កិច្ចប្រជុំ​អន្តរក្រសួង​ស្ដីពី​ការ​ដោះ​ស្រាយ​ការ​កកស្ទះ​សំណុំរឿង និង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​
BREAKING NEWS
Search

កិច្ចប្រជុំ​អន្តរក្រសួង​ស្ដីពី​ការ​ដោះ​ស្រាយ​ការ​កកស្ទះ​សំណុំរឿង និង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​

ភ្នំពេញ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្ដីពី​ ការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង និង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​។ កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ព្រមទាំង​ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​អគ្គនាយក នៃ​ក្រសួងមហាផ្ទៃ​និង​ក្រសួងយុត្តិធម៌ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០២០​នេះ នៅ​ទី​ស្តី​ក្រសួងមហាផ្ទៃ។​

​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែង​ថា «​តាម​សំណើ​របស់ ឯក​ឧ​ត្ត​ម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​យើង​ជួបជុំគ្នា ដើម្បី​ពិភាក្សា​រក​ដំណោះ​ស្រាយ​ភាព​ចង្អៀត​ណែន​នៃ​ពន្ធនាគារ ហើយ​ដោយសារ​ការ​កកស្ទះ ឬក៏​ភាព​យឺតយ៉ាវ នៃ​សំណុំរឿង​មួយ​ចំនួន ដែល​មិន​ទាន់​បាន​ដោះស្រាយ ហើយ​ក្រសួងយុត្តិធម៌​បាន​យកចិត្តទុកដាក់ ដើម្បី​ពន្លឿន​ការ​ដោះ​ស្រាយ​ការ​កកស្ទះ​សំណុំ​រឿង​នេះ ដែល​ចាត់​ទុក​ការងារ​ដ៏​ពិសេស​ចាំបាច់​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ ដែល​ទាក់ទង​ទៅ​នឹង​ភាព​ចង្អៀត​ណែន​»​។​

សម្ដេច​ក្រឡាហោម​បាន​បន្ត​ថា ​ក្នុង​ស្ថានភាព​នៃ​ការ​ប្រឈមមុខ​នឹង​វិបត្តិ​កូ​វីដ​-១៩ ថ្វី​ដ្បិត​ថា​ មាន​បណ្ដា​ប្រទេស​មួយ​ចំនួន​ បានសម្រេច​ដោះលែង​អ្នកទោស​ខ្លះ ប៉ុន្តែ​នៅ​កម្ពុជា ស្ថានភាព​មិនទាន់​ឈាន​ដល់​ដំណាក់កាល​នេះ​នៅឡើយ​ទេ​។​ យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង និង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ គឺជា​កិច្ច​សំខាន់​បំផុត​មួយ​របស់​ក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌ ទន្ទឹម​នឹង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បទល្មើស​គ្រឿងញៀន​ បាន​ស្ថិត​ក្នុង​ភាគរយ​ខ្ពស់​ជាងគេ ធៀប​នឹង​បទល្មើស​ផ្សេងៗ​ ដែល​បាន​បញ្ជូន​មក​តុលាការ ខណៈ​បទល្មើស​នេះ​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ស្នើសុំ​លើកលែង និង​បន្ធូរ​បន្ថយ​ទោស​ដែរ៕
អត្ថបទ៖ ឌី​រៀ​

ចុចអាន៖ moon jae-in ទទួល​សំឡេង​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី ក្រោយ​ជោគជ័យ​ទប់​ស្កាត់​កូវីដ ១៩