BREAKING NEWS
Search

កីឡាករ ធា​រី ចន្ថា​ប៊ី​ន ប្រកាសថា​ខ្លួន​ចេញទៅ​ចូលរួម​ជាមួយ​ក្លិប​លំដាប់​ទី​២​របស់​ប្រទេស​ថៃ​ក្នុង​រដូវ​កាល​ថ្មី​មែន​

កីឡាករ​ខ្មែរ​-​បារាំង ធា​រី ចន្ថា​ប៊ី​ន សមាជិក​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា បានប្រកាស​ជា​ផ្លូវការ​ថា​ខ្លួន​សម្រេច​ចុះកិច្ចសន្យា​ផ្លូវការ​ប្រកប​អាជីព​ជាមួយ​ក្លិប Krabi FC ដែលជា​សមាជិក​លី​គ​លំដាប់​ទី​២ (Thai Diversion 1)​របស់​ប្រទេស​ថៃ ក្នុង​កិច្ចសន្យា​រយៈពេល​៣​ឆ្នាំ សម្រាប់​រដូវ​កាល​ថ្មី បន្ទាប់ពី​រូបគេ​សម្រេច​មិន​បន្ត​កិច្ចសន្យា​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន កាលពី​ពេល​ថ្មី​ ក្រោយ​រួមរស់​ជាមួយគ្នា​អស់​រយៈពេល​៤​ឆ្នាំ​មកនេះ​។​

កីឡាករ​រូបនេះ​បាន​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣១ ខែធ្នូ ម្សិលមិញ​ថា​៖ «​បន្ទាប់ពី​ការរង់ចាំ​ប្រាប់​អ្នក​ពី​ដំណឹង​មួយ​នេះ ខ្ញុំ​អាច​ប្រាប់​បាន​ហើយ​ថា ខ្ញុំ​បានធ្វើ​ការចុះ​កុងត្រា​ជាមួយ ក្លិប Krabi Football Club របស់​ប្រទេស​ថៃ​។ ខ្ញុំ​ពិតជា​មាន​ភាព​រីករាយ​ណាស់ដែ​លអាច​ឈានទៅដល់​គោលដៅ​មួយ​របស់ខ្ញុំ​បាន វា​ប្រៀបដូចជា​អំណោយ​ឆ្នាំ​ថ្មី ២០១៧ អីចឹង​។ វា​ជាការ​ប្រកួតប្រជែង ហើយ​និង​ជាការ​បោះជំហាន​ដ៏​ធំ​មួយ​សម្រាប់​ខ្ញុំ​ផងដែរ​។ ខ្ញុំ​បាន​ត្រៀម​ចិត្ត​កាយ​រួចជាស្រេច​ដើម្បី​ឱកាស​ដែល​ខ្ញុំ​ទទួលបាន​នេះ​»​។​

កីឡាករ ធា​រី ចន្ថា​ប៊ី​ន បន្ថែមថា​៖ «​សូម​ថ្លែងអំណរគុណ​ជា​អនេក​សម្រាប់​ការបន្ត​គាំទ្រ​រូបខ្ញុំ ក៏ដូចជា​ការលើក​ចិត្ត​ឲ្យ​ខ្ញុំ​ខិតខំ​ពុះពារ​ទៅមុខ​។ ខ្ញុំ​ពិតជា​រំភើប​ចំពោះ​បទពិសោធន៍​ទាំងនេះ ទាំង​ការសិក្សា​ពីអ្វី​ថ្មីៗ​ហើយ​នាំយក​វា​មក​កម្ពុជា​។ ខ្ញុំ​នឹងមិន​អាច​បំភ្លេចបាន​ពី​ការ​ឈរឈ្មោះ​លេង​សម្រាប់​ប្រទេស​យើង ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ដែរ​ថា ​នឹង​អាច​ត្រឡប់មកវិញ​នៅពេល​ក្រោយ​ផងដែរ​។ ខ្ញុំ​សូម​ជូនពរ​អ្នក​ទាំងអស់គ្នា​ឲ្យ​ទទួលបាន​នូវ​ភាពជោគជ័យ សុខភាព​ល្អ​និង​សុភមង្គល​ក្នុង​ឆ្នាំ​ថ្មី​នេះ​។ នេះ​ក៏​សម្រាប់​អ្នក​ដែល​មិន​ពេញចិត្ត​ខ្ញុំ​ផងដែរ​។ អគុណ​សម្រាប់​ការ​ជំរុញ​ចិត្ត​ជម្នះ​ទៅមុខ​ក្នុង​ឆ្នាំ​កន្លងទៅនេះ »​។​

កីឡាករ ធា​រី ចន្ថា​ប៊ី​ន បាន​ចុះកិច្ចសន្យា​ជា​ក្លិប​ភ្នំពេញ​ក្រោ​ន​លើកដំបូង​កាលពី​ខែតុលា ឆ្នាំ​២០១២ កន្លងទៅ ដំណាលគ្នា​នឹង​មិត្តភក្ដិ​មកពី​បារាំង​ជាមួយគ្នា កុក បូរី​ស និង គួច ដា​នី បន្ទាប់ពី​ពួកគេ​បានធ្វើ​ដំណើរ​ជាមួយ​ក្រុមបាល់ទាត់​កូន​ខ្មែរ​-​អឺរ៉ុប ដែល​ដឹកនាំ​ដោយ​អតីត​វីរបុរស​បាល់ទាត់​ខ្មែរ ប៉ែន ផាត មក​ប្រកួត​នៅ​កម្ពុជា អំឡុង​ពាក់កណ្ដាល​ឆ្នាំ ២០១២​។

សូមបញ្ជាក់ថា ធា​រី ធ្លាប់​លើក​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ជាមួយ​ភ្នំពេញ​ក្រោ​ន រយៈពេល​២​ឆ្នាំ​ជាប់​គ្នា​មកហើយ គឺ​នៅ​ឆ្នាំ​២០១៥ និង ២០១៥ ក្រោយ​ប្រកប​អាជីព​នៅ​កម្ពុជា ជាង​៤ ឆ្នាំ​ហើយ​គេ​ក៏​ជា​ផ្នែក​មួយ​ជួយ​ឱ្យ​ភ្នំពេញ​ក្រោ​ន ឈ្នះ​ចំណាត់ថ្នាក់​លេខ​៣ នៃ​ពានរង្វាន់ Toyota Mekong Club Championship 2014 ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114