កីឡាករ Giroud និង​អ្នក​ចាត់​ទី Caballero បន្ត​កិច្ចព្រមព្រៀង​ជាមួយ​ក្លិប Chelsea​រហូតដល់​ឆ្នាំ​២០២១

​ខ្សែប្រយុទ្ធ Olivier Giroud និង​អ្នកចាំទី Willy Caballero របស់​ក្លិប Chelsea បាន​បន្ត​កិច្ចព្រមព្រៀង​របស់​ពួកគេ រហូតដល់​ដំណាច់​រដូវ​កាល​ឆ្នាំ​២០២០-២១​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​ក្លិប​នៅ​ក្របខណ្ឌ Premier League​មួយ​នេះ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ ។

កីឡាករ Giroud វ័យ​៣៣​ឆ្នាំ បានសម្រេច​ចិត្ត​រួមចំណែក​នៅក្នុង​ផែនការ​របស់​គ្រូបង្វឹក Frank Lampard មុនពេល​បិទ​ការប្រកួត ដោយសារតែ​ការរីក​រាលដាល​ឆ្លង​សកល​នៃ​ជំងឺ COVID-19 ហើយ​និង​រកបាន​គ្រាប់​បាល់​ចុងក្រោយ​របស់​ក្រុម Chelsea​អំឡុង​ជ័យជំនះ​៤-០​លើ​ក្រុម Everton​កាលពី​ខែមីនា​កន្លងទៅ ។

កុងត្រា​របស់​កីឡាករ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​បារាំង​ម្នាក់នេះ គ្រោង​នឹង​ផុតកំណត់​នៅ​ដំណាច់​រដូវ​កាល​នេះ ប៉ុន្តែ​ក្លិប Chelsea​បានសម្រេច​ចិត្ត​បន្ត​កិច្ចព្រមព្រៀង​រយៈពេល​១​ឆ្នាំ​ទៀត។

កីឡាករ Giroud​បាន​និយាយថា លោក​ពេញ​ចិត្តនឹង​បន្ដដំណើរ និង​ការ​ផ្សងព្រេង​របស់លោក​ជាមួយ​ក្លិប Chelsea​។ លោក​ចង់​វិលត្រឡប់​មកលេង​វិញ​ខ្លាំងណាស់ ហើយ​លោក​ពេញ​ចិត្តនឹង​ការលេង​បាល់ទាត់​ជាមួយ​មិត្ត​រួម​ក្រុម​របស់លោក។

គួរ​ឲ្យ​ដឹងថា អតីត​ខ្សែប្រយុទ្ធ​នៅ​ក្លិប Arsenal​ម្នាក់នេះ ស្ទើរតែ​ចាកចេញ​ពី​ក្លិប Chelsea​ទៅហើយ​កាលពី​ខែមករា​កន្លងទៅ ដើម្បី​ពង្រឹង​ឱកាស​លេង​របស់គាត់​នៅ Euro 2020​ជាមួយ​ក្រុម​ជម្រើសជាតិ​បារាំង ក្រោយ​ពេលដែល​គាត់​ឈរ​នៅ​ពីក្រោយ Tammy Abraham ក្នុង​ជម្រើស​ខ្សែប្រយុទ្ធ​ដំបូង​របស់លោក Lampard ។

ទោះបីជា​យ៉ាងណាក៏ដោយ កីឡាករ Giroud​បានចាប់ផ្តើម​លេង​នៅ​៣​ប្រកួត Premier League​ចុងក្រោយ​របស់​ក្រុម Chelsea និង​រកបាន​គ្រាប់​បាល់ អំឡុង​ជ័យជំនះ​ដ៏​ចាំបាច់ ២-១​លើ​ក្រុម Spurs​កាលពី​ខែកុម្ភៈ​កន្លងទៅ៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114