កីឡាករ Adrian Mariappa របស់​ក្លិប Watford​ភ្ញាក់ផ្អើល​នឹង​ការធ្វើ​តេស្ត​វិជ្ជមាន​នៃ​ជំងឺ COVID-19

​ខ្សែការពារ Adrian Mariappa របស់​ក្លិប Watford​បាន​និយាយថា ព័ត៌មាន​ដែលថា​លោក​បាន​ធ្វើតេស្ត​វិជ្ជមាន​នៃ​ជំងឺ COVID-19 បានធ្វើ​ឲ្យ​លោក​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារតែ​លោក​គ្មាន​អារម្មណ៍​ថា​ឈឺ​សូម្បីតែ​បន្តិច​សោះ​នោះ​។

កីឡាករ​វ័យ​៣៣​ឆ្នាំ​ម្នាក់នេះ ស្ថិតនៅ​ក្នុងចំណោម​មនុស្ស​៣​នាក់​ដែល​ធ្វើតេស្ត​វិជ្ជមាន​នៃ​ជំងឺ COVID-19​នៅ​ក្លិប Watford ក្នុងនោះ​មនុស្ស​២​នាក់​ទៀត គឺជា​បុគ្គលិក​។

ក្លិប Watford​ស្មើនឹង​ពាក់កណ្តាល​នៃ​ករណី​ឆ្លង​ជំងឺ COVID-19 ចំនួន​៦​នាក់ ដែល​បាន​រកឃើញ​ពី​ការធ្វើ​តេស្ត​មនុស្ស​៧៤៨​នាក់​នៅក្នុង​ចំណោម​ក្រុម​កីឡាករ និង​បុគ្គលិក​នៅ​ក្របខណ្ឌ Premier League មុនពេល​ការវិល​ត្រឡប់មក​ហ្វឹកហាត់​វិញ​លក្ខណៈ​ជា​ក្រុម​តូចៗ ក្នុង​សប្តាហ៍​នេះ។

កីឡាករ Mariappa បាន​និយាយប្រាប់​កាសែត Telegraph ថា ចាប់តាំងពី​លោក​ធ្វើតេស្ត​វិជ្ជមាន​នៃ​ជំងឺ COVID-19​កាលពី​ថ្ងៃ​អង្គារ លោក​យកដៃ​ដាក់​លើ​ក្បាល​របស់លោក​រហូត ដើម្បី​រក​នឹកថា​តើ​លោក​អាច​ឆ្លង​ជំងឺ​មួយ​នេះ តាម​វី​ធី​ណា ។

លោក​បាន​បន្តថា វា​គឺ​រឿង​មួយ​ដ៏​គួរ​ភ្ញាក់ផ្អើល​ខ្លាំងណាស់ ដោយសារតែ​លោក​មិនដែល​ចាក​ចេញពីផ្ទះ​ម្តងណា​ឡើយ ក្រៅពី​ហាត់ប្រាណ​ខ្លះៗ ហើយ​និង​ដើរ​ជាមួយ​ក្មេងៗ​។

កីឡាករ Mariappa បាន​អនុវត្តន៍​តាម​កម្មវិធី​លុត​ដុំ​ខ្លួន​ដាក់ជូន​ដោយ​ក្លិប ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ​លើផ្លូវ​ដង្ហើម​របស់លោក ថ្វីត្បិតតែ​ធ្វើតេស្ត​វិជ្ជមាន​នៃ​វីរុស​ក៏ដោយ។

លោក​បាន​បញ្ជាក់​ថា លោក​គ្មាន​រោគសញ្ញា​អ្វី​ឡើយ ហើយ​លោក​មាន​អារម្មណ៍​ខ្លាំង​មាំមួន​ដូច​ធម្មតា ប្រហែលជា​មាំមួន​ជាង​មុន ដោយសារតែ​លោក​បាន​ប្រឹងប្រែង​ខ្លាំងណាស់។

ខណៈពេល​នោះដែរ ក្លិប Burnley បានប្រកាសថា អ្នកចាត់ការ​ជំនួយការ​របស់​ពួកគេ គឺ​លោក Ian Woan ដែល​គ្មាន​លេចចេញ​រោគសញ្ញា​ដែរនោះ បានធ្វើ​តេស្ត​វិជ្ជមាន​នៃ​ជំងឺ COVID-19៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114