ព័ត៍មានទាន់​ហេតុការណ៏
Search

កូនស្រី​លោក កឹម សុខា ថា សម រង្ស៊ី គ្មាន​ផែនការ​ច្បាស់លាស់ ដើម្បី​វិលត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​នោះ​ទេ

ភ្នំពេញ​ ៖ ​កូនស្រី​ច្បង​របស់​លោក​កឹម សុខា គឺ​កញ្ញា កឹម មនោ​វិទ្យា អតីត​អគ្គនាយករង​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាងថា ទណ្ឌិត សម រង្ស៊ី ​​គ្មាន​ផែនការ​ពិតប្រាកដ​ណាមួយ ដើម្បី​វិលត្រឡប់​ចូលមក​ប្រទេស​កម្ពុជា​នោះទេ ហើយ​សកម្មភាព​កន្លង​មក វា​គ្រាន់តែ​ជាការ​ទាក់ទាញ​ចំណាប់អារម្មណ៍​តែប៉ុណ្ណោះ។

យោងតាម​ការចុះផ្សាយរ​បស់ វី​អូ​ឌី​នៅ​ថ្ងៃទី​២៣ ខែតុលា បាន​ដកស្រង់​សំដី​កញ្ញា កឹម មនោ​វិទ្យា​ថា “​គ្មាន​ផែនការ​ពិតប្រាកដ​សម្រាប់​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ណា​ម្នាក់ ដើម្បី​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា នោះទេ​។ វា​គ្រាន់តែ​ជាការ​ទាក់ទាញ​ចំណាប់អារម្មណ៍​ថ្មី​មួយទៀត​ពី​អ្នក​ដែល​មិនបាន​ធ្វើ​អ្វី​សោះ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លងទៅ ក្រៅតែពី​បង្កើត​រឿង​ទាក់ទាញ​ចំណាប់អារម្មណ៍ ដើម្បី​ព័ត៌មាន​ចុះផ្សាយ​។ ពួកគេ​ចាត់ទុក​បណ្តាញ​ព័ត៌មាន និង​អ្នកគាំទ្រ​របស់ខ្លួន​ជា​មនុស្ស​ល្ងីល្ងើ​ម្តង​ហើយ​ម្តងទៀត​”​។​

​កញ្ញា កឹម មនោ​វិទ្យា បាន​បន្តទៀតថា “​ឆាកជីវិត​នយោបាយរ​ប​ស់លោក សម រង្ស៊ី ជា​សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ដែល​កំពុង​និរទេស​ខ្លួន​នោះ គឺ​ចប់​អស់ហើយ ដោយសារតែ​លោក​ខ្វះ​ការប្តេជ្ញាចិត្ត​។ ធ្វើការ​សម្រេចចិត្ត​ភ្លាមៗ​បែប​អត្តនោម័ត ហើយ​សំខាន់​ជាងនេះទៅទៀត​គឺ​ខ្វះ​ទស្សនៈវិស័យ​បែប​យុទ្ធសាស្ត្រ​”​។​

កូនស្រី​របស់លោក កឹម សុខា រូបនេះ លើកឡើង​ទៀតថា “​ទាំងនេះ​បាន​ជួយ​ឲ្យ​លោក ហ៊ុន សែន បញ្ចប់​ឆាកជីវិត​ន​យោបាយ​របស់លោក សម រង្ស៊ី រួចទៅហើយ ក៏ដូចជា​បាន​ជួយ​ឲ្យ​លោក ហ៊ុន សែន កាន់អំណាច​បន្តទៀត​”​។ ការប្រកាស​អំពី​ការសន្យា​វិលត្រឡប់​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មានន័យថា លោក​សម រង្ស៊ី គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ជា​អ្នក​សង្គ្រោះ​ប្រទេស​កម្ពុជា​។ ការពិត​គឺថា បើកាលណា​មាន​គេ​ជជែក​ពី​បញ្ហា​នេះ នោះ​វា​គឺជា​ជោគជ័យ​របស់គាត់ ហើយ​វា​គឺជា​លទ្ធផល​ដែល​គាត់​ចង់បាន​។ ដូច្នេះ​រាល់ពេល​ដែល​លោក​ជន្ល​ដាក់​បណ្តាញ​ព័ត៌មាន និង​អ្នកគាំទ្រ​របស់គាត់​ជាមួយនឹង​ការវិលត្រឡប់​របស់គាត់​នោះ គោលដៅ​របស់គាត់ គឺ​ចង់​ឲ្យ​គ្រប់គ្នា​ជជែក​អំពី​រឿងនេះ ដើម្បី​ឲ្យ​គេ​ភ្ជាប់​លោក​ចូលក្នុង​រឿង​នោះ​។ គួរ​ឲ្យ​ស្តាយ ការទាក់ទាញ​ចំណាប់អារម្មណ៍​នេះ បាន​នាំមក​នូវ​ការចាប់ខ្លួន និង​ការវាយប្រហារ​។ ថ្នាក់ដឹកនាំ​ដែល​លេងល្បែង​ដ៏​គ្រោះថ្នាក់​នេះ ដើម្បី​ទទួលបាន​ការចាប់អារម្មណ៍ នឹងមិន​ទទួលរង​ផលវិបាក​នោះទេ ប៉ុន្តែ​អ្នកគាំទ្រ​សង្គ្រោះ​ជាតិ​ក្រីក្រ​នៅ​តាម​មូលដ្ឋាន​ទៅវិញ​ទេ​ដែល​រង​ផលវិបាក”។

កូនស្រី​លោក កឹម សុខា បាន​បន្ត​ទៀត​ថា “​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ដោះលែង​លោក កឹម សុខា គឺ​សំខាន់​ណាស់។ ដូច្នេះ​វា​អាស្រ័យ​លើ​រដ្ឋាភិបាល ក្នុង​ការ​សម្រេច​ចិត្តថា តើ​ត្រូវ​ឆ្លើយតប​នឹង​អនុសាសន៍​របស់​សហភាព​អឺរ៉ុប​ឬ​យ៉ាងណា​?”៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114