ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ ធា​រី ចន្ថា​ប៊ី​ន កំពុងតែ​សម្លឹង​រកមើល​ទ្រនំ​ថ្មី​ក្រោយ​ចែកផ្លូវ​ជាមួយ​ក្លិប​Terengganu FA នៅ​លី​គ​កំពូល​ម៉ាឡេស៊ី

​កីឡាករ​ខ្មែរ​-​បារាំង ធា​រី ចន្ថា​ប៊ី​ន បាន​ចែកផ្លូវ​ជាមួយ​ក្រុម​Terengganu FA​សមាជិក​នៅ​លី​គ​កំពូល​របស់​ប្រទេស​ម៉ាឡេស៊ី (Malaysia Super League) ក្រោយ​រួម​រស់នៅ​ទីនោះ​បាន​២​រដូវ​កាល​គឺ​ឆ្នាំ​២០១៨ និង​២០១៩ ខណៈ​កីឡាករ​ជម្រើសជាតិ​កម្ពុជា​រូបនេះ​កំពុងតែ​សម្លឹង​រកមើល​ទ្រនំ​ថ្មី​ដើម្បី​បន្ត​អាជីព​ក្នុង​ឆ្នាំ​២០២០ ខាងមុខ​។

​ក្រោយ​ចែកផ្លូវ​ជាមួយ​កីឡាករ​កម្ពុជា ធា​រី ចន្ថា​ប៊ី​ន ក្លិប​Terengganu FC បានសម្រេច​ចុះ​កុងត្រា​យក​កីឡាករ Faris Ramli ដែលជា​ទើប​ទទួល​ពានរង្វាន់​ជា​កីឡាករ​ឆ្នើម​ជាងគេ​នៅ​លី​គ​កំពូល​សឹង្ហ​បុរី​ប្រចាំឆ្នាំ​២០១៩ ទៅ​ចូលរួម​ក្រុម​ដើម្បី​បំពេញ​កូតា​កីឡាករ​អាស៊ាន​ក្នុង​លី​គ​របស់ខ្លួន​។ ក្លិប​ដែល​ប្រើប្រាស់​កីឡដ្ឋាន Sultan Ismail Nasiruddin Shah Stadium បានបញ្ចប់​រដូវ​កាល​ឆ្នាំ​២០១៩ របស់ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៧​ក្នុងចំណោម​ក្រុម​ទាំង​១៤ ប្រចាំ​លី​គ​កំពូល​ម៉ាឡេស៊ី ក្រោយ​ប្រកួត​ឈ្នះ​បាន​៧ លើ ស្មើគ្នា​៩​លើក​និង​ចាញ់​៦​លើក​។

​សូម​រំលឹកថា ​អាជីព​ជា​កីឡាករ​បាល់ទាត់ ធា​រី ចន្ថា​ប៊ី​ន បានធ្វើ​ដំណើរ​ពី​ប្រទេស​បារាំង​ឆ្ពោះ​មក​កម្ពុជា ដោយ​ចុះកិច្ចសន្យា​ជា​ក្លិប​ភ្នំពេញ​ក្រោ​ន លើកដំបូង​កាលពី​ខែតុលា ឆ្នាំ​២០១២ កន្លងទៅ ដំណាលគ្នា​នឹង​មិត្តភក្ដិ​មកពី​បារាំង​ជាមួយគ្នា កុក បូរី​ស និង គួច ដា​នី បន្ទាប់ពី​ពួកគេ​បានធ្វើ​ដំណើរ​ជាមួយ​ក្រុមបាល់ទាត់​កូន​ខ្មែរ​-​អឺរ៉ុប ដែល​ដឹកនាំ​ដោយ​អតីត​វីរបុរស​បាល់ទាត់​ខ្មែរ ប៉ែន ផាត មក​ប្រកួត​នៅ​កម្ពុជា អំឡុង​ពាក់កណ្ដាល​ឆ្នាំ ២០១២​។ រូបគេ​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា តាំងពី​ឆ្នាំ​២០១៤ រហូតដល់​ខែតុលា ឆ្នាំ​២០១៧​។

នៅ​ដើម​រដូវ​កាល​ឆ្នាំ​២០១៧ រូបគេ​បាន​ចេញទៅ​ចូលរួម​ជាមួយ​ក្លិប Krabi FC សមាជិក​ពានរង្វាន់​លី​គ​លំដាប់​ទី​២​នៅ​ប្រទេស​ថៃ ខណៈ​នៅ​ពាក់​រដូវ​កាល​រូបគេ​បាន​ផ្លាស់​មកលេង​នៅ​កម្ពុជា វិញ​ជាមួយ​ក្លិប​អគ្គីសនី​កម្ពុជា​។ បើ​និយាយ​ពី​ការប្រកប​អាជីព​ក្នុង​ក្លិប អំឡុងពេល​រួមរស់​ជាមួយ​ភ្នំពេញ​ក្រោ​ន កីឡាករ ធា​រី ធ្លាប់​លើក​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ចំនួន​២​ឆ្នាំ​ជាប់​គ្នា​មកហើយ គឺ​នៅ​ឆ្នាំ​២០១២ និង ២០១៦ ក្រោយ​ប្រកប​អាជីព​នៅ​កម្ពុជា ជាង​៤ ឆ្នាំ​ហើយ​គេ​ក៏​ជា​ផ្នែក​មួយ​ជួយ​ឱ្យ​ភ្នំពេញ​ក្រោ​ន ឈ្នះ​ចំណាត់ថ្នាក់​លេខ​៣ នៃ​ពានរង្វាន់ Toyota Mekong Club Championship 2014 ផងដែរ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114