កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ចុះ​ប្រគល់​គ្រឿង​បរិក្ខារ​ពេទ្យ​ដល់​មន្ទីរ​ពេទ្យ​មួយ​នៅ​ខេត្ត​ស្វាយរៀង
BREAKING NEWS
Search

កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ចុះ​ប្រគល់​គ្រឿង​បរិក្ខារ​ពេទ្យ​ដល់​មន្ទីរ​ពេទ្យ​មួយ​នៅ​ខេត្ត​ស្វាយរៀង

នៅ​គ្រា​ដែល​មិន​មាន​សកម្មភាព​ប្រកួត​លក្ខណៈ​អន្តរជាតិ​របស់​ក្រុម​ជម្រើស​ជាតិ អំឡុង​ពេល​បច្ចុប្បន្ន​នេះ សមាជិក​មួយ​ចំនួន​នៃ​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​ចុះ​ចែក​សម្ភារ​ប្រយុទ្ធ​ប្រឆាំង​កូ​វីដ​-១៩ ជូន​ដល់​មន្ទីរ​ពេទ្យ​បង្អែក ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២០​។​

​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ទាំងនោះ ​រួមមាន​កីឡាករ​របស់​ក្លឹប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង គឺ កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម​, សឿ​យ វិសាល និង​សារ៉េត គ្រី​យ៉ា រួម​ដំណើរ​ជា​មួយ​នឹង​មន្ត្រី​និង​ក្រុមការងារ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ថែម​ទៀត​ផង។​

​ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​រៀបរាប់​អំពី​ចំណាប់អារម្មណ៍​របស់​ខ្លួន​ថា​៖ “ ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ដែល​បាន​ចូលរួម​ការងារ​សង្គម ”។ សឿ​យ វិសាល ក៏​ដូចគ្នា​បាន​រៀបរាប់​ថា​រូបគេ​ពិតជា​រីករាយ និង​ពេញចិត្ត​ក្នុង​ការ​ចូលរួម​ជួយ​សង្គម តាមរយៈ​ការ​ផ្តល់​ជូន​នូវ​បរិក្ខារ​ពេទ្យ ដែល​បច្ចុប្បន្ន​កំពុង​ជា​តម្រូវ​ការ​ចាំបាច់​បំផុត​នេះ បើ​ទោះ​បីជា​មិន​មាន​ការប្រកួត​បាល់ទាត់​ក៏​ពិតមែន ។ រីឯ​កីឡាករ សារ៉េត គ្រី​យ៉ា​វិញ ក៏បាន​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​ទាំងអស់​មេត្តា​ធ្វើការ​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដោយ​ផ្អាក​ការ​ធ្វើដំណើរ​មិន​ចាំបាច់ និង​ការ​ជួប​ជុំ​ជាដើម ។​

FFC បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​៖ “ ទោះ​ក្នុងស្ថានភាព​ណា​ក៏ដោយ ខ្មែរ​យើង​រួមសុខ​រួម​ទុក្ខ​ជាមួយគ្នា ក្នុង​ស្មារតី​នេះ​កីឡាករ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នៅ​ថ្ងៃ​សៅ​នេះ​បាន​ចូលរួម​ជាមួយ​ខាង​យុវជន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) នាំ​យក​សម្ភារៈ​បរិក្ខារ​ពេទ្យ​មួយ​ចំនួន​ដូចជា ម៉ាស់ អាកុល សាប៊ូ របាំង​ការពារ​មុខ ស្រោមដៃ ដើម្បី​យក​មក​ឧបត្ថម្ភ​ជូន​មន្ទីរ​ពេទ្យ​បង្អែក ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ដើម្បី​ប្រើប្រាស់​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ ” ។​

​សូម​ជម្រាប​ថា បច្ចុប្បន្ន​ទាំង​ការប្រកួត​អន្តរជាតិ​របស់​ក្រុម​ជម្រើស​ជាតិ ទាំង​ការប្រកួត​លី​គ​ក្នុង​ប្រទេស គឺ​មិន​មាន​សកម្មភាព​អ្វី​ឡើយ អំឡុង​ពេល​ដែល​ពិភពលោក​កំពុងតែ​បង្ការ​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង​មេរោគ COVID-19 ហើយ​ក្នុង​នោះ​ផង​ដែរ កម្ពុជា ពុំ​ទាន់​កំណត់​ច្បាស់​ថា ពេលណា​សកម្មភាព​បាល់​ទាត់​នឹង​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​ឡើងវិញ​នោះ​ទេ៕

ចុចអាន៖