កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អូស្ត្រាលី ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​សង្គ្រោះ​បន្ទាន់​លើ​ផ្នែក​សុខភាព​សាធារណៈ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​កូ​វីដ​-១៩
BREAKING NEWS
Search

កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អូស្ត្រាលី ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​សង្គ្រោះ​បន្ទាន់​លើ​ផ្នែក​សុខភាព​សាធារណៈ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​កូ​វីដ​-១៩

ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​មានប្រសាសន៍​នៅ​មុន​នេះ​បន្តិច​ថា នៅ​រសៀល​នេះ ឯកឧត្តម​បាន​ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរ ទេស​អាស៊ាន​-​អូស្ត្រាលី ស្តីពី​ជម្ងឺឆ្លង​កូ​វីដ​-១៩ តាម​ប្រព័ន្ធ​វីដេអូ (Video Conference)​។

បើ​តាម​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កិច្ច​ប្រជុំ​បាន​ពិភាក្សា​អំពី​មធ្យោបាយ​ក្នុង​ការ​ពង្រឹង​ភាពជា​ដៃគូ និង​កិច្ច​សហប្រតិបត្តិការ ក្នុង​កិច្ចសហការ​សង្គ្រោះ​បន្ទាន់​លើ​ផ្នែក​សុខភាព​សាធារណៈ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជម្ងឺឆ្លង​កូ​វីដ​-១៩ ដោយ​ផ្ដោតលើ​វិស័យ​ចំនួន​៣ ដែល​ឆ្លុះបញ្ចាំង​ពី​ផលប្រយោជន៍​រួម ដែលជា​អាទិ៍​រួមមាន សន្តិសុខ​ផ្នែក​សុខភាព ស្ថិរភាព និង​ការស្ដារ​ឡើងវិញ​ផ្នែក​សេដ្ឋកិច្ច។

​នៅក្នុង​កិច្ចប្រជុំ​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែង​អំណរ គុណ​ចំពោះ​អូស្ត្រាលី ដែល​បាន​ផ្ដល់នូវ​ជំនួយ​ថវិកា ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខភាព​សាធារណៈ​របស់​កម្ពុជា តាមរយៈ “​គ​ម្រោ ង​លើកកម្ពស់​គុណភាព និង​សមធម៌​សុខភាព (Health Equity and Quality Improvement Project – H-EQIP)” ក៏ដូចជា​បានផ្ដល់​នូវ​ការគាំទ្រ​ដោយផ្ទាល់​ថែមទៀត​ដល់​កម្ពុជា ខាង​ផ្នែក​វេជ្ជសាស្ត្រ ដើម្បី​ឆ្លើយតប​ចំពោះ​ជម្ងឺ​កូ​វីដ​-១៩​។

ដោយឡែក សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ច​ប្រជុំបាន​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០ នៅ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អូស្ត្រាលី​ស្តីពី​ជំងឺឆ្លង​កូ​វីដ​-១៩ តាម​ប្រព័ន្ធ​វីដេអូ (Video Conference) ហើយ​ម៉ាឡេស៊ី ដែលជា​ប្រទេស ​សម្របសម្រួល​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​អូស្ត្រាលី បាន​ធ្វើជា​សហប្រធាន​ជាមួយ​អូស្ត្រាលី ដឹកនាំ​កិច្ចប្រជុំ​ពិសេស​នេះ​។

​កិច្ចប្រជុំ​នេះ បាន​ពិភាក្សា​អំពី​មធ្យោបាយ​ក្នុង​ការ​ពង្រឹង​ភាពជា​ដៃគូ និង​កិច្ច​សហ ប្រតិបត្តិការ ក្នុង​កិច្ចសហការ​សង្គ្រោះ​បន្ទាន់​លើ​ផ្នែក​សុខភាព​សាធារណៈ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ដោយ​ផ្ដោត​លើ​វិស័យ​ចំនួន​៣ ដែល​ឆ្លុះបញ្ចាំង​ពី​ផលប្រយោជន៍​រួម ដែល​ជា​អាទិ៍​រួមមាន សន្តិសុខ​ផ្នែក​សុខភាព ស្ថិរភាព និង​ការ​ស្ដារ​ឡើងវិញ​ផ្នែក​សេដ្ឋកិច្ច​។ ដើម្បី​ឆ្លុះបញ្ចាំង​ពី​កម្ពស់​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​អូស្ត្រាលី​ជា​ចម្បង ភាគី​ទាំង​ពីរបាន​ប្តេជ្ញាចិត្ត​ធ្វើការ​រួមគ្នា​ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត ដើម្បី​អនុវត្ត​ឱ្យបាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព នូវ​ផែនការ​សកម្មភាព​អាស៊ាន​-​អូស្ត្រាលី (២០២០-២០២៤) ដើម្បី​កសាង​ការឆ្លើយតប​តំបន់​មួយ ដែល​អាច​កាត់បន្ថយ​បាន​នូវ​ផលប៉ះពាល់​លើ​វិស័យ​សុខាភិបាល និង​សេដ្ឋកិច្ច​-​សង្គម ដែល​បណ្តាលមកពី​ជំងឺឆ្លង និង​ដើម្បី​គាំទ្រ​គ្នា​ទៅវិញទៅមក នៅក្នុង​ដំណាក់កាល​ជាសះស្បើយ​ឡើងវិញ​។

​ទន្ទឹម​នឹងនេះ កិច្ចប្រជុំ​ក៏បាន​ពិភាក្សា អំពី​វិធានការ​នានា​ដើម្បី​ធានា​បាន​នូវ​ស្ថិរភាព​សេដ្ឋកិច្ច និង​ភាពរឹងមាំ​ស្អិតរ​មួ​ត ក្នុងការ​ឆ្លើយតប​ទៅ​នឹង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ក៏ដូចជា​ការប្តេជ្ញាចិត្ត​រួមគ្នា ក្នុង​ការរក្សា​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ឱ្យ​បើកចំហ ដើម្បី​ធានា​ឱ្យបាន​នូវ​លំហូរ​ទំនិញ​ចាំបាច់​សំខាន់ៗ ដូចជា​ស្បៀង អាហារ ឱសថ និង​សម្ភារៈប្រើប្រាស់​ចាំបាច់​នានា​។

​កិច្ច​ប្រជុំបាន​ឯកភាពគ្នា​ធ្វើ​កិច្ចសហការ​ជាមួយ​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ​នានា ជាពិសេស​អង្គការ​សុខភាព​ពិភពលោក និង​សហគមន៍​អន្តរជាតិ ដើម្បី​លើកកម្ពស់​ការត្រៀមខ្លួន និង​ការ​ឆ្លើយតប​រួមគ្នា ចំពោះ​ជំងឺ​រាតត្បាត និង​ទប់ស្កាត់​ផលប៉ះពាល់​ក្នុង​រយៈពេល​វែង​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​រដ្ឋមន្ត្រីការបរទេស​អូ​ស្រា្ត​លី បាន​ធ្វើការ​ផ្លាស់ប្ដូរ​ទ​ស្សនៈ អំពី​បទពិសោធន៍ និង ឧ​ត្ត​ម្មា​នុ​វត្ត​ន៍​របស់​ប្រទេស​នីមួយៗ ក្នុងការ​ទប់ស្កាត់ បង្ការ និង​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩​។ ក្នុងអំឡុងពេល​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​អូស្ត្រាលី ដែល​បាន​ផ្ដល់​នូវ​ជំនួយ​ថវិកា ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខភាព​សាធារណៈ​របស់​កម្ពុជា តាមរយៈ “​គម្រោង​លើកកម្ពស់​គុណភាព និង​សមធម៌​សុខភាព (Health Equity and Quality Improvement Project – H-EQIP)” ក៏ដូចជា​បាន​ផ្ដល់​នូវ​ការ​គាំទ្រ​ដោយ​ផ្ទាល់​ថែមទៀត​ដល់​កម្ពុជា ខាង​ផ្នែក​វេជ្ជសាស្ត្រ ដើម្បី​ឆ្លើយតប​ចំពោះ​ជំងឺ​កូ​វីដ​-១៩​។

​នៅក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ចែករំលែក​នូវ​ទស្សនៈ​មួយចំនួន​ដូចជា ទី​១. អាស៊ាន​បាន​ធ្វើ​ការ​យ៉ាងសកម្ម ចាប់តាំងពី​ការ​ផ្ទុះ​ឡើង​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​នេះ ក្នុងការ​ឆ្លើយតប​ជា​សមូហភាព ដែល​មិន​ត្រឹមតែ​ធ្វើការ​ឆ្លើយតប​រវាង​បណ្តា​ប្រទេស​សមាជិក អាស៊ាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជាមួយ​ដៃគូ​ខាងក្រៅ​ទៀត​ផង​។ ដំណោះស្រាយ​ដែល​ប្រកបដោយ​បុ​រេ​សកម្ម​របស់​អាស៊ាន អាច​ផ្ញើ​សារ​យ៉ាង​ច្បាស់​មួយ​ថា នៅ​ក្នុង​ពេល​មាន​វិបត្តិ សហគមន៍​អន្តរជាតិ​ចាំបាច់​ត្រូវ​បង្កើន​ការសម្របសម្រួល និង​ការឆ្លើយតប​រួមគ្នា ក៏ដូចជា​សាមគ្គី​ភាពជា​អន្តរជាតិ​។

ទី​២. អាស៊ាន និង​អូស្ត្រាលី ត្រូវ​រក្សា​ការប្រុងប្រយ័ត្ន​ជានិច្ច​ចំពោះ​ការឆ្លង​រលក​ទី​ពីរ​នៃ​ជំងឺ​រាតត្បាត​នេះ ខណៈពេលដែល​បណ្តា​ប្រទេស​ទាំងឡាយ​កំពុង​ចាប់ផ្តើម​រៀបចំ​ផែនទី​បង្ហាញផ្លូវ​រៀងៗ​ខ្លួន ដើម្បី​បន្ធូរបន្ថយ​ការ​រឹតបណ្តឹង​ចំពោះ​ជំងឺ​កូ​វីដ​-១៩​។ យើងទាំងអស់គ្នា​ត្រូវ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​កម្ចាត់​ជំងឺ​រាតត្បាត​នេះ​ជាមួយគ្នា​លើ​គ្រប់ផ្នែក​ទាំងអស់ ស្របតាម​ការប្តេជ្ញាចិត្ត​រួមគ្នា​នៅ​មហាសន្និបាត​សុខភាព​ពិភពលោក​លើក​ទី​៧៣​។

​ទី​៣. ជា​ផ្នែក​មួយ​នៃ​ផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ សកម្មភាព​ជាក់ស្តែង​អាច​ត្រូវបាន​សម្រេច តាមរយៈ​ការចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) នៅពេល​វេលា​ដ៏​ឆាប់​ខាងមុខ​។

ទី​៤. អាស៊ាន និង​អូស្ត្រាលី​គួរតែ​សហការគ្នា​នៅ​គ្រប់​កម្រិត ដើម្បី​អភិវឌ្ឍ ធ្វើតេស្ត និង​បង្កើន​ផលិតកម្ម​ឱសថ និង​វ៉ាក់សាំង​ការពារ សម្រាប់​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​នេះ ឲ្យ​បាន​ប្រកបដោយ​គុណភាព សុវត្ថិភាព និង​មានតម្លៃ​សមរម្យ ដោយ​ធានាថា ប្រជាពលរដ្ឋ​ដែលមាន​សេចក្តីត្រូវការ អាចមាន​ឱកាស​ទទួល​បាន​ទាន់ពេលវេលា​នូវ​ឱសថ និង​វ៉ាក់សាំង​ទាំងនេះ ដោយ​គ្មាន​ការរារាំង​។​

​កិច្ចប្រជុំ ក៏បាន​ពិភាក្សា​អំពី​ទិសដៅ​អនាគត​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​អូស្ត្រាលី សម្រាប់​ដំណាក់កាល​ក្រោយ​ជំងឺឆ្លង​កូ​វីដ​-១៩ និង​ទន្ទឹងរង់ចាំ​ការចូលរួម​យ៉ាងសកម្ម​បន្ថែមទៀត​រវាង​តំបន់​ទាំងពីរ ក្នុងការ​សម្របសម្រួល​ការឆ្លើយតប​ជារួម ដើម្បី​បញ្ឈប់​ជំងឺ​រាតត្បាត​ជា​សកល​នេះ​៕
កោះ​កែវ

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114