កីឡដ្ឋាន​ចំនួន​២​ ក្នុង​លី​គ​កំពូល​កម្ពុជា ត្រូវ​បាន​បាញ់ថ្នាំ​ការពារ​វីរុស COVID-19

ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់​បាល់ទាត់​ផ្លូវការ ក្នុង​ប្រទេស​កម្ពុជា ដែល​រួមមាន ​លី​គ​កំពូល​កម្ពុជា (​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​) ពានរង្វាន់ សម្ដេច​តេ​ជោ ហ៊ុន សែន និង​ពានរង្វាន់​យុវជន​២​ផ្សេងទៀត ត្រូវ​បាន​សម្រេច​ផ្អាក​ជា​ផ្លូវការ​ទាំងអស់ ដើម្បី​បង្ការ​ការទប់ស្កាត់​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ (Covid-19)​។​

​គ្រា​ដែល​មិនមាន​ការប្រកួត​ណាមួយ​ត្រូវបាន​រៀបចំ​ធ្វើ គេ​សង្កេត​ឃើញ​ថា ​មាន​កីឡដ្ឋាន​ចំនួន ២​ដែល​ត្រូវ​បានរៀបចំ​បាញ់ថ្នាំ​ការពារ​វីរុស COVID-19 ដែល​កំពុងតែ​រាតត្បាត​នៅ​ជុំវិញ​ពិភពលោក និង​ក្នុងប្រទេស​កម្ពុជា​ផងដែរ នោះ ​គឺ កីឡដ្ឋាន ព្រី​នស៍ របស់​ក្លិប​វិសាខា និង​កីឡដ្ឋាន អេស​.​អ​.​យូ របស់​ក្លិប សៀមរាប​យូ​ណាយ​ធី​ត។

លោក លី សេងហួរ ស្ថាបនិក​កីឡដ្ឋាន SRU ប្រាប់ថា សកម្មភាព​នេះ​ធ្វើឡើង​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​វីរុស COVID 19 ដែល​កំពុង​ផ្ទុះ​ឡើងជា​សកល​តែម្ដង​។ លោក​បន្ថែម​ថា នឹង​រៀបចំ​បាញ់​ថ្នាំ​ការពារ​មួយ​សប្ដាហ៍​ម្ដង​។ នេះ​បើ​តាម​ការផ្សាយ​លើ​គេហទំព័រ​របស់ CNCC។

គួរ​រំលឹក​ថា គ្រា​ដែល​ក្លិប​សៀមរាប​យូ​ណាយ​ធី​ត មិនទាន់​រួចរាល់​ក្នុង​ការចូលរួម​លី​គ​កំពូល​កម្ពុជា ប៉ុន្តែ​កីឡដ្ឋាន​របស់​ពួកគេ ត្រូវបាន​ជួល​ឲ្យ​ក្លិប​ធំៗ​ពីរ គឺ អង្គ​រថា​យ​ហ្គឺ​រ និង សូល​ទី​ឡូ​អង្គរ បម្រើ​ដល់​ការ​ប្រកួត​ក្នុង​លី​គ​កំពូល​កម្ពុជា រដូវ​កាល ២០២០​នេះ។

ក្រឡេក​ទៅកាន់​រាជធានី​ភ្នំពេញ​វិញ ក្លិប​វិសាខា ក៏បាន​បើក​យុទ្ធនាការ​បាញ់ថ្នាំ​ការពារ​វីរុស COVID-19 នៅ​កីឡដ្ឋាន​ព្រី​នស៍​របស់​ខ្លួន​ផង​ដែរ កាលពី​ថ្ងៃអាទិត្យ ទី​២២ ខែ​មីនា​កន្លងទៅ ដោយ​ក្នុង​នោះ​គឺ​សម្អាត​នៅ​គ្រប់កន្លែង​សំខាន់​ទាំងអស់ រួមមាន បន្ទប់​ការិយាល័យ​, បន្ទប់​ផ្លាស់​សម្លៀកបំពាក់​កីឡាករ​, បន្ទប់​ពេទ្យ​, បន្ទប់​ហាត់ប្រាណ និង​បន្ទប់​ផ្សេងៗ​ទៀត។

សូមបញ្ជាក់ថា គិត​ត្រឹម​បច្ចុប្បន្ន​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូ​វីដ​១៩ (COVID-19) ចំនួន​៨៦​ករណី​ហើយ ដែល​ក្នុង​នោះ​មិនទាន់មាន​ការ​ចម្លង​នៅ​ក្នុង​សហគមន៍​នៅឡើយ​ទេ ពោល​គឺ​សុទ្ធតែជា​ការ​ចម្លង​ពី​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​មកពី​ក្រៅប្រទេស៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114