BREAKING NEWS
Search

កីឡាការិនី Petra Kvitova ស៊ូ​ឲ្យ​លុបចោល​ព្រឹ​ត្តិ​ការណ៍ Grand Slams បើ​លេង​ដោយ​គ្មាន​ក្រុម​អ្នកគាំទ្រ

កីឡាការិនី Petra Kvitova ដែលជា​ម្ចាស់​ជើងឯក Wimbledon ២​សម័យកាល បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា នាង​ស៊ូ​ឲ្យ​មានការ​លុបចោល​ព្រឹ​ត្ត​ការណ៍ Grand Slam បើសិនជា​លេង​ការប្រកួត​មួយ​នេះ​នៅក្នុង​កីឡដ្ឋាន​បិទទ្វារ​ដោយ​គ្មាន​អ្នកគាំទ្រ​នោះ ស្របពេល​មាន​ការរីក​រាលដាល​ឆ្លង​សកល​នៃ​ជំងឺ COVID-19 ។

ថ្លែង​នៅ​រយៈពេល​១​ថ្ងៃមុន​ការវិលត្រឡប់​មកកាន់​ទីលាន​ប្រកួត​របស់​នាង​វិញ កីឡាការិនី​ឆេ​កវ័យ​៣០​ឆ្នាំ​ម្នាក់នេះ បានបញ្ជាក់​ឡើងវិញ​នូវ​គំនិត​របស់​កីឡាករ Roger Federer ដែល​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា លោក​ប្រឆាំងនឹង​ទស្សនៈ​លើកឡើងថា ការលេង​ដោយ​គ្មាន​ទស្សនិកជន​នៅ Roland Garros ឬ Flushing Meadows ។

កីឡាការិនី Kvitova បាន​និយាយថា នាង​កាន់​តែមាន​អាយុ​ច្រើន ហើយ​ការ​ពិតណាស់​ថា នាង​ចង់​លេង​ព្រឹ​ត្តិ​ការណ៍ Grand Slam​មួយ​ប្រកួត​ទៀត ប៉ុន្តែ​បើសិនជា​លេង​បែបនេះ​ដោយ​គ្មាន​ក្រុម​អ្នកគាំទ្រ នាង​ស៊ូ​ឲ្យ​មានការ​លុបចោល​ព្រឹ​ត្តិ​ការណ៍​មួយ​នេះ​វិញ ល្អប្រសើរ​ជាង ។​

​នាង​បាន​បន្តទៀតថា ការលេង​ព្រឹ​ត្តិ​ការណ៍ Grand Slam​គឺជា​រឿង​អស្ចារ្យ​បំផុត ហើយ​កាលដែល​លេង​ដោយ​គ្មាន​ក្រុម​អ្នកគាំទ្រ វា​គឺជា​រឿង​ដែល​មិនល្អ​ទាល់តែសោះ ហើយ​ការប្រកួត Grand Slam​ក៏​មិន​ស័ក្តិសម​ទទួលបាន​លទ្ធផល​បែបនេះ​ដែរ ។​

​គួរ​ឲ្យ​ដឹងថា ព្រឹ​ត្តិ​ការណ៍​ប្រកួត French Open​បាន​លើក​ពេល​ទៅកាន់​ខែកញ្ញា​ជំនួស​វិញ ក្នុងនោះ ព្រឹត្តិ​ការណ៍ Wimbledon​ត្រូវបាន​លុបចោល​តែម្តង ហើយ​ការប្រកួត WTA​នឹងមិន​ចាប់ផ្តើម​ការប្រកួត​របស់​ខ្លួន​នោះទេ រហូតដល់​ថ្ងៃទី​២០ ខែកក្កដា​ខាងមុខ ដោយសារតែ​ការរីក​រាលដាល​ឆ្លង​សកល​នៃ​ជំងឺ COVID-19 ។

ការប្រកួត​ក្នុង​សប្តាហ៍​នេះ​នៅ​ទីក្រុង Prague មាននូវ​ការចូលរួម​របស់​ក្រុម​កីឡាករ​៨​នាក់ និង​ក្រុម​កីឡាការិនី​៨​នាក់ ប៉ុន្តែ​គ្មាន​ទស្សនិកជន ឬ​ការ​ចាប់ដៃគ្នា​នោះទេ ។ មាននូវ​អាជ្ញាកណ្តាល និង​ក្រុមការងារ​រើស​កូន​បាល់​នៅក្នុង​ការប្រកួត​មួយ​នេះ ប៉ុន្តែ​គ្មាន​ការដាក់​ឲ្យ​ប្រើប្រាស់​កន្សែង​ជូត​ដៃ​នៅលើ​ទីលាន​ប្រកួត​នោះទេ៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114