កីឡាករ Henderson យល់ឃើញថា​មាន​សុវត្ថិភាព​ពេល​វិល​ត្រឡប់មក​ហ្វឹកហាត់​ជាមួយ​ក្រុម Liverpool

ប្រធាន​ក្រុម​ហង្ស​ក្រហម Liverpool កីឡាករ Jordan Henderson បាន​និយាយ​យ៉ាង​ទ​ទួ​ច​ថា លោក​យល់ឃើញថា មាន​សុវត្ថិ​ភាពខ្លាំង ចាប់តាំងពី​ក្លិប​របស់គាត់​វិល​ត្រឡប់មក​ហ្វឹកហាត់​វិញ​ក្នុង​សប្តាហ៍​នេះ ស្របពេល​មាន​វិបត្តិ​ជំងឺ COVID-19​។

ក្រុម​របស់លោក Jurgen Klopp បានចាប់ផ្តើម​ហ្វឹកហាត់​ជាមួយនឹង​វិធានការ​ដាក់​គំលាត​សុវត្ថិភាព កាលពី​ថ្ងៃ​ពុធ ស្រប​ពេលដែល​ក្របខណ្ឌ Premier League​បង្កើន​ការប៉ុនប៉ង​របស់ខ្លួន​ក្នុងការ​ចាប់ផ្តើម​រដូវ​កាល​បាល់ទាត់​ឡើងវិញ​នៅក្នុង​ខែមិថុនា ខាងមុខ ។

ថ្វិ​ត្បិតតែ​ក្រុម​កីឡាករ​និង​បុគ្គលិក​ទាំងអស់​នៅ​ក្លិប​កំពូល​អង់គ្លេស បានធ្វើ​តេស្ត​រក​ជំងឺ COVID-19 ក៏ដោយ ក៏​ខ្សែបម្រើ N’Golo Kante របស់​ក្លិប Chelsea និង​ខ្សែប្រយុទ្ធ Troy Deeney របស់​ក្លិប Watford​បាន​ជំទាស់​ដាច់​ណាត់​ចំពោះ​ការវិល​ត្រឡប់មក​ហ្វឹកហាត់​វិញ ដោយសារតែ​ក្តីកង្វល់​ថា ពួកគេ​គ្មាន​សុវត្ថិភាព នោះទេ​។

​ទោះបីជា​យ៉ាងណាក៏ដោយ កីឡាករ Henderson ដែលជា​ខ្សែបម្រើ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស ប្រាកដ​ក្នុង​ចិត្ត​ថា​អ្វីៗ​ដែល​បានធ្វើ គឺ​ដើម្បី​ធានាបាន​ថា​ក្រុម​កីឡាករ​មាន​សុវត្ថិភាព នៅលើ​ទីលាន​ហ្វឹកហាត់ Melwood របស់​ក្លិប Liverpool ។​

​កីឡាករ Henderson បាន​និយាយប្រាប់​ទូរទស្សន៍ Sky Sports​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​មាន​អារម្មណ៍​ទុកចិត្ត​ចំពោះ​វិធានការ​ទាំងអស់​ដែល​ក្របខណ្ឌ Premier League និង​ក្លិប​បានដាក់​ជូន ជាមួយនឹង​មិត្ត​រួម​ក្រុម​របស់លោក​។​

លោក​បាន​បន្តថា ការធ្វើ​តេស្ត ការ​វ៉ាស់​កម្តៅ ការដាក់​គំលាត​សុវត្ថិភាព និង​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ មានការ​ប្រុង​ប្រ​យ័​ត្ន​ខ្ពស់បំផុត ចាប់តាំងពី​វិលត្រឡប់​មក​ហ្វឹកហាត់​វិញ​។ ពួកគេ​បានធ្វើ​អ្វី​គ្រប់បែបយ៉ាង ដើម្បី​ធានា​ឲ្យ​បាន​សុវត្ថិភាព​របស់​ពួកយើង៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114