កើតរើមត្រូវទៅពេទ្យ កុំទៅរកគ្រូស្ដោះផ្លុំ វ៉ៃ ប្រយ័ត្នលើសដើម

រើម​ជា​ជំងឺ​សើស្បែក​មួយ​ដែល​គ្នា​យើង​មួយចំនួន​​​ធ្លាប់​កើត។ តែ​ទាស់​ត្រង់​ថា​អ្នក​ខ្លះ​ទៅ​រក​ពេទ្យ​​ឲ្យ​ព្យាបាល និង​អ្នក​ខ្លះ​ទៀត​នៅ​ធ្វើ​តាម​បែប​បុរាណ​ទៅ​រក​គ្រូ​ស្ដោះ ផ្លុំ ឬ​វ៉ៃ​ឲ្យ​ឆាប់​ចេញ​អស់។ ទង្វើ​បែប​នេះ​ត្រូវ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ​ថា អាច​ឈឺ​លើស​​ដើម​ទៅ​វិញ។

លោកបានបញ្ជាក់​ទៀត​ថា ជំងឺ​រើមបង្កឡើង​ដោយវីរុស Varicella-zoster ​ដូច​គ្នា​ទៅ​នឹង​​ជំងឺ​អុតស្វាយដែរ តែ​បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់​ទៅវានៅក្នុងអម្បូរតែមួយ។ អ្នកកើត​ជំងឺ​នេះ​​សុទ្ធ​សឹង​តែ​ជា​អ្នក​ដែល​​ធ្លាប់​កើត​មាន​ជំងឺ​អុត​ស្វាយ​ ព្រោះ​វា​បង្ក​​ឡើង​​​​​​​​​​ដោយ​វី​​រុស​ដូច​គ្នា​។

មេរោគក្រោយ​ពេល​ចូល​ទៅ​សំងំ​ក្នុង​ប្រព័ន្ធ​ប្រសាទ​ហើយ វា​រង់ចាំ​ឱកាស​លេចឡើង​នៅ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​រាងកាយ​ចុះ​ខ្សោយ ដូចជា​ញ៉ាំ​អាហារ​មិន​ទៀងទាត់ ស្រ្តេស រាងកាយ​មិន​បាន​ងូត​ទឹក​សម្អាត ជាពិសេស​អ្នក​កើត​ជំងឺ​អេដស៍​ឧស្សាហ៍​ចេញ​ខ្លាំង​ណាស់។

ផល​វិបាក​នៃ​ជំងឺ​រើម គឺ​ឈឺ ក្តៅ មានលេចចេញពងទឹកតូចៗ ធ្វើឲ្យ​ស្បែក​ខូច​ដោយ​បន្សល់​ស្លាកស្នាម។ លោក​បន្ត​ទៀត​ថា នៅ​ពេល​ដែល​ប្រព័ន្ធ​ការពារ​រាងកាយ​យើង​ខ្លាំង​វា​នឹង​បាត់​ដោយ​ខ្លួនឯង តែ​សម្រាប់​អ្នក​ខ្លះ​ទៀត​អាច​នឹង​ប្រើ​ពេល​ព្យាបាល​យូរ ហើយ​អ្នក​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្លាំង​ងាក​ទៅ​រក​គ្រូ​ខ្មែរ ដូចនេះ​ពេល​ស្ដោះ ផ្លុំ ឬ​វ៉ៃ​នោះ​មិន​បាន​ជួយ​អ្វី​ឡើយ។

​សម្រាប់​អ្នក​ជំងឺ​មួយ​ចំនួន​ដែល​គ្មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្លាំង​ត្រូវ​ការ​ព្យាបាល​រយៈ​ពេល​យូរ តែ​ក្រោយ​លេប ឬ​លាប​ថ្នាំ ៣-៤ ថ្ងៃ​មិន​ទាន់​ធូរ ក៏​ងាក​ទៅ​រក​គ្រូ​ខ្មែរ។ អ្នក​ដែល​និយម​ឲ្យ​គ្រូ​ខ្មែរ​វ៉ៃ ទះ​ឲ្យ​ចេញ​អស់ រឹតតែ​មាន​បញ្ហា​ស្បែក​ថែម​ទៀត ព្រោះ​បើ​ទះ​តប់​​ខ្លាំង​ពេក ស្បែក​កាន់តែ​កកិត ឬ​ដាច់​រលាត់ ធ្វើឲ្យ​មេរោគ​ដទៃ​ទៀត​ជ្រាប​ចូល។

ដូចនេះ​ពេល​កើត​រើម​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ព្យាបាល​ដោយ​ថ្នាំ​លេប ឬ​លាប ហើយ​យើង​ត្រូវ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ជីវជាតិ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​រឹងមាំ​ទើប​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគ​នោះ។ មួយ​វិញ​ទៀត ត្រូវ​ប្រកាន់​ខ្ជាប់​អនាម័យ​ខ្លួនប្រាណ ដោយ​ងូត​ទឹក​ដុស​សាប៊ូ កម្ចាត់​ញើស បាក់តេរី​ដែល​ជាប់ ​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​ឲ្យ​បាន​ញឹកញាប់ និងកុំឲ្យមានការកកិតកន្លែងកើតរើម៕

 

អត្ថបទផ្ដល់សិទ្ធដោយ៖ Hello Krupet