហើយ​បើ​មាន​អ្នកណា​យកឈ្មោះ​លោ​កថា​ជាប់​ពាក់ព័ន្ធ ​គឺ​សុំ​ឲ្យ​បញ្ចេញ​ឈ្មោះ​ជាបន្ទាន់​ ដើម្បី​លោក​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។

ទាក់ទិន​ទៅ​នឹង​ករណី​បន​ល្បែង​ស៊ីសង​ខាង​លើ​នេះ​ លោក​វរសេនីយ៍ឯក ​តេង ស៊ីណូ អធិការ​នគរបាល​ខ​ណ្ឌ​មានជ័យ​ បាន​លើក​ឡើង​ថា ​រាល់​ទីតាំង​បើក​ល្បែង​ស៊ីសង​ក្នុង​ខណ្ឌ​មានជ័យ គឺ​លោក​បាន​ធ្វើ​ការ​បង្ក្រាប​សឹងតែ​គ្មាន​ទៅ​ហើយ។ ចំពោះ​រាល់​បណ្តាញ​ព័ត៌មាន​បញ្ជាក់ថា​ មាន​នោះ សូម​មក​សហការ​ជាមួយ​សមត្ថកិច្ច​យើងខ្ញុំ​ ដើម្បី​ចាត់​កម្លាំង​ចុះបង្ក្រាប​ភ្លាម​ដោយ​មិន​ទុក​ឲ្យ​បនល្បែង​ទាំងនោះ​កើតមាន​ជា​បន្តទៅ​ទៀតឡើយ​ ហើយ​ការ​សហការ​​នេះ ​គឺ​លោក​សូម​កោតសរសើរ​ថែម​ទៀតផង​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114