កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ចូល​រោងការ​នៅ​ថ្ងៃស្អែក​ហើយ
BREAKING NEWS
Search

កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ចូល​រោងការ​នៅ​ថ្ងៃស្អែក​ហើយ

ភ្នំពេញ ​៖​ កីឡាករ​ ដែល​ជា​ខ្សែប្រយុទ្ធ របស់​ក្រុមបាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង លោក ប្រាក់ មុន្នី​ឧ​ត្ត​ម នឹង​ហែ​​​ជំនូន​ចូល​រោង​ជ័យ​រៀបការ ​ជាមួយ​គូ​ដណ្ដឹង​របស់​ខ្លួន អ្នកនាង ប្រាក់ ស្រីរ័ត្ន នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៧​ស្អែក​នេះ​ហើយ នៅ​មជ្ឈមណ្ឌល​មហា​សន្និបាទ​កោះ​ពេជ្រ អគារ A និង B។

មុន​ពេល​រៀប​មង្គលការ ខ្សែប្រយុទ្ធ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ ​បាន​ធ្លាប់​ប្រាប់​ឲ្យ​ដឹង​ថា ខ្លួន​គេ​នឹង​បង្កើន​សមត្ថភាព​លេង​បាល់ ឲ្យ​បាន​កាន់តែ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន បន្ទាប់ពី​រៀបការ​រួច។

លោក ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​បន្ត​​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​រៀបការ​រួច​ លោក​ត្រូវ​ចំណាយ​ពេល​សម្រាប់​គ្រួសារ ប៉ុន្តែ​ក្រៅពីនោះ ​ក៏​ត្រូវ​ធ្វើការ​ហ្វឹកហាត់​ឲ្យ​បាន​ច្រើនជាង​ពេល​ធម្មតា​ដែរ​។​

លោក​បន្តទៀតថា ក្នុងនាម​ជា​កីឡាករ​មិន​អាច​បណ្ដែតបណ្ដោយ​ខ្លួន មិន​ប្រឹងប្រែង​ហ្វឹកហាត់ ឬ​ហ្វឹកហាត់​ដូច​ធម្មតា​នោះទេ​។ បើសិនជា​ដូច្នោះ​មែន​នោះ កម្រិត​លេង​ច្បាស់​ជា​មាន​ការ​ធ្លាក់ចុះ​ជាក់​ជាមិនខាន​ឡើយ​។​

ខ្សែប្រយុទ្ធ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​រូបនេះ បាន​បេ្ដជ្ញា​ថា បើ​ទោះ​បីជា​រៀបការ​រួច​មាន​ការងារ​រវល់​ច្រើនយ៉ាង​ណាក៏ដោយ លោក​ត្រូវតែ​ពង្រឹង​របៀប​លេង​បាល់ ឬ​កម្រិត​សមត្ថភាព​លេង​បាល់​ឲ្យ​ខ្លាំង​ជាង​ពេលបច្ចុប្បន្ន​។​

គួរ​រំលឹក​ផងដែរ​ថា លោក ប្រាក់ មុន្នី​ឧត្ដម និង​គូ​​ដណ្ដឹង ប្រាក់ ស្រីរ័ត្ន ត្រូវ​បាន​ចាស់ទុំ​ចូល​ជួប​ពិភាក្សា​គ្នា​រៀបចំ​ពិធី​ភ្ជាប់​ពាក្យ​កាលពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦ កន្លងទៅ៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114