BREAKING NEWS
Search

កីឡាករ​​ Oiboh Julius របស់​បឹងកេត​អង្គរ ចេញទៅ​ចូលរួម​ជាមួយ​ក្លិប Pahang FA ក្នុង​លីកកំពូល​របស់​ម៉ាឡេស៊ី

Oiboh Julius ដែលជា​សមាជិក​ក្លិប​បឹងកេត​អង្គរ ក្នុង​លីក​កំពូល​កម្ពុជា បានសម្រេច​ចុះ​កិច្ច​សន្យា​ជាមួយ​ក្លិប Pahang FA ក្នុង​លី​គ​កំពូល​របស់​ម៉ាឡេស៊ី (Malaysia Super League) រយៈពេល​១​ឆ្នាំ ពោលគឺ​ក្នុង​រដូវ​កាល​២០១៧ នេះ​តែម្ដង​។

កីឡាករ Oiboh Julius ជា​សមាជិក​នៅក្នុង​ក្លិប BBCU ក្នុង​លី​ក​កំពូល​របស់​ប្រទេស​ថៃ ខណៈ​ក្នុងចំណោម​២៦​ប្រកួត​រូបគេ​រក​បាន​៧​គ្រាប់​។ យ៉ាងណាក្តី​ក្លិប​របស់​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​បាន​ធ្លាក់​ចេញពី​លីក​កំពូល​ថៃ ផង​ដែរ​ក្រោយ​ស្ថិតនៅ​បាត​តារាង​។

កីឡាករ​រូប​នេះ​ ធ្លាប់​ឈ្នះ​ជយលាភី​ស្បែកជើង​មាស​លីក​កំពូល​កម្ពុជា​ឆ្នាំ​២០១១ ជាមួយ​ក្លិប​ណាហ្គា​វើ​ល មុន​ជួយ​ឲ្យ​បឹងកេត​ឈ្នះ​ជើងឯក​លីក​កំពូល​កម្ពុជា​ជា​លើកដំបូង​នៅ​ឆ្នាំ​២០១២​។

ក្រោយម​ក​ទៀត​គេ​បន្ត​អាជីព​នៅ​លីក​កំពូល​របស់​ថៃ រហូតមកដល់​បច្ចុប្បន្ន មុន​ចាក​ចេញមក​កម្ពុជា វិញ​លើក​នេះ​។

កីឡាករ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ខាងលើ បាន​ចូលខ្លួន​ជាមួយ​បឹងកេត​អង្គរ ក្នុង​យុទ្ធនាការ​ពានរង្វាន់​BTV CUP 2016 និង​Toyota Mekong Club Championship 2016 (TMCC) និង​បង្ហាញខ្លួន​ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម Cambodian All Stars ជាមួយ​ក្រុម Morocco All Stars កាលពី​ចុងឆ្នាំ​២០១៦​ផង​ដែរ​។ យ៉ាង​ណា​ក្តី​យោង​តាម​ប្រភព​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹង​ថា ​ការ​បង្ហាញ​ខ្លួន​របស់ Oiboh Julius លើ​ទឹកដី​ម៉ាឡេស៊ី ក៏​ទទួលបាន​កម្លាំង​ពលកម្ម​ខ្ទង់​ម៉ឺន​ដុល្លារ​ផង​ដែរ​។ ប៉ុន្តែ​រូបគេ​ស​ង្ឃឹម​ថា​នឹង​ត្រឡប់មក​ប្រកប​អាជីព​នៅ​កម្ពុជា វិញ​ក្នុង​ថ្ងៃ​អនាគត​ជាមិនខាន​។

ចំពោះ​ពានរង្វាន់​លីក​កំពូល​ម៉ាឡេស៊ី Malaysia Super League នឹង​ចាប់ផ្ដើម​រដូវ​កាល​២០១៧​ពីថ្ងៃ​ទី​២០​ខែមករា ដល់​ថ្ងៃទី​២១​ ខែតុលា​ ឆ្នាំ២០១៧ ខណៈ​ក្រុម​ថ្មី Pahang FA របស់ Oiboh Julius ធ្លាប់​ឈ្នះ​ជើងឯក​៥​ដង ដោយ​លើក​ចុង​ក្រោយ​ក្នុង​ឆ្នាំ​២០០៤ ហើយ​ក្នុង​ពាន AFC Cup ដែលជា​ពានរង្វាន់​លំដាប់​ទី​២​ប្រចាំ​ទ្វីប​អាស៊ី វិញ​ពួកគេ​ធ្លាប់​ឡើងដល់​វគ្គ​៨​ក្រុម​ចុងក្រោយ​ក្នុង​ឆ្នាំ​២០១៥​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114