កិច្ចប្រជុំ​បូកសរុប​លទ្ធផល​សម្រង់​ទិន្នន័យ ស្ទាបស្ទង់​មតិ​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ពិត​ប្រាកដ
BREAKING NEWS
Search

កិច្ចប្រជុំ​បូកសរុប​លទ្ធផល​សម្រង់​ទិន្នន័យ ស្ទាបស្ទង់​មតិ​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ពិត​ប្រាកដ

ត្បូងឃ្មុំ ៖ លោក វង សូត បាន​ដឹកនាំ​ក្រុមការងារ បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ស្ទាបស្ទង់​មតិ​គ្រួសារ​ក្រីក្រ ក្នុងស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង កាលពី​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២០​។

ក្នុងនោះ ​លើក​ទិសដៅ​បន្ត ដើម្បី​ទទួល​បាន​ទិន្នន័យ​សុក្រឹតភាព អំពី​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រង​គ្រោះ​នៅ​មូលដ្ឋាន ងាយស្រួល​ជួយ​ដោះស្រាយ​ជីវភាព​ពួកគាត់​ឲ្យ​ចំ​គោលដៅ ដែល​កិច្ចប្រជុំ​ខាង​លើ​នេះ​ធ្វើ​នៅ​សាល​ប្រជុំ​សាលាស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។​

ក្នុង​ឱកាស​នោះ លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា​បាន​លើក​ឡើង​ថា ក្រោម​ការដឹកនាំ​របស់ ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា រួម​ទាំង​ក្រសួង​ពាក់ព័ន្ធ បាន​និង​កំពុង​ធ្វើការ​យ៉ាង​សកម្ម ដើម្បី​សិក្សា​ប្រមូល​ទិន្នន័យ​នូវ​គ្រួសារ​ក្រីក្រ ជន​ងាយ​រងគ្រោះ​ ដើម្បី​ផ្តល់​នូវ​ជំនួយ​ឲ្យ​ចំ​គោលដៅ​ពិតប្រាកដ ជួយ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ជូន​ដល់​ពួកគាត់​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា កន្លងមក​ លោក បាន​ផ្ដួចផ្ដើម​បង្កើត​ឲ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល ជន​បង្គោល​ក្នុង​ក្របខណ្ឌ​ឃុំ​ទាំង​៨ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ដើម្បី​ធានា​ក្នុង​ការ​ពង្រីក​អនុវត្ត​ការងារ​ចុះ​ស្រង់​ស្ថិតិ​គ្រួសារ​ក្រីក្រ​ពិតប្រាកដ នៅ​តាម​មូល​ដ្ឋាន​រៀងៗ​ខ្លួន​ឲ្យ​បាន​លឿន និង​មាន​ប្រសិទ្ធភាព ដោយ​ស្របតាម​នីតិវិធី​របស់​ក្រសួង​ជំនាញ ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​។​

ជាមួយគ្នា​នោះដែរ លោក វង សូត បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​ជន​បង្គោល​ក្នុង​ក្របខណ្ឌ​ឃុំ​ទាំង​៨ ក្នុងស្រុក​ពញាក្រែក និង​ឃុំ​ជា​ច ស្រុក​កំចាយមារ ដែល​បាន​ចុះ​អនុវត្ត​ការងារ​ស្រង់​ស្ថិតិ​គ្រួសារ​ក្រីក្រ​តាម​ខ្នង​ផ្ទះ បាន​ឆាប់រហ័ស ​និង​មាន​ប្រសិទ្ធភាព។ ព្រមទាំង​ធ្វើការ​ជំរុញ​ដល់​អាជ្ញាធរ​ភូមិ​/​ឃុំ​ទាំងអស់ ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ថែមទៀត ចំពោះ​សុខទុក្ខ​ និង​តម្រូវការ​របស់​គ្រួសារ​ក្រីក្រ ពិសេស​ត្រូវ​ចុះ​ដល់​ខ្នង​ផ្ទះ​សិក្សា​ថា តើ​គ្រួសារ​ណាខ្លះ​ដែលមាន​ជីវភាព​ក្រីក្រ ហើយ​ត្រូវ​បែងចែក​ប្រភេទ​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ពិតប្រាកដ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ក្រុមការងារ​ជួយ​ពួកគាត់​បាន​ទាន់​វេលា និង​ចំ​គោលដៅ​ផង​ដែរ​។​
​បើ​តាម​របាយការណ៍​របស់ លោក លី សុភា​លីន អភិបាលស្រុក​ពញាក្រែក បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ ឯកឧត្ដម​រដ្ឋមន្ត្រី ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ពញាក្រែក រដ្ឋបាល​ស្រុក​ពញាក្រែក បាន​រៀបចំ​ក្រុមការងារ​រដ្ឋបាល​ស្រុក​ចំនួន​២៤​ក្រុម ដោយមាន​គ្រប់​សមាសភាព​ពាក់ព័ន្ធ​សរុប​ចំនួន​១៣២​នាក់ រួមជាមួយ​អាជ្ញាធរ​ភូមិ បាន​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ព្រមទាំង​ស្ទាបស្ទង់ ​នៃ​មតិយោបល់​របស់​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ភូមិ ឃុំ ក្នុង​មូលដ្ឋាន​ស្រុក​ពញាក្រែក ក្នុង​គោលបំណង​ទទួល​បាន​ទិន្នន័យ​មួយ​ច្បាស់លាស់ សុក្រឹតភាព​អំពី​គ្រួសារ​បងប្អូន​ក្រីក្រ​លំបាក និង​ជន​ងាយ​រងគ្រោះ​យ៉ាង​ពិត​ប្រាកដ​។​

សូមជម្រាប​ថា ជា​លទ្ធផល ​នៃ​ការ​ចុះ​ធ្វើ​បច្ចុប្បន្នភាព​គ្រួសារ​ក្រីក្រ​ ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២០ ក្នុង​ឃុំ​ទាំង​៨ នៃ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ មានគ្រួសារ​ក្រីក្រ​សរុប​ចំនួន ៦ ៣៥៣​ គ្រួសារ ស្មើនឹង​១៦.៩៨% នៃ​គ្រួសារ​សរុប មាន​ចំនួន ​៣៧ ៤២០​ គ្រួសារ ក្នុង​នោះ​គ្រួសារ​ក្រីក្រ​ប្រភេទ​១ ចំនួន ​២ ១៥៧ ​គ្រួសារ ,គ្រួសារ​ក្រីក្រ​ប្រភេទ​២ ចំនួន ៤ ១៩៦​ គ្រួសារ ,អ្នកស្នើសុំ​ថ្មី ៩៧៧ ​គ្រួសារ ,ស្ត្រី​មាន​ផ្ទៃពោះ​១៨៤​នាក់ ,កុមារ​អាយុ​ក្រោម​២​ឆ្នាំ ចំនួន​៧៤២​នាក់ ,និង​ក្រុម​ជន​ងាយ​រងគ្រោះ​សរុប​ចំនួន ​៤ ៨៨៤ ​នាក់។

រីឯ​នៅ​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង មានគ្រួសារ​ក្រីក្រ​សរុប​ចំនួន​៥៨៨​គ្រួសារ ក្នុង​នោះ​គ្រួសារ​ក្រីក្រ​ប្រភេទ​១ ចំនួន​៣១៧​គ្រួសារ គ្រួសារ​ក្រីក្រ​ប្រភេទ​២ មាន​ចំនួន​២៧១​គ្រួសារ និង​ស្នើសុំ​ថ្មី​ចំនួន​៧៣​គ្រួសារ​៕

សូមចុចអាន ៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង កសាង​ពន្ធនាគារ​ថ្មី​ រើ​ទីតាំង​ឆ្ងាយ​ពី​ក្រុង


អត្ថបទ ៖ ឧ​ត្ត​រ៉ា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114